ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជាងដែក​ទើប​ចូល​ធ្វើការ​បាន​1​ខែ​បែកគំនិត​ហ៊ាន​…

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ជាងដែក​ម្នាក់​ចូល​ធ្វើការ​បាន​មួយ​ខែ​បែកគំនិត​ហ៊ាន​គាស់​សោ​បន្ទប់​របស់​មេការ​ខ្លួន

រាជធានី​ភ្នំពេញ ៖ ជាងដែក​ម្នាក់​ចូល​ធ្វើការ​បាន​មួយ​ខែ​បែកគំនិត​ហ៊ាន​គាស់​សោ​បន្ទប់​របស់​មេការ​ខ្លួនឯង​ចូល​លួច​គ្រឿងអលង្ការ​មាន​តម្លៃ​ត្រូវ​មេការ​ចាប់​ប្រគល់​ឱ្យ​សមត្ថកិច្ច បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​១២​និង​១០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០១៧ តាម​បណ្តោយ​ផ្លូវ​៥៩៨ ស្ថិត​ក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ ។

ជនសង្ស័យ​ឈ្មោះ សុទ្ធ រិ​ទ្ធី ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​ជា​ជាងដែក ស្នាក់​នៅ​ក្នុង​ក្រុមហ៊ុន ផ្ទះ​លេខ​១៤០K ផ្លូវ​លេខ​៥៩៨ សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ មានស្រុក​កំ​ណើ​រ​នៅ​ភូមិ​ព្រែក​គ្រា​ញ ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង ខេត្តកណ្តាល ។ រីឯ​ជន​រង​គ្រោះ​ឈ្មោះ ធី ដា​ពៅ ភេទ​ស្រី អាយុ​៣១​ឆ្នាំ ជា​ប្រពន្ធ​មេការ ស្នាក់​នៅ​ក្នុង​ក្រុមហ៊ុន ផ្ទះ​លេខ​១៤០K ផ្លូវ​លេខ​៥៩៨ សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ មាន​ប្តី​ឈ្មោះ តុ​ប មក​រា អាយុ​២៩​ឆ្នាំ មុខរបរ​ជា​មេការ​ក្រុមហ៊ុន​ដេ​គ័​រ​ផ្ទះ​ស្នាក់​នៅ​ជាមួយ​គ្នា ។

បើ​តាម​សម្តី​ពី​ជន​រង​គ្រោះ​បាន​រៀបរាប់​ឱ្យ​ដឹង​ថា នៅ​មុខ​ពេល​កើតហេតុ​រូប​គាត់​ចេញពីផ្ទះ​ទៅ​មើល​កន្លែងធ្វើការ ចំណែកឯ​ប្តី​របស់​គាត់​ក៏​បាន​ចេញ​ទៅ​ធ្វើការ​នៅ​ឯ​ខេត្ត​លុះដល់​វេលា​ម៉ោង​៧​យប់ ថ្ងៃ​ទី​១៩ ខែមិថុនា រូប​គាត់​ក៏​បាន​ត្រលប់​មក​វិញ​ហើយ​ក៏​បាន​ចូល​ទៅ​ក្នុង​បន្ទប់​ស្រាប់តែ​ឃើញ​ថតតុ​មាន​រៀង​ហើប​ក៏​បើក​មើល ស្រាប់តែ​បាត់​កាបូប​ដែល​ដាក់​គ្រឿងអលង្ការ​តែ​មិនដឹង​ថា បាត់​តាំង​ពី​ពេល​ណា​នោះ​ទេ ពេល​ដែល​ប្តី​គាត់​មក​វិញ​បាន​ឆែក​កាំមេ​រ៉ា​សុ​វិ​ត្ថភាព​មើល​ទើប​ដឹង​ថា ជនសង្ស័យ​ជា​កូនជាង​ដែល​ទើបតែ​ចូល​ធ្វើការ​បាន​មួយ​ខែ​ជា​អ្នក​ធ្វើ​សកម្មភាព​គាស់​សោ​ទ្វារ​បន្ទប់ និង​​សោ​ទូ​យក​ពិតមែន ក៏​ព្យាយាម​ទំនាក់​ទំ​នង់​តាម​ទូរស័ព្ទ​រក​ជនសង្ស័យ និង​ដើរ​ស្វែងរក រហូត​ដល់​វេលា​កើតហេតុ​ស្រាប់តែ​ប្រទះ​ឃើញ​ជនសង្ស័យ​ខាងលើ​កំពុង​អង្គុយ​នៅ​ក្នុង​កន្លែង​អ៊ី​ន​ធើ​រ​ណេ​ត​​​មួយ​កន្លែង​ដែល​នៅ​ក្បែរ​កន្លែង​កើតហេតុ​ក៏​បាន​ឃាត់ខ្លួន​យក​ទៅ​សួរនាំ និង​ឆែកឆេរ​រក​ឃើញ​កាបូប​ដាក់​គ្រឿងអលង្កា​របស់​ជន​រង​គ្រោះ​នៅ​ជាប់​ខ្លួន​ជនសង្ស័យ​ខាងលើ​រួច​ប្រគល់​ឱ្យ​សមត្ថ​កិច្ច​​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទួល​សង្កែ​យក​ទៅ​សួរនាំ ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​លួច​យក​គ្រឿងអលង្កា​ទាំងនោះ​មែន​គឺ​រូបគេ​ធ្វើ​សកម្មភាព​គាស់​សោ​ទ្វា និង​សោ​ទូ​តាំងពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០១៧ មក​ម្ល៉េះ ។ បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទួល​សង្កែ​កំពុងធ្វើការ​សាកសួរ​នាំ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ​ដើម្បី​រង​ចាំ​ការ​ចាត់ការ​ទៅ​តាម​នីតិវិធី ៕