ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹម​២០​ថ្ងៃ អាជ្ញាធរ​ទាំង​១៤​ខណ្ឌ បាន​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ជូន​ពលរដ្ឋ​ជាង​១​ម៉ឺន​៧​ពាន់​នាក់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​យុទ្ធនាការ​ចុះ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ជូន​ដល់​ប្រជាពលរដ្ឋ​តាម​ខ្នង​ផ្ទះ តាម​ភូមិ ស្ថិត​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​ទាំង​១៤​ខណ្ឌ ក្នុង​នោះ​មាន​ចំនួន​១០៥ ប៉ុស្តិ៍​រដ្ឋបាល បាន​​បន្ត​ចុះ​ធ្វើ​អត្ត​ញ្ញាណ​ប័ណ្ណ​ជូន​ពលរដ្ឋ​ទាំង​យប់​ទាំង​ថ្ងៃ ដើម្បី​ផ្តល់​ភាព​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ កុំ​ឲ្យ​ប៉ះពាល់​ដល់​ម៉ោង​ការងារ ប្រកប​របរ​រកស៊ី ឬ​ម៉ោង​សិក្សារ​របស់​កូន​ៗ​ពួក​គាត់​ផង​ដែរ​។

ក្នុង​នោះ​ដែរ លោក​វរសេនីយ៍ឯក សាន សុខ​សីហា អ្នកនាំពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា លទ្ធផល​នៃ​ការ​ចុះ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​សញ្ញា​តិ​ខ្មែរ ជូន​ប្រជាពលរដ្ឋ​តាម​ភូមិ និង​តាម​ខ្នង​ផ្ទះ​រយៈពេល​២០​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី​០១ ដល់ទី​២០ ខែធ្នូ ឆ្នាំ​២០២២ សរុប​ទាំង​១០៥​ប៉ុស្តិ៍​រដ្ឋបាល ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ នគរបាល​បាន​ថត​អត្តសញ្ញាណប័ណ្ណ​ជូន​ពលរដ្ឋ​បាន​ចំនួន ១៧៤៥៣ នាក់ ។

លោក​វរសេនីយ៍ឯក បាន​បន្ថែម​ទៀត​ថា ក្នុង​យុទ្ធនាការ​ការ​ចុះ​ថត​អត្តសញ្ញាណប័ណ្ណ​ជូន​ពលរដ្ឋ​សញ្ជាតិ​ខ្មែរ​តាម​ខ្នង​ផ្ទះ នៅ​តាម​ភូមិ ជាក់ស្ដែង​យើង​សង្កេត​ឃើញ​ថា ស្ថានភាព​ប្រជាពលរដ្ឋ​នៅ​តែ​បន្ត​នាំ​គ្នា​អញ្ជើញ​មក​ធ្វើ​អត្តសញ្ញាណប័ណ្ណ​យ៉ាងច្រើន​កុះករ មិន​ទាន់​មានការ​ថមថយ​នោះ​ទេ ទោះបីជា​ការ​ថយ​បន្តិចបន្តួច ប៉ុន្តែ​ពលរដ្ឋ​នៅ​តែ​សម្រុក​ទៅ​ធ្វើ​ដូច​ពី​ថ្ងៃ​ចាប់ផ្ដើម​ដដែល​ផង​ដែរ​។

គួរ​រំលឹក​ផង​ដែរ កាលពី​ព្រឹក​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ ២០២២ លោក​ឧត្តមសេនីយ៍ឯក ស ថេ​ត អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​បើក​កិច្ចប្រជុំ​ស្តី​ពី​ការ​ត្រួតពិនិត្យ និង​ជំរុញ​បន្ថែម​ក្នុង​ការ​ផ្សព្វផ្សាយ ដើម្បី​ព​ន្លឿ​ន​ក្នុង​ការ​ធ្វើ​អត្តសញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ​ប្រភេទ​ថ្មី ជូន​ដល់​ប្រជាពលរដ្ឋ​ទាំង​២​ភេទ ដែល​គ្រប់​អាយុ​១៥​ឆ្នាំ និង​សម្រាប់​ប្រជាពលរដ្ឋ ដែល​មាន​អត្តសញ្ញាណ​បណ្ណ​ហួស​សុពលភាព និង​សល់​សុពលភាព​ត្រឹម​៩០​ថ្ងៃ​ហួស​សុពលភាព​។

ក្នុង​កិច្ចប្រជុំ លោក​ឧត្តមសេនីយ៍ឯក ស ថេ​ត អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ណែនាំ​ដល់​ការិយាល័យ​អត្តសញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ និង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ទាំង​១៤ ព្រមទាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទាំង​១០៥ ត្រូវ​ចាប់ផ្ដើម​ចុះ​រៀបចំ និង​ចុះ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ដល់​តាម​ភូមិ និង​តាម​ខ្នង​ផ្ទះ​របស់​ប្រជាពលរដ្ឋ​៕ ដោយ ៖ រ​ដ្ឋា