ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ចិញ្ចឹម​ក្រពើ​4​ខេត្ត​កំពុង​ដង្ហោយ​សុំ​ឱ្យ​រាជរដ្ឋាភិបាល​ជួយ​រក​ទីផ្សារ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ទីផ្សារ​ក្រពើ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​បាន​ធ្លាក់​ថ្លៃ​យ៉ាង​ខ្លាំង ធ្វើ​ឲ្យ​ម្ចាស់​កសិដ្ឋាន​ទាំង​តូច​ទាំង​ធំ​បោះបង់​មុខរបរ​នេះ​ចោល​មួយ​ចំនួន ខណៈ​មួយ​ចំនួន​ទៀត​កំពុង​ដេក​ព្រួយបារម្ភ​រាល់ថ្ងៃ​អំពី​ទីផ្សារ

រាជធានី​ភ្នំពេញ ៖ ទីផ្សារ​ក្រពើ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​បាន​ធ្លាក់​ថ្លៃ​យ៉ាង​ខ្លាំង ធ្វើ​ឲ្យ​ម្ចាស់​កសិដ្ឋាន​ទាំង​តូច​ទាំង​ធំ​បោះបង់​មុខរបរ​នេះ​ចោល​មួយ​ចំនួន ខណៈ​មួយ​ចំនួន​ទៀត​កំពុង​ដេក​ព្រួយបារម្ភ​រាល់ថ្ងៃ​អំពី​ទីផ្សារ​ធ្លាក់​ងើប​មិន​រួច​មួយ​នេះ ហើយ​បាន​ដង្ហោយ​សុំ​ឲ្យ​រាជរដ្ឋាភិបាល​ជួយ​រក​ទីផ្សារ ដែល​ភាគច្រើន​នៃ​អ្នក​ចិញ្ចឹម​ក្រពើ​ទាំងនោះ​នៅ​ខេត្តកំពង់ធំ​, សៀមរាប​, បាត់ដំបង និង​ពោធិ៍សាត់ ។ ចំណែក​ខេត្ត​មួយ​ចំនួន​ទៀត​បាន​បោះបង់​របរ​នេះ​ស្ទើរ​អស់​ទៅ​ហើយ ដោយ​ភូមិ​ខ្លះ​ឃើញ​មាន​ចិញ្ចឹម​ដាក់​ច្រវាក់​តែ​១​ក្បាល ឬ​២​ក្បាល​នៅ​ក្នុងផ្ទះ​ដូច​ចិញ្ចឹម​ជ្រូក​ប៉ុណ្ណោះ ។

កសិដ្ឋាន​ចិញ្ចឹម​ក្រពើ​នៅ​ខេត្តបាត់ដំបង
បើ​តាម​ម្ចាស់​កសិដ្ឋាន​ចិញ្ចឹមសត្វ​ក្រពើ​មួយ​កន្លែង​នៅ​ភូមិ​ដាំ​ស្ពៃ សង្កាត់​ស្លា​កែ​ត ក្រុង​បាត់ដំបង លោក ហេង ឆេ​ង បាន​និយាយ​ថា ទីផ្សារ​សត្វ​ក្រពើ​ហាក់​ដាំ​ក្បាល​ចុះ​យ៉ាង​ខ្លាំង ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ។ លោក​ថា ៖ « ម្សិលមិញ (​ថ្ងៃ​ទី​១១ មិថុនា ២០១៧) ខ្ញុំ​លក់​កូន​ក្រពើ​១​ក្បាល​បាន​ត្រឹមតែ​១២​ដុល្លារ​ប៉ុណ្ណោះ ។ តម្លៃ​ធ្លាក់​ចុះ​រហូត មិន​ដូច​ប៉ុន្មាន​ឆ្នាំ​មុន​សោះ » ។

