ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡានផុត​​ឆៀកមានជាង ១៧ម៉ឺនគ្រឿង ក្នុងចំណោមជាង ១លានគ្រឿង នៅទូទាំងប្រទេស​

3 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ ចំនួនយានយន្ត ដែលហួសសុពលភាពឆៀក មកដល់ពេលនេះ មានចំនួនប្រមាណជាង ១៧ម៉ឺន​គ្រឿង ក្នុងចំណោមយានយន្ត ដែលបានចុះបញ្ជីសរុបជាង ១លានគ្រឿង នៅទូទាំង​ប្រទេស។ នេះបើតាម​រដ្ឋមន្ត្រីក្រសួង​សាធារណការ និងដឹកជញ្ជូន​។

ក្នុងពិធីសម្ពោធ​ដាក់ឱ្យដំណើរការមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត (ឆៀក) សាខាផ្សារដីហុយ ដែលស្ថិតនៅតាមបណ្តោយផ្លូវលេខ១