ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មួយបន្ទប់របស់ អាង សុជាតា ​​ប្រឡងជាប់​ទាំងអស់!

1 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ សូមចូលរួមអបអរសាទរ ចំពោះតារាសម្ដែងស្រីវ័យក្មេង អាង សុជាតា ហៅ ឈូឈូ កូនស្រីបង្កើតរបស់តារាសម្ដែងស្រី អ្នកនាង សឿនផាន…

ភ្នំពេញ៖ សូមចូលរួមអបអរសាទរ ចំពោះតារាសម្ដែងស្រីវ័យក្មេង អាង សុជាតា ហៅ ឈូឈូ កូនស្រីបង្កើតរបស់តារាសម្ដែងស្រី អ្នកនាង សឿនផាន ផាភួង ដែលបានប្រឡងជាប់សញ្ញាបត្រ​មធ្យមសិក្សាទុតិយភូមិ ក្នុងលទ្ធផល បាននិទ្ទេស D សម័យប្រឡងគឺថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២​។ កាន់តែពិសេសទៀតនោះ គឺនៅបន្ទប់ប្រឡងរបស់កញ្ញា អាង សុជាតា ជាប់ទាំងអស់គ្នាតែម្តង​។

​​នាល្ងាចថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២នេះ អ្នកនាង សឿនផាន ផាភួង បានបង្ហោះវីដេអូមួយ បង្ហាញពី អាង សុជាតា កំពុងភ័យបុកពោះលាយឡំជាមួយអារម្មណ៍រំភើប ផ្ទៀងផ្ទាត់ ចាំស្ដាប់ចម្លើយ​ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិថា ជាប់ឬធ្លាក់?

ប៉ុន្តែ​ក្ដីស្រមៃ បានក្លាយជាការពិត និងដូចការរំពឹងទុកទាំងស្រុង ធ្វើអោយឈូឈូ ​រំភើបស្ទើរហោះ ដោយតារាស្រីរូបនេះ ​បានជាប់បាក់ឌុប ក្នុងលទ្ធផល ទទួលបាននិទ្ទេស D​។

ក្នុងការបង្ហោះវីដេអូនេះ អ្នកនាង សឿនផាន ផាភួង ដែលជាម្ដាយរបស់ឈូឈូ ក៏បានភ្ជាប់ជាមួយ​សំណេរមួយឃ្លារថា «ទីបំផុត កូនស្រីម៉ាក់ ធ្វើបានហើយ»។

យ៉ាងណាមិញ តាមរយៈបទសម្ភាសន៍​ជាមួយសារព័ត៌មានកោះសន្តិភាព នៃកម្មវិធី 60Buzz អ្នកនាង សឿនផាន ផាភួង បានបង្ហាញអារម្មណ៍រំភើប និងសប្បាយរីករាយ និងមានមោទកភាពយ៉ាងខ្លាំង នៅពេលដឹងថា កូនស្រីបណ្ដូលចិត្ត អាង សុជាតា បានប្រឡងជាប់បាក់ឌុប​។

អ្នកនាង សឿនផាន ផាភួង បានលើកឡើងថា បើទោះបីជា កូនស្រី (អាង សុជាតា) ទទួលបានលទ្ធផលជាប់ត្រឹមនិទ្ទេស D មិនបាននិទ្ទេសល្អក៏ដោយ ក៏អ្នកនាងសប្បាយចិត្ត និងមានមោទកភាពចំពោះកូនស្រីដែរ ពីព្រោះថា ឈូឈូ មិនបានរៀនសូត្រដិតដល់ ឬគ្រប់គ្រាន់នោះឡើយ ដោយមូលហេតុជាប់ និងមមាញឹកខ្លាំងលើការងារសិល្បៈ។

ម្ដាយបង្កើតរបស់តារាស្រីរូបនេះ និយាយតថា ទើបតែមួយសប្ដាហ៍ចុងក្រោយនេះប៉ុណ្ណោះ ដែលឈូឈូ ផ្អាកការងារសិល្បៈ មិនទទួលការងារផ្សេងៗ ដើម្បីផ្ដោតលើការមើល និងទន្ទិញមេរៀន ត្រៀមប្រឡង​។

អ្នកនាងបានបន្តថា ក្នុងមួយសប្ដាហ៍មុនពេលប្រឡង កូនស្រីរបស់អ្នកនាង ពិតជាខំមើលមេរៀនទាំងយប់ថ្ងៃ ស្ទើរតែគ្មានពេលសម្រាក អញ្ចឹងហើយ បើទោះបីជាទទួលបានលទ្ធផលបែបណា ក៏រីករាយ និងទទួលយក ព្រោះជាការខិតខំរបស់កូន តែអ្វីដែលពិសេសអ្នកនាងបានផ្ដល់កម្លាំងចិត្តដល់កូនស្រីថា កូនស្រីម៉ាក់ប្រាកដជាធ្វើបាន​។

ដោយឡែក ងាកមកចាប់អារម្មណ៍ អាងសុជាតា ឯណោះវិញ តាមរយៈបទសម្ភាសន៍កញ្ញា បានលើកឡើងថា ក្នុងអំឡុងពេលអង្គុយផ្ទៀងស្ដាប់លទ្ធផលប្រឡងនោះ កញ្ញាពិតជាមានអារម្មណ៍ភ័យបុកពោះខ្លាំងមែន ព្រោះខ្លាចលទ្ធផលចេញមក មិនដូចការរំពឹងទុក តែផ្ទុយទៅវិញក្ដីស្រមៃក៏បានក្លាយជាការពិតដូចអ្វីដែលបានព្រៀងទុក រហូតធ្វើឲកញ្ញារំភើបចិត្តរកអ្វីមកប្រៀបពុំបានឡើយ​។

ជាមួយគ្នានេះ អាង សុជាតា បានបង្ហាញក្ដីស្រលាញ់ និងអរគុណទៅកាន់អ្នកនាង សឿនផាន ផាភួង ជាម្ដាយ ដែលបានបង្កើតកញ្ញាមក បានយ៉ាងល្អ និងចិញ្ចឹមបីបាច់មើលថែរក្សាតាំងពីតូច រហូតធំដឹងក្ដី និងអប់រំកញ្ញា បាន​យ៉ាងល្អ​។

ទន្ទឹមនឹងនេះ អាង សុជាតា ក៏បានថ្លែងអំណអរគុណទៅកាន់លោកគ្រូអ្នកគ្រូ ដែលបានបង្ហាត់បង្រៀន អប់រំណែនាំ ផ្ដល់ចំណេះដឹង រួមទាំងដំបូ​ន្មានល្អៗដល់កញ្ញា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