ថៅកែ​កសិដ្ឋាន​ក្រពើ​រូប​នេះ​ឲ្យ​ដឹង​ទៀត​ថា កាលពី​៣​ឆ្នាំ​មុន តម្លៃ​កូន​ក្រពើ​ឡើង​ខ្ពស់​ដល់​ជាង​៤០​ដុល្លារ​ក្នុង​១​ក្បាល តែ​ក្រោយមក​តម្លៃ​បាន​ធ្លាក់​ចុះ​ជា​បន្តបន្ទាប់​រហូត​ដល់​ពេល​នេះ សល់​តែ​១២​ដុល្លារ​ក្នុង​១​ក្បាល ។

លោក ហេង ឆេ​ង និយាយ​ថា សព្វ​ថ្ងៃនេះ តម្លៃ​កូន​ក្រពើ​មិន​ទៀងទាត់​ទេ ពេល​ខ្លះ​ឈ្មួញ​ហ៊ាន​ទិញ​ក្នុង​តម្លៃ​ពី​១៥​ទៅ​១៦​ដុល្លារ​ក្នុង​១​ក្បាល តែ​ពេល​ខ្លះ​ធ្លាក់​មក​នៅ​ត្រឹម​១២​ដុល្លារ ប៉ុណ្ណោះ ។ ម្ចាស់​កសិដ្ឋាន​ដែល​ចិញ្ចឹម​ក្រពើ​ជាង​១​ពាន់​ក្បាល និង​មាន​ប្រវត្តិ​ចិញ្ចឹម​ជាង​៣០​ឆ្នាំ​រូប​នេះ​បញ្ជាក់​ថា ៖ « ពិតមែនតែ​ទីផ្សារ​កូន​ក្រពើ​ធ្លាក់​ចុះ តែ​ឈ្មួញកណ្ដាល​ចូល​មក​ពពាក់ពពូន​គ្នា​ចាំ​ទទួល​ទិញ ។

លោក​ថា គ្រាន់តែ​កូន​ក្រពើ​ញាស់​ភ្លាម មាន​ម៉ូយ​រង់ចាំ​ទិញ​ជា​ស្រេច មិន​ចេះ​សល់​ទេ » ។ ប៉ុន្តែ​លោក​ក៏​បាន​ប្រាប់​ដែរ​ថា ដោយសារ​តែ​តម្លៃ​ទីផ្សារ​ក្រពើ​ធ្លាក់​ចុះ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ងើប​មិន​រួច ធ្វើ​ឲ្យ​អ្នក​ចិញ្ចឹម​ក្រពើ​ខ្នាត​តូច​មួយ​ចំនួន​បោះបង់​មុខរបរ​នេះ ព្រោះ​គ្មាន​ទុន​សម្រាប់​ទប់ទល់​នឹង​ការ​ឲ្យ​ចំណី ។

អ្នក​ចិញ្ចឹម​ក្រពើ​មួយ​រូប​ទៀត លោក អុ​ឹ​ម អង្សា បាន​និយាយ​ថា នៅ​ខេត្តបាត់ដំបង​នេះ មាន​អ្នក​ចិញ្ចឹម​ក្រពើ​ច្រើន​កន្លែង តែ​ដោយសារ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ទីផ្សារ​កូន​ក្រពើ​ធ្លាក់​ចុះ ទើប​ធ្វើ​ឲ្យ​អ្នក​ចិញ្ចឹម​ក្រពើ​តូចតាច​មួយ​ចំនួន​ត្រូវ​បង្ខំចិត្ត​បោះបង់ ។ លោក​បន្ត​ថា បច្ចុប្បន្ន មាន​តែ​អ្នក​ចិញ្ចឹម​ជា​កសិដ្ឋាន​ធំ​ៗ​ទេ ដែល​ចិញ្ចឹម​ចាប់ពី​១០០​ក្បាល​ឡើង​ទៅ រីឯ​អ្នក​ចិញ្ចឹម​ជា​លក្ខណៈ​គ្រួសារ ក្រោម​១០០​ក្បាល បាន​បង្ខំចិត្ត​លក់​ចេញ​អស់ហើយ ដោយសារ​មិន​អាច​ធានា​នឹង​ចំណី​បាន ព្រោះ​កូន​ក្រពើ​គ្មាន​ទីផ្សារ រីឯ​ចំណី​ក្រពើ​មាន​តម្លៃ​ខ្ពស់ ហើយ​ពិបាក​រក​ទិញ​ទៀត ។

