រាជធានីភ្នំពេញ ៖ បន្ទាប់ពីធ្វើពិនិត្យពិភាក្សាការវាយតម្លៃយ៉ាងល្អិតល្អន់ គណៈមេប្រយោគបានប្រកាសរកឃើញជ័យលាភី នៃមហោស្រពភាពយន្តជាតិ ខ្នាតខ្លីកម្ពុជា លើកទី៣ ឆ្នាំ២០២២ ក្រោមប្រធានបទ ៖ “ភាពយន្តខ្នាតខ្លី ជាជំហានឆ្ពោះទៅភាពយន្តខ្នាតវែង” ។
ទាក់ទិននឹងការប្រឡងស្នាដៃនេះ មន្ដ្រីជាន់ខ្ពស់ក្រសួងវប្បធម៌ ជំរុញឱ្យស្ថាប័នរដ្ឋ និងវិស័យឯកជន សហការ និងចូលរួមចំណែកដល់ការលើកកម្ពស់ឧស្សាហកម្មភាពយន្តកម្ពុជា ស្របតាមគោលនយោបាយជាតិ ស្ដីពី វិស័យវប្បធម៌ ក្នុងការជំរុញកម្ពុជា ជាដែនដីស្វាគមន៍ នៃការថតភាពយន្តជាតិ និងបរទេស ។
លោក ហាប់ ទូច រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅក្នុងពិធីបិទមហោស្រពជាតិភាពយន្ត ខ្នាតខ្លីកម្ពុជា លើកទី៣ ឆ្នាំ២០២២ ក្រោមប្រធានបទ “ភាពយន្តខ្នាតខ្លី ជាជំហានឆ្ពោះទៅភាពយន្តខ្នាតវែង” នាល្ងាចថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ បានជំរុញឱ្យស្ថាប័នរដ្ឋ និងវិស័យឯកជន សហការ និងចូលរួមចំណែកដល់ការលើកកម្ពស់ឧស្សាហកម្មភាពយន្តកម្ពុជា ។
លោកបានបន្តទៀតថា ដូចដែលយើងបានដឹងហើយថា មហោស្រពភាពយន្តជាតិខ្នាតខ្លី មិនគ្រាន់តែជាវេទិកា ប្រកួតប្រជែងយកពានរង្វាន់នោះទេ ប៉ុន្តែក៏ជាទីកន្លែងជួបជុំសិក្សាស្វែងយល់វាស់ស្ទង់សមត្ថភាព និងចែករំលែកបទពិសោធន៍ និងចំណេះដឹង ដើម្បី ឈានឆ្ពោះទៅការផលិតភាពយន្តខ្នាតវែង ប្រកបដោយគុណភាព។ មហោស្រពនេះ ក៏បានផ្ដល់ឱកាសឲ្យយុវជនយើង បានបញ្ចេញនូវទេពកោសល្យ និងសមត្ថភាព លើការផលិតស្នាដៃភាពយន្តខ្នាតខ្លីរបស់ខ្លួន និងចូលរួមប្រកួតប្រជែងក្នុងកម្រិតថ្នាក់ជាតិ ក្នុងគោលបំណងពង្រឹងនូវធនធានមនុស្សថ្មីៗក្នុងវិស័យភាពយន្ត ។
លោកបន្ថែមថា ជាក់ស្ដែង ពីមួយឆ្នាំទៅមួយឆ្នាំ មហោស្រពភាពយន្តខ្នាតខ្លីនេះ បានក្លាយជាចំណុច ប្រសព្វយ៉ាងសំខាន់មួយ ដែលផ្សារភ្ជាប់យុវជនកម្ពុជា មកពីគ្រប់មជ្ឈដ្ឋាន ដើម្បីធ្វើការផ្លាស់ប្តូរយោបល់គ្នា ជាមួយនឹងការចែករំលែកនូវបទពិសោធន៍ថ្មីៗក្នុងវិស័យភាពយន្ត ហើយក៏ជាវេទិកាអប់រំ និងបំផុសទេពកោសល្យច្នៃប្រឌិត នៃការផលិតភាពយន្តខ្នាតខ្លី នៅកម្ពុជា ។
បើតាមលោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានសិល្បភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ និងជាសមាជិកអចិន្ត្រៃយ៍គណៈកម្មការរៀបចំមហោស្រពភាពយន្តជាតិ ភាពយន្តខ្នាតខ្លីកម្ពុជា លើកទី៣ ឆ្នាំ២០២២ បានឲ្យដឹងថា មហោស្រពភាពយន្តបានបើកជាផ្លូវការ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ ស្នាដៃភាពយន្តខ្នាតខ្លី ទាំង៣៥ស្នាដៃ នឹងស្នាដៃភាពយន្តឯកសារទាំង៣៣ស្នាដៃ បានបាក់ជូនទស្សនាដោយសេរី នៅរោងភាពយន្តចំនួន ៨ទីតាំង ក្នុងរាជធានីភ្នំពេញ ដោយមានទស្សនិកជនប្រមាណ២,៨០០នាក់ បានចូលទស្សនា និងបានបោះឆ្នោតជ្រើសរើសស្នាដៃភាពយន្តដែលខ្លួនពេញចិត្តផងដែរ ។
ជាក់ស្តែងខ្សែភាពយន្តដែលជាប់ជ័យលាភី នៃមហោស្រពភាពយន្តជាតិ ខ្នាតខ្លីកម្ពុជា លើកទី៣ ឆ្នាំ២០២២ គឺលេខ០១ រឿង “ជីវិត ស្នេហាសុខសាន្ត” ទទួលបានពានរង្វាន់មាស និងទឹកប្រាក់ ១២លានរៀល ឧបត្ថម្ភដោយរោងភាពយន្ត មេជើ ស៊ីណេផ្លិច, ជ័យលាភីលេខ០២ រឿង “កី្តស្រលាញ់ដែលអ្នកផ្តល់ឲ្យ” ទទួលបានពានរង្វាន់ប្រាក់ និងទឹកប្រាក់៨លានរៀល ឧបត្ថម្ភដោយ ក្រុមហ៊ុន ភេសជ្ជៈ ហនុមាន និងលេខ០៣ រឿង “ក្តារចុច” ទទួលបានពានរង្វាន់សំរឹទ្ធ និងទឹកប្រាក់៤លានរៀល ឧបត្ថម្ភដោយ ក្រុមហ៊ុន វេសថេច មេឌា៕
ចែករំលែកព័តមាននេះ