ខេត្តព្រៃវែង ៖ ស្ត្រីមេម៉ាយម្នាក់ឈ្មោះ ស៊ីម ដាវី អាយុ៤១ឆ្នាំ ដែលជាអាជីវករលក់គ្រឿងទេសនៅផ្សារលាត់ ក្នុងឃុំទឹកថ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង បានរៀបរាប់ផងស្រែកយំផង ស្នើសុំអោយប្រមុខរាជរដ្ឋាភិបាល និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ជួយរកយុត្តិធម៌អោយរូបគាត់ផង ដោយអះអាងថា រូបគាត់រកស៊ីលក់ដូរបន្តិចបន្តួចនៅក្នុងផ្ទះ មិនដែលទាំងចេញក្រៅផ្ទះផង សុខៗស្រាប់តែមានដីកាពីតុលាការខេត្តបាត់ដំបង មកអោយរូបគាត់ចូលទៅបំភ្លឺពីបទឆបោកទាំងដែលរូបគាត់មិនដឹងរឿងអីសោះ ហើយក៏មិនដឹងមិនស្គាល់អ្នកប្តឹងដែរ ព្រោះគាត់លក់ដូរនៅតែក្នុងផ្ទះមិនដែលចេញក្រៅផ្ទះផង ។
លោកស្រី ស៊ីម ដាវី បានបន្តទៀតថា ដីការបស់តុលាការខេត្តបាត់ដំបងចេញដោយលោកចៅក្រមស៊ើបសួរ គឹម ហេង បានកោះហៅលោកស្រីចំនួន២ដងហើយ គឺលើកទី១ អោយចូលទៅបំភ្លឺនៅវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី២២ វិច្ឆិកា និងលើកទី២ នៅវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី២០ ធ្នូ ២០២២ ប៉ុន្តែទាំង២លើកនេះ លោកស្រីមិនបានចូលទៅបំភ្លឺទេ ដោយអោយមេធាវីចូលទៅជំនួស ព្រោះមេធាវីប្រាប់ថា បើលោកស្រីចូលទៅបំភ្លឺគេនឹងចាប់ខ្លួនលោកស្រីហើយ ។
ប៉ុន្តែដោយមិនអស់ចិត្តនៅសុខៗ មានគេប្តឹងក្នុងករណីឆបោកបែបនេះ លោកស្រី ស៊ីម ដាវី ក៏បានពឹងមេធាវីរបស់ខ្លួន អោយជួយស្រាវជ្រាវឯកសារពាក់ពន្ធ័ពីខាងតុលាការខេត្តបាត់ដំបង ទីបំផុតទើបដឹងថា ដើមបណ្តឹងគឺជាអនិកជនខ្មែរនៅអាមេរិក ហើយជនត្រូវប្តឹងមិនមែនរូបគាត់ទេ គឺគេប្តឹងអ្នកផ្សេង ប៉ុន្តែរកជនសង្ស័យមិនឃើញចាប់មិនបាន ក៏ស្រាវជ្រាវតាមរយៈលេខទូរសព្ទ័ពីក្រុមហ៊ុនឃើញអត្តសញ្ញាណបណ្ណ័របស់គាត់ ទើបតុលាការចេញដីការកោះហៅគាត់តែម្តងទៅ។
លោកស្រី ស៊ីម ដាវី បានបញ្ជាក់ថា យោងតាមឯកសារពាក្យបណ្តឹងដែលប្តឹងចូលតុលាការខេត្តបាត់ដំបង ដើមបណ្តឹងគឺជាស្ត្រីម្នាក់ឈ្មោះ ផាន បូផា អាយុ៣៩ឆ្នាំ រស់នៅសហរដ្ឋអាមេរិក បានប្តឹងម្ចាស់គណនីហ្វេសប៊ុកឈ្មោះ ទ្រី សុវណ្ណារាជ ថា បានឆបោកយកលុយរបស់ខ្លួនជាបន្តបន្ទាប់សរុបអស់ចំនួន១៦១.៦១៧ដុល្លារ ដោយប្រើប្រាស់ពាក្យលួងលោមសុំខ្ចីយកមកដោះស្រាយបញ្ហាក្នុងគ្រួសារ ។
ប៉ុន្តែក្រោយពីដកលុយយកបានជាបន្តបន្ទាប់ហើយ ចុងក្រោយស្រាប់តែហ្វេសប៊ុកឈ្មោះ ទ្រី សុវណ្ណារាជ ទាក់ទងលែងបានឆាតលែងចូល ទើបលោកស្រី ផាន បូផា ដឹងថាត្រូវគេបោក ក៏ធ្វើដំណើរពីអាមេរិកមកដល់ស្រុកខ្មែរស្រាវជ្រាវរកឃើញម្ចាស់គណនីហ្វេសប៊ុកឈ្មោះ ទ្រី សុវណ្ណារាជ ជាម្ចាស់ភោជនីយដ្ឋាន ឈូក នៅក្រុងបាត់ដំបង ហើយក៏ប្តឹងចូលតុលាការចាប់ឃាត់ខ្លួនម្ចាស់ភោជនីយដ្ឋាននោះតែម្តង ។