សម្រាប់​ការ​នាំ​ចេញ​កូន​ក្រពើ​របស់​ឈ្មួញកណ្ដាល បើ​តាម​ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​ក្រពើ​នានា​និយាយ​ថា ពិតមែនតែ​គ្មាន​ទីផ្សារ តែ​មាន​ឈ្មួញ​ជា​ច្រើន​បាន​ចូល​មក​ទិញ​នៅ​ខេត្តបាត់ដំបង​នេះ​។ ប្រភព​ដដែល​បញ្ជាក់​ថា ទីផ្សារ​នាំ​ចេញ​កូន​ក្រពើ​បច្ចុប្បន្ន ត្រូវ​គេ​ដឹង​ថា ស្ទើរ​៩០% ឈ្មួញ​នាំ​ចេញ​ទៅ​កាន់​ប្រទេស​វៀតណាម ហើយ​ឈ្មួញ​វៀតណាម​ក៏​បាន​នាំ​ចេញ​បន្ត​ទៅ​កាន់​ប្រទេស​ដទៃ​ទៀត ។ យ៉ាងណា​ក៏​ដោយ មិន​មាន​ថៅកែ​ក្រពើ​ណា​ម្នាក់​បានដឹង​អំពី​មូលហេតុ​នៃ​ការ​ធ្លាក់​ថ្លៃ​នេះ​ទេ ។

អ្នក​ចិញ្ចឹម​ភាគច្រើន​កំពុង​ព្រួយបារម្ភ​អំពី​ការ​ធ្លាក់​ចុះ​នៃ​តម្លៃ​កូន​ក្រពើ​នេះ ។ ពួក​គេ​បាន​លើក​ឡើង​ដូច្នេះ​ថា បើ​ទីផ្សារ​សត្វ​ក្រពើ​នៅ​តែ​អាក្រក់ មិន​អាច​ល្អ​ប្រសើរ​ឡើង​វិញ​ខ្លះ​ទេ អ្នក​ចិញ្ចឹម​មួយ​ចំនួន​អាច​នឹង​បង្ខំចិត្ត​បោះបង់​មុខរបរ​នេះ​ជា​មិន​ខាន ព្រោះ​គ្មាន​ទុន​សម្រាប់ផ្ដ​ត់​ផ្គង់​ចំណី ។ ម្ចាស់​កសិដ្ឋាន​នីមួយ​ៗ​ត្អូញត្អែរ​ថា ចំណី​ក្រពើ​សព្វថ្ងៃ​ភាគច្រើន​ទិញ​ចូល​ពី​ប្រទេស​ថៃ ដែល​មាន​ត្រី និង​ក្បាល​ត្រី តែ​ក្នុង​តម្លៃ​ខ្ពស់​គួរសម​។ ដូច្នេះ នេះ​ជា​បញ្ហា​ប្រឈម​បំផុត​របស់​អ្នក​ចិញ្ចឹម ។

បើ​តាម​ការ​កត់សម្គាល់ នៅ​ខេត្តបាត់ដំបង  កសិករ​ដែល​និយម​ចិញ្ចឹម​ក្រពើ​ច្រើន​ជាងគេ គឺ​មាននៅ​ក្នុង​ក្រុង​បាត់ដំបង និង​នៅ​ស្រុក​ឯក​ភ្នំ ជា​ពិសេស គឺ​ស្រុក​ឯក​ភ្នំ​នេះ​តែ​ម្ដង ដែល​ភាគច្រើន​គេ​ចិញ្ចឹម​នៅ​តំបន់​ទន្លេសាប ព្រោះ​តំបន់​នោះ​សម្បូរ​កូន​ត្រី​សម្រាប់​យក​ធ្វើ​ចំណី ។ យ៉ាងណា​ក៏​ដោយ មិន​ទាន់​មាន​តួលេខ​ពិតប្រាកដ​ពី​មន្ត្រី​ជំនាញ​នៅឡើយ​ទេ អំពី​ចំនួន​កសិដ្ឋាន​ចិញ្ចឹម​ក្រពើ​នេះ ខណៈ​ដែល​ភ្នាក់ងារ​សារព័ត៌មាន​កោះសន្ដិភាព​បាន​ព្យាយាម​ទាក់ទង​តាម​ទូរស័ព្ទ​ទៅ​ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ដែរ តែ​ពុំ​មាន​អ្នក​ទទួល ហើយ​ថែម​ទាំង​ចុច​ផ្ដាច់​ប្រព័ន្ធ​ទូរស័ព្ទ​ថែម​ទៀត ។

