ប្រើល្បិចធ្វើជាផ្ញើអីវ៉ាន់តាមក្រុមហ៊ុនដឹកជញ្ជូនទៅខេត្ត លុះបុគ្គលិកសង្ស័យបើកមើលផ្អើល
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ជនសង្ស័យ២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចផ្នែកប្រឆាំងគ្រឿងញៀ.ន នៃអធិការរដ្ឋាននគរបាលខណ្ឌច្បារអំពៅ សហការជាមួយនគរបាលការិយាល័យប្រឆាំងគ្រឿងញៀ.នរាជធានីភ្នំពេញ បានបើកការស្រាវជ្រាវរហូតធ្វើការឃាត់ខ្លួនបាន បន្ទាប់ពីជនទាំង២នាក់បានជួញដូរថ្នាំញៀ.នយ៉ាងសកម្មពីភ្នំពេញទៅតាមបណ្តាខេត្តនានា ដោយប្រើល្បិចធ្វើជាផ្ញើអ៊ីវ៉ាន់តាមរយះក្រុមហ៊ុន ដឹកជញ្ចូនមួយ ជាបន្តបន្ទាប់កន្លងមក ។

តាមប្រភពព័ត៌មានពីបុគ្គលិកក្រុមហ៊ុនដឹកជញ្ចូនខាងលើ បានប្រាប់អោយដឹងថា នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ ស្ត្រីជាជនសង្ស័យបានយកអីវ៉ាន់មួយកញ្ចប់ដោយមានរុំថង់ខ្មៅ ទៅអោយក្រុមហ៊ុនផ្ញើទៅកាន់ស្រុកចំការលើ ខេត្តកំពង់ចាម ។ លុះដល់ថ្ងៃទី១៧ ខែឆ្នាំដដែល ដោយមិនមានអ្នកទទួលនៅខេត្តកំពង់ចាម ភ្នាក់ងារក៏បញ្ចូនអីវ៉ាន់ត្រឡប់មកភ្នំពេញវិញ ហើយនៅពេលផ្ញើរត្រឡប់មកវិញនោះ ដោយបុគ្គលិកហាក់មានការសង្ស័យ ក៏បានបើកមើលបន្តិច ទើបដឹងថា ក្នុងថង់នោះ មានគ្រឿងញៀ.នតែម្តង ទើបរាយការណ៍ជូនសមត្ថកិច្ចដើម្បីចុះអន្តរាគមន៍ ។

តាមប្រភពព័ត៌មានពីមន្ត្រីសមត្ថកិច្ច បានបញ្ជាក់អោយដឹងថា ៖ តាមចម្លើយឆ្លើយសារភាពរបស់ជនសង្ស័យបានប្រាប់ថា ពួកគេតែងផ្ញើគ្រឿងញៀ.នជាច្រើនជាបន្តបន្ទាប់ទៅតាមបណ្តាខេត្តមួយចំនួនធំ ដោយពួកគេចាំពុំអស់នោះឡើយ ។ បន្ទាប់ពីដឹងថា មានការផ្ញើហើយនោះ សមត្ថកិច្ចបានស្នើរអោយក្រុមហ៊ុនជួយពិនិត្យមើលថា តើអីវ៉ាន់ដែលក្រុមជនសង្ស័យបានផ្ញើនោះ មានអ្នកទទួល ហើយឬនៅ ? ក្រោយពិនិត្យមើលរួច ឃើញថា អីវ៉ាន់មួយចំនួននៅពុំទាន់មានអ្នកទទួល ក៏អោយភ្នាក់ងារក្រុមហ៊ុនជួយផ្ញើត្រឡប់មកវិញ ហើយសមត្ថកិច្ចឆែកពិនិត្យមើលទៅ គឺឃើញសុទ្ធតែគ្រឿងញៀ.នតែម្តង ។

បន្ទាប់ពីទទួលបានព័ត៌មានខាងលើភ្លាម កម្លាំងនគរបាលប្រឆាំងគ្រឿង ញៀ.ន ខណ្ឌច្បារអំពៅ បានចុះទៅដល់ទីតាំងក្រុមហ៊ុន នឹងបានបើកការស្រាវជ្រាវតាំងពីថ្ងៃទទួលបានព័ត៌មាន រហូតឈានដល់ការកំណត់បានពីទីតាំងលាក់ខ្លួនរបស់ជនសង្ស័យ ក៏ឈានទៅធ្វើការឃាត់ខ្លួនជនសង្ស័យដែលពាក់ព័ន្ធទាំង២នាក់ បាននៅចំណុចផ្ទះលេខ 2F ផ្លូវលេខ192 ក្នុងភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ដោយដកហូតថ្នាំញៀ.នមួយចំនួន ផងដែរ ។

ជនសង្ស័យទាំង២នាក់ខាងលើ ក្នុងនោះម្នាក់ឈ្មោះគួង កន្និថា ភេទស្រី អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងម្នាក់ទៀតឈ្មោះ ហួរ លាងហាក់ ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅ ភូមិក្រោលគោ សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ ។

ក្នុងការបង្ក្រាបខាងលើនេះ សមត្ថកិច្ចបាន ដកហូតថ្នាំញៀ.នជាង២គីឡូក្រាម រួមទាំងដកហូតបានរថយន្តឡិច ស៊ិស៤៧០ មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2L-5587 ។
បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនទៅកាន់ សាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីច្បាប់ ៕




ចែករំលែកព័តមាននេះ