ចំណែកលុយទាំងអស់ដែលផ្ញើមក ក្រុមជនឆបោកបានទៅបើកយកចំនួន៣៦លើក ក្នុងនោះបើកតាមក្រុមហ៊ុន វេសធើនញូនៀន ៣៣លើក ស្មើនឹងទឹកប្រាក់ចំនួន១៤៨៦១៧ដុល្លារ អ្នកទៅបើកមានចំនួន៣នាក់ គឺឈ្មោះ សេង សុគន្ធី ឈ្មោះ ទេព ភីរុណ និងឈ្មោះ គង់ វុទ្ធា ហើយបើកតាមភ្នាក់ងារវីងបញ្ជរ សេង សុគន្ធី នៅភ្នំពេញចំនួន៣លើក ស្មើនឹងទឹកប្រាក់ចំនួន១.៣០០០ដុល្លារ។
ដោយឡែក យោងតាមពាក្យបណ្តឹងរបស់ឈ្មោះ សេង សុគន្ធី ភេទស្រី អាយុ៣២ឆ្នាំ ដែលជាម្ចាស់បញ្ជរវីង នៅសង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ដែលប្តឹងចូលឩត្តមសេនីយឯក ជា ពៅ អគ្គស្នងការរងនគរបាលជាតិ បានអះអាងថា លុយទាំងនោះគឺខ្លួនមិនបានដកយកដោយខ្លួនឯងនោះទេ គឺខ្លួនបានដកអោយយាយតា២នាក់ ដែលមិនបានស្គាល់ឈ្មោះនិងអាស័យដ្ឋាន តាមរយៈលេខទូរសព្ទ័ចំនួន៤ខ្សែ គឺលេខ ០១៦ ៧៩៩៩៨៣ លេខ ០៩៦៣១៣០៧៤១ លេខ ០៩៦៣៣០៧៤១១ និងលេខ ០៩៦៣៧៨៩៧៦ ( ក្នុងបណ្តឹងបាត់១លេខ) ។
យាយតា២នាក់នោះបានមកដកលុយជាបន្តបន្ទាប់ ដោយប្រាប់ថាលុយនោះគឺបងប្អូនផ្ញើមក
ពីស្រុកក្រៅ យកទៅព្យាបាលបងប្អូនកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត្រ ដោយ
ឃើញយាយតាចាស់ៗហើយ បងប្អូនក៏ឈឺសង្គ្រោះបន្ទាន់ទៀត ម្ចាស់បញ្ជរវីងអាណិតក៏ប្រើអត្តសញ្ញាណបណ្ណ័ខ្លួនឯង ដកលុយអោយរហូត ។ លុះមកដល់ថ្ងៃទី១៤ខែតុលា ស្រាប់តែទទួលបានពត៌មានថា យាយតាទាំង២នោះជាជនឆបោកទើបហួសចិត្ត តែមិនដឹងទៅតាមរកនៅឯណា ទើបប្តឹងតាមរយៈលេខទូរសព្ទ័ដែលតាយាយទាំង២យកមកប្រើក្នុងការដកលុយតែម្តងទៅ។
ប៉ុន្តែក្នុងចំណោមលេខទូរសព្ទ័ទាំង៤ខ្សែនោះ មានលេខ១ខ្សែ គឺលេខ ០១៦៧៩៩៩៨៣ ប្រើអត្តសញ្ញាណបណ្ណ័ឈ្មោះ ស៊ីម ដាវី ភេទស្រី មានទីលំនៅក្នុងភូមិឬស្សីទ្វា ឃុំទឹកថ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ជាអ្នកបញ្ជាទិញពីក្រុមហ៊ុន ទើបតុលាការខេត្តបាត់ដំបងលោក គឹម ហេង ចៅក្រមស៊ើបសួរចេញដីការអោយឈ្មោះ ស៊ីម ដាវី ចូលខ្លួនទៅបំភ្លឺនៅតុលាការតែម្តង។ ដោយឡែកខាងលោកស្រី ស៊ីម ដាវី វិញនៅពេលទទួលបានដីការកោះហៅអោយចូលខ្លួននេះ គឺមានការភ័យតក់ស្លុតជាខ្លាំង ព្រោះមិនដឹងរឿងអីសោះ សុខៗស្រាប់តែតុលាការកោះហៅអោយចូលខ្លួនរឿងករណីឆបោក ហើយតុលាការនៅឯខេត្តបាត់ដំបងដែលគាត់មិនដែលស្គាល់សោះ។
លោកស្រី ស៊ីម ដាវី បានបញ្ជាក់ថា រឿងលេខទូរសព្ទ័ដែលប្រើប្រាស់អត្តសញ្ញាណបណ្ណ័លោកស្រីយកទៅទិញនោះ លោកស្រីមិនដឹងទេ មិនដឹងគេយកអត្តសញ្ញាណបណ្ណ័នោះពីណាមកទេ ហើយលោកស្រីក៏មិនដែលស្គាល់ក្រុមជនឆបោកទាំងអស់នោះដែរ ប៉ុន្តែកាលពី៣ទៅ៤ឆ្នាំមុន លោកស្រីធ្លាប់បានធ្វើជាតំណាងចែកចាយក្រុមហ៊ុនអនឡាញលក់ផលិតផលបំប៉នសុខភាព និងផលិតផលរក្សាសម្រស់ អោយក្រុមហ៊ុន៣ទៅ៤ក្រុមហ៊ុន ហើយពេលដាក់ពាក្យស្នើសុំចូលជាតំណាងចែកចាយ ក្រុមហ៊ុនទាំងនោះសុទ្ធតែទាមទារអោយលោកស្រីផ្ញើអត្តសញ្ញាណបណ្ណ័អោយគេទាំងអស់។
ចែករំលែកព័តមាននេះ