ចំនួន​ក្រពើ​ដែល​មាននៅ​កសិដ្ឋាន​ខេត្តសៀមរាប
ចំណែក​ក្រពើ​ដែល​កំពុង​ចិញ្ចឹម​នៅ​ខេត្តសៀមរាប​វិញ ក៏​មាន​វាសនា​ដូច​គ្នា​ដែរ ។ បើ​តាម​របាយការណ៍​ពី​ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ គិត​ត្រឹម​រយៈពេល​៦​ខែ​ដើមឆ្នាំ​នេះ កសិករ​ចិញ្ចឹម​ក្រពើ​មាន​ចំនួន​២៩២​គ្រួសារ ទាំង​មានច្បាប់ និង​អត់​ច្បាប់ ក្នុង​នោះ​មាន​ក្រពើ​ចំនួន​៣៧​ម៉ឺន​ក្បាល ហើយ​បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ឆ្នាំ​មុន កើនឡើង​៣០% ។ អ្នក​ចិញ្ចឹម​ក្រពើ​ទាំងនោះ​កំពុង​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ដោយសារ​តែ​ទីផ្សារ​ក្រពើ​ធ្លាក់​ថ្លៃ ជាង​ឆ្នាំ​២០១៦​ទៅ​ទៀត ។

តាម​របាយការណ៍​បានឱ្យ​ដឹង​ទៀត​ថា ក្រពើ​ចំនួន​៣៧០.៦៥៦​ក្បាល​ដែល​គេ​ចិញ្ចឹម​នោះ​រួម​មាន ក្រពើ​មេ​ចំនួន​២៤.៨៦៨​ក្បាល​, ឈ្មោល ចំនួន​៩.៦០៩​ក្បាល​, មេ​ជំទង់​ចំនួន​១០.០៤៣​ក្បាល​, ឈ្មោល​ជំទង់​ចំនួន​២.៣០០​ក្បាល និង​កូន​ចំនួន​៣២៣.៨៣៦​ក្បាល ។

ម្ចាស់​កសិដ្ឋាន​និយាយ​ថា តម្លៃ​កូន​ក្រពើ​កាលពី​ឆ្នាំ​២០១៥ ក្នុង​១​ក្បាល​តម្លៃ​១៨​ទៅ​២០​ដុល្លារ ខណៈ​នៅ​ឆ្នាំ​២០១៦ និង​២០១៧​នេះ​ធ្លាក់​មក​នៅ​ត្រឹមតែ​១០​ទៅ​១២​ដុល្លារ ។ ពួក​គាត់​សំណូមពរ​ដល់​រាជរដ្ឋាភិបាល​មេត្តា​ជួយ​រក​ទីផ្សារ​ឱ្យ​ពួក​គាត់​ផង ។

