ខេត្តព្រះសីហនុ ៖ ប្រជាពលរដ្ឋជាច្រើនគ្រួសារ ដែលមានលំនៅឋានស្ថិតនៅក្នុងភូមិ០២ សង្កាត់លេខ០១ ក្រុង/ខេត្តព្រះសីហនុ ក៏ដូចជាអ្នកដែលបានធ្វើដំណើរឆ្លងកាត់តាមបណ្តោយផ្លូវ០១ខ្សែដែលតភ្ជាប់ផ្លូវជាតិលេខ០៤ ត្រង់ចំណុចជាប់និងមជ្ឈមណ្ឌលដារ៉ាសំណាង(ឃ្លាំងលើ ) ដែលផ្លូវមួយខ្សែនេះឆ្លងកាត់តាមបុរីឡឺសិនឡោតហ្គាដេន ឆ្ពោះទៅតំបន់អូរអារ៉េវ ស្ថិតក្នុងភូមិ០២ សង្កាត់លេខ០១ ក្រុង/ខេត្តព្រះសីហនុ ដែលកំពុងជួបប្រទះការលំបាកក្នុងការធ្វើដំណើរ ហើយមិនទាន់ទទួលបានការអភិវឌ្ឍន៍ពីអាជ្ញាធរមូលដ្ឋាន ។

បច្ចុប្បន្ន ផ្លូវមួយខ្សែខាងលើ ជាប្រភេទផ្លូវក.ដបមានក្រាលបេតុងខ្លះនិងជាផ្លូវលំខ្លះតែមិនមានប្រព័ន្ធលូបង្ហូរទឹក នៅរដូវកាលភ្លៀងធ្លាក់ទឹកហូរនៅលើផ្លូវបង្ករការលំបាកដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើឆ្លងកាត់ម្តងៗ ។ ប្រភពខាងលើ បាននាំគ្នាត្អូញត្អែរថា នៅត្រង់ចំណុចដើមផ្លូវចូលដែលតភ្ជាប់ផ្លូវជាតិលេខ០៤ជាប់ និងមជ្ឈមណ្ឌលដារ៉ាសំណាងដែលជាចំណុចផ្លូវប្រភេទ(ក.ដប)មានចំងាយប្រមាណជា១០០ជាងម៉ែត្រពេលធ្វើដំណើរឆ្លងកាត់ម្តងៗ ពេលខ្លះ ត្រូវចំណាយពេលវេលាកន្លះម៉ោងក៍មានដោយសារតែការកកស្ទះចរាចរដែលបង្ករឡើងដោយសារការសាងសង់សំណង់ផ្សេងៗមកលើផ្លូវនិងការធ្វើអាជីវកម្មការ, ដាក់តាំងលក់ម្ហូបអាហារមិនរៀបរយ, ប៉ះពាល់ធ្ងន់ធ្ងរដល់អនាម័យ, បរិស្ថាននិងធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់សារធារណៈថែមទៀតផង។

មន្ត្រីតូចតាចនៅការិយាល័យភូមិបាលក្រុងព្រះសីហនុសុំមិនបញ្ចេញអត្តសញ្ញាណបានបង្ហើបឲ្យដឹងថា ផ្លូវ០១ខ្សែខាងលើបច្ចុប្បន្ននៅត្រង់ចំណុចច្រកចូលមានទទឹងប្រមាណជា៧ម៉ែត្រតែប៉ុណ្ណោះ ដែលគេហៅថាចំណុចផ្លូវ(ក.ដប )។ ប្រភពខាងលើ បានបញ្ជាក់ឲ្យដឹងបន្ថែមទៀតថាផ្លូវ0១ខ្សែនេះជាប្រភេទផ្លូវមេដែលមានទទឹងមិនក្រោម៣០ម៉ែត្រ។ ហើយបច្ចុប្បន្ន ផ្លូវខាងលើនៅត្រង់ចំណុចហួសពីបុរីឡឺសិនឡោតហ្គាដេន រហូតដល់តភ្ជាប់ផ្លូវមេមួយខ្សែផ្សេងទៀតខាងមុខលំនៅឋានមន្ត្រីរាជការសាលាខេត្តព្រះសីហនុក្នុងតំបន់អូរអារ៉េវ ស្ថិតក្នុងភូមិ0២ សង្កាត់លេខ០១ ក៏បានធ្វើការឈូសឆាយទៅតាមទំហ៊ុដែលបានកំណត់មាននៅក្នុងប្លង់ (៣០ម៉ែត្រ) រួចហើយរង់ចាំតែការសម្រេចពីថ្នាក់ដឹកនាំក្នុងការស្ថាបនាតែប៉ុណ្ណោះ។

ប្រជាពលរដ្ឋដែលមានលំឋាននៅភូមិ០២ សង្កាត់លេខ០១ ក្រុង/ខេត្តព្រះសីហនុ ក៏ដូចជាអ្នកដែលធ្លាប់បានធ្វើដំណើរឆ្លងកាត់តាមផ្លូវខាងលើនេះ បានសំណូមពរយ៉ាងទទូចដល់អាជ្ញាធរមូលដ្ឋាន ក៏ដូចជាថ្នាក់ដឹកនាំជាន់ខ្ពស់ សុំជួយអន្តរាគមន៍ក្នុងការកសាង និងបើកផ្លូវមួយខ្សែខាងលើឲ្យបានឆាប់រហ័ស ដើម្បីបំរើឲ្យប្រយោជន៍សាធារណៈ និងជួយសម្រួលដល់ការកកស្ទះចរាចរណ៍ រួមចំណែកក្នុងការការពារពេលមានហានិភ័យកើតឡើងដោយយថាហេតុ ដូចជាពេលមានអគ្គីភ័យឆាបឆេះ ឬពេលមានអ្នកជំងឺដែលត្រូវរថយន្តសង្គ្រោះបន្ទាន់ដឹកអ្នកជម្ងឺយកទៅមន្ទីរ។ល។



ចែករំលែកព័តមាននេះ