គ្រូបង្រៀនបើកបរជាង ៥០០នាក់ ឆ្លងកាត់វគ្គបណ្តុះបណ្តាល និងទទួលស្គាល់ដោយក្រសួង
- ភ្នំពេញ
ភ្នំពេញ៖ រហូតដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ ក្រសួងសាធារណការ និងដឹកជញ្ជូន តាមរយៈអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក បានបើកវគ្គបណ្តុះបណ្តាល និងចេញវិញ្ញាបនបត្របញ្ជាក់សមត្ថភាពគ្រូបង្រៀនបើកបរយានយន្ត បានចំនួន ៥៦៩នាក់។
វគ្គបណ្តុះបណ្តាលសមត្ថភាពគ្រូបង្រៀនបើកបររថយន្តប្រភេទ ខ វគ្គទី១៥ ត្រូវបានធ្វើឡើង កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ ដែលមានសិក្ខាកាម មកពីគ្រប់បណ្តាសាលាបង្រៀនបើកបរយានយន្តរាជធានីខេត្ត សរុប ៦២នាក់។
ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា តាំងពីបើកវគ្គបណ្តុះបណ្តាល រហូតមកដល់បច្ចុប្បន្ន អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក បានបណ្តុះបណ្តាល និងចេញវិញ្ញាបនបត្រជូនដល់សិក្ខាកាម ជាគ្រូបង្គោលបង្រៀនបើកបរសរុបបាន ៥៦៩នាក់។
លោក ឈួន វ៉ន់ អគ្គនាយក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក បានចូលរួមសាទរចំពោះវត្តមានសិក្ខាកាម ដែលបានចូលរួមវគ្គបណ្តុះបណ្តាល ដែលនឹងក្លាយខ្លួនជាគ្រូបង្គោល នាពេលខាងមុខនេះ និងបានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ សូមយកចំណេះដឹង និងបចេ្ចកទេសបើកបរយានយន្តនេះ ធ្វើការបណ្តុះបណ្តាលបន្តឱ្យបានត្រឹមត្រូវ ព្រមទាំងគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ក៏ដូចជា ចូលរួមក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផងដែរ៕








ចែករំលែកព័តមាននេះ