កសិដ្ឋាន​ក្រពើ​នៅ​ខេត្តពោធិ៍សាត់
ពាក់ព័ន្ធ​នឹង​ការ​សំណូមពរ​ជួយ​រក​ទីផ្សារ​ក្រពើ​នេះ​ដែរ អ្នក​ចិញ្ចឹម​ក្រពើ​នៅ​ខេត្តពោធិ៍សាត់​ដែល​នៅ​សេសសល់​តែ​៤​ឬ​៥​កសិដ្ឋាន​នោះ បាន​លើក​ឡើង​ស្រ​ដៀង​គ្នា​ថា ខណៈ​ដែល​នៅ​ទូ​ទាំង​ប្រទេស​កំពុង​រអ៊ូរទាំ​រឿង​ស្រូវ ដំឡូង​មី ម្រេច កៅស៊ូ និង​ជ្រូក​ចុះថ្លៃ​មិន​ទាន់​នឹង​ដោះស្រាយ​ផង ឥឡូវនេះ ទីផ្សារ​ក្រពើ​បាន​ធ្លាក់​ថ្លៃ​ទៀត ។

លោក ជិន លាង​គី ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​ក្រពើ​មួយ​កន្លែង​នៅ​ភូមិ​អូរ​ស្ដៅ សង្កាត់​ផ្ទះ​ព្រៃ ក្រុង​ពោធិ៍សាត់ បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​កោះសន្តិភាព​ថា នៅ​ខេត្តពោធិ៍សាត់​មាន​អ្នក​ចិញ្ចឹម​ក្រពើ​បួន​ប្រាំ​កន្លែង​ប៉ុណ្ណោះ ដែល​ចិញ្ចឹម​ជា​លក្ខណៈ​គ្រួសារ មិន​បើក​ជា​កសិដ្ឋាន​ទ្រង់ទ្រាយ​ធំ​ដូច​លោក​នោះ​ទេ ។ លោក​ថា ៖ « ពី​មុន ខ្ញុំ​បើក​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក ប៉ុន្តែ​ដោយសារ​រាជរដ្ឋាភិបាល​បើក​ឲ្យ​នាំ​ជ្រូក​ចូល​ពី​បរទេស ធ្វើ​ឲ្យ​តម្លៃ​ជ្រូក​ក្នុងស្រុក​ធ្លាក់​ចុះ ទើប​ខ្ញុំ​បោះបង់​ការ​ចិញ្ចឹម​ជ្រូក​ចោល ងាក​មក​ចិញ្ចឹម​ក្រពើ​វិញ ដោយ​កាល​ណោះ ទីផ្សារ​ក្រពើ​លក់​បាន​ថ្លៃ តែ​ឥឡូវនេះ​បែរជា​មាន​វាសនា​ដូច​ទីផ្សារ​ជ្រូក និង​ផលិតផល​កសិកម្ម​ដដែល » ។

លោក ជិន លាង​គី បាន​ចាប់ផ្ដើម​ចិញ្ចឹម​ក្រពើ​ក្នុង​ឆ្នាំ​២០០៧ ដើម្បី​យក​កូន​លក់ ។ ក្នុង​កសិដ្ឋាន​មាន​ក្រពើ​មេ​ចំនួន​២២០​ក្បាល និង​ឈ្មោល​៨០​ក្បាល ។ ក្រោយមក លោក​មានកូន​ក្រពើ​រាប់​ពាន់​ក្បាល​ដែល​ត្រូវ​ទិញ​ចំណី​ក្នុង​១​គីឡូក្រាម​តម្លៃ​១.៥០០​រៀល ដោយ​រយៈពេល​ពី​៧​ទៅ​១០​ថ្ងៃ​ឲ្យ​វា​ស៊ី​ម្ដង ក្នុង​នោះ​ក្រពើ​ធំ​១​ក្បាល​ស៊ី​ម្ដង​៣​គីឡូក្រាម ហើយ​ក្នុង​១​ឆ្នាំ ក្រពើ​ពង​តែ​ម្ដង​ទេ គឺ​ក្នុង​អំឡុង​ខែកុម្ភៈ និង​ខែមីនា ដែល​មេ​ខ្លះ​មួយ​ក្បាល​ពង​បាន​៤០​និង​ខ្លះ​៣០ ប៉ុន្តែ​ពេល​វា​ញាស់ គឺ​មិន​បាន​គ្រប់​ចំនួន​ទាំង​អស់នោះ​ទេ ។

លោក​បន្ដ​ថា ក្រពើ​មេ​ចាប់ផ្ដើម​ពង​ដំបូង​ក្នុង​១​ក្បាល​តម្លៃ​ពី​៥០០​ទៅ​៦០០​ដុល្លារ និង​អាយុ​លើស​ពី​១០​ឆ្នាំ​ឡើង​ទៅ​តម្លៃ​១.២០០​ដុល្លារ ។ ចំណែក​កូន​ក្រពើ​ពី​មុន​១​ក្បាល​តម្លៃ​ពី​២៧​ទៅ​៣០​ដុល្លារ ។ លុះ​នៅ​ឆ្នាំ​២០១៦ ធ្លាក់​មក​នៅ​ត្រឹម​១៧​ដុល្លារ​, ដើមឆ្នាំ​២០១៧ នៅ​សល់​១៥​ដុល្លារ និង​មក​ដល់​ខែមិថុនា​នេះ ធ្លាក់​មក​ដល់​១២​ដុល្លារ​ប៉ុណ្ណោះ ។

លោក​បាន​សំណូមពរ​ដល់​រាជរដ្ឋាភិបាល​ជួយ​រក​ទីផ្សារ ឬ​បង្កើត​ជា​សមាគម​អ្នក​ចិញ្ចឹម​ក្រពើ​ដើម្បី​លក់​បាន​ថ្លៃ​ឡើង​វិញ បើ​មិន​ដូច្នេះ​ទេ ពួក​គាត់​អាច​នឹង​បោះបង់​ការ​ចិញ្ចឹម​ក្រពើ​នេះ​ទៀត​ជា​មិន​ខាន ។

សំឡេង​ថ្ងូរ​អ្នក​ចិញ្ចឹម​ក្រពើ​ខេត្តកំពង់ធំ
ស្រប​ពេល​ដំណាលគ្នា​នេះ​ដែរ អ្នក​ចិញ្ចឹម​ក្រពើ​នៅ​ខេត្តកំពង់ធំ បាន​សំណូមពរ​សុំ​ឲ្យ​រាជរដ្ឋាភិបាល​ជួយ​រក​ទីផ្សារ ខណៈ​សត្វ​ក្រពើ​របស់​ពួក​គាត់​កំពុង​ធ្លាក់​ថ្លៃ​ងើប​មិន​រួច ។ ទីតាំង​ចិញ្ចឹម​ក្រពើ​នៅ​ខេត្ត​នេះ​មាន​ចំនួន​ជាង​៦០​កន្លែង ហើយ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ទីផ្សារ​ក្រពើ​ធ្លាក់​ថ្លៃ​យ៉ាង​គំហុក ធ្វើ​ឲ្យ​ពួក​គាត់​ជួប​បញ្ហា និង​សូម​សំណូមពរ​ដល់​មន្ទីរ ក្រសួង​ពាក់ព័ន្ធ ជា​ពិសេស រាជរដ្ឋាភិបាល​ជួយ​រក​ទីផ្សា​ដល់​ពួក​គាត់ ។

អ្នក​ចិញ្ចឹម​ក្រពើ​ម្នាក់​ឈ្មោះ លឹ​ម តឹ​ច​អ៊ា​វ នៅ​ភូមិ​ស្លា​កែ​ត សង្កាត់​ព្រៃ​តា​ហ៊ូ ក្រុង​ស្ទឹង​សែន បាន​រៀបរាប់​ថា លោក​ចិញ្ចឹម​ក្រពើ​ជាង​២០០​ក្បាល ។ កាលពី​២​ឬ​៣​ឆ្នាំ​មុន កូន​ក្រពើ​ទើបនឹង​ញាស់ ១​ក្បាល​តម្លៃ​ជាង​២០​ដុល្លារ​។ នៅ​ឆ្នាំ​២០១៦ កូន​ក្រពើ​ថ្លៃ​១៧​ដុល្លារ ហើយ​ឆ្នាំ​២០១៧​នេះ​ធ្លាក់​ថ្លៃ​មក​នៅ​១៤​ដុល្លារ ។ ចំណែក​ក្រពើ​ប្រវែង​១,៣​ម៉ែត្រ​ឡើង​ទៅ ឬ​ហៅ​ថា​ក្រពើ​ពេញវ័យ​នោះ ពី​មុន​១​ក្បាល​ថ្លៃ​ចាប់ពី​៧០​ដុល្លារ​ឡើង​ទៅ តែ​ឥឡូវ​នៅ​សល់​តែ​៤៥​ដុល្លារ ហើយ​គ្មាន​អ្នកទិញ​ទៀត ។ យ៉ាងណា​ក៏​ដោយ លោក​ថា ប្រសិនជា​មាន​អ្នកទិញ​ក្នុង​តម្លៃ​នេះ ក៏​មិន​អាច​លក់​បាន​ដែរ ពីព្រោះ​វា​ខាត​ច្រើន​ពេក មិន​គ្រប់​ថ្លៃ​ទិញ​ចំណី​ឲ្យ​ក្រពើ​ស៊ី​នោះ​ទេ ។ លោក​ក៏​បាន​សុំ​ឲ្យ​រាជរដ្ឋាភិបាល និង​ក្រសួង​ពាក់ព័ន្ធ​ជួយ​រក​ទីផ្សារ​ជូន​ពួក​គាត់ និង​សូម​ឲ្យ​ជួយ​អន្តរាគមន៍​ផង​នៅ​ពេល​ក្រពើ​មាន​ជំងឺ ។

លោក ចាន់ ភី អាយុ​៦៥​ឆ្នាំ ជា​អ្នក​ចិញ្ចឹម​ក្រពើ​ជាង​១​ពាន់​ក្បាល​នៅ​ភូមិ​ក្រចាប់ សង្កាត់​អាចារ្យ​លាក់ ក្រុង​ស្ទឹង​សែន ក៏​កំពុង​ព្រួយបារម្ភ​ពី​វាសនា​ទីផ្សារ​ក្រពើ​នេះ​ដែរ ហើយ​បាន​សំណូមពរ​សុំ​ឲ្យ​រាជរដ្ឋាភិបាល​ជួយ​រក​ទីផ្សារ​ដល់​ពួក​គាត់ និង​សំណូមពរ​សុំ​ឲ្យ​អង្គការ​សាយ​តេស ប្រចាំ​ប្រទេស​កម្ពុជា ជួយ​បញ្ចូល​សត្វ​ក្រពើ​ខ្មែរ​ចូល​ទៅ​ក្នុង​ប្រភេទ​ឧ​ប​សម្ព័ន្ធ​ទី​២​វិញ ព្រោះថា ប្រសិនបើ​ចូល​ក្នុង​ឧ​ប​សម្ព័ន្ធ​ទី​១​នោះ គឺជា​ប្រភេទ​សត្វ​កម្រ​ជិត​ផុត​ពូជ​ដែល​នៅ​លើ​ទីផ្សារ​អន្តរជាតិ​មាន​ប្រទេស​ធំ​ៗ​មួយ​ចំនួន​ពួក​គេ​អត់​ទិញ​ទេ ដូច​ជា​នៅ​អា​មេ​រិ​ក​ជាដើម ។

លោក ប៉ែន វ​ណ្ណា​រិ​ទ្ធ នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ធំ បាន​ប្រាប់​កោះសន្តិភាព​នៅ​រសៀល​ថ្ងៃ​ទី​៧ មិថុនា ថា ខេត្តកំពង់ធំ​មាន​ទីតាំង​ចិញ្ចឹម​ក្រពើ​ចំនួន​៦១​កន្លែង ដែល​មាន​ក្រពើ​ធំ​ៗ​សរុប​ចំនួន​១៦.៣០០​ក្បាល និង​ក្រពើ​តូច​ៗ​រាប់​សែន​ក្បាល​ទៀត ហើយ​កំពុង​ភ្ញាស់​ពង​ជា​បន្តបន្ទាប់ ក្នុង​នោះ​នៅ​ក្នុង​ក្រុង​ស្ទឹង​សែន​មាន​ចំនួន​៧​កន្លែង និង​ស្រុក​ស្ទោង​ចំនួន​៥៧​កន្លែង​។ លោក​បន្ដ​ថា កន្លង​មក ខាង​ជលផល​ថ្នាក់​កណ្តាល​ធ្លាប់​បាន​ចុះ​ពន្យល់​ណែនាំ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​អំពី​បច្ចេកទេស​ក្នុង​ការ​ចិញ្ចឹម ការ​ថែទាំ និង​ការ​ធ្វើ​អាងយ៉ាង​ម៉េច​កុំ​ឲ្យ​ប៉ះពាល់​ដល់​ស្បែក​ក្រពើ កាលណា​ក្រពើ​មាន​ដំបៅ នឹង​ធ្វើ​ឲ្យ​ធ្លាក់​តម្លៃ ។ ចំណែក​បញ្ហា​នៅ​ពេល​ដែល​ក្រពើ​មាន​ជំងឺ សូម​បងប្អូន​រាយការណ៍​មក​ខណ្ឌ លោក​នឹង​ចាត់​មន្ត្រី​ឲ្យ​ចុះ​ទៅ​ជួយ​អន្តរាគមន៍​បញ្ហា​នេះ ។

លោក ស៊ុន ហេង ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តកំពង់ធំ ក៏​បាន​ប្រាប់​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ដដែល​នេះ​ថា ចំពោះ​បញ្ហា​បងប្អូន​ប្រជាពលរដ្ឋ​ប្រកប​របរ​ចិញ្ចឹម​ក្រពើ​ជា​លក្ខណៈ​គ្រួសារ​នេះ​ពិតជា​ជួប​ការ​លំបាក ដោយសារ​ពួក​គាត់​មិន​បាន​បង្កើត​ជា​សហគមន៍​សម្រាប់​នាំ​ចេញ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ក្រពើ​គ្មាន​ហាងឆេង​នៅ​លើ​ទីផ្សារ​។ កន្លង​មក មន្ទីរ​ក៏​ធ្លាប់​បាន​ធ្វើ​របាយការណ៍​ជូន​ទៅ​ក្រសួង​អំពី​ផលិតផល​ដើម​កំណើត​ពី​សត្វ ដើម្បី​ឲ្យ​ក្រសួង​ផ្សព្វផ្សាយ​រក​ទីផ្សារ​អន្តរជាតិ​សម្រាប់​កសិផល​ពួក​គាត់​ដែរ ហើយ​លោក​ក៏​បាន​សំណូមពរ​សុំ​ឲ្យ​ម្ចាស់​អាជីវកម្ម​ចិញ្ចឹម​ក្រពើ​នៅ​ក្នុង​ខេត្ត នាំ​គ្នា​ចងក្រង​ជា​សហគមន៍​មក លោក​នឹង​នាំ​យក​សំណើ​នេះ​ទៅ​ក្រសួង​ដើម្បី​ជួយ​រក​ទីផ្សារ​ជូន​ពួក​គាត់​បន្ថែម​ទៀត ។

កសិដ្ឋាន​ចិញ្ចឹម​ក្រពើ តាម​ការ​កត់សម្គាល់ មាន​តែ​ខេត្ត​នៅ​តាម​ដង​ទន្លេសាប​ប៉ុណ្ណោះ ។ ចំណែក​ខេត្ត​ភាគ​ឦសាន​ពុំ​មាន​ចិញ្ចឹម​ទេ ។ ដោយឡែក ខេត្តកំពង់ឆ្នាំង ដោយសារ​ព័ត៌មាន​ពុំ​ទាន់​ច្បាស់​ការណ៍ យើង​នឹង​ផ្សាយ​ជូន​បន្ថែម​ទៀត​នៅ​ពេល​ក្រោយ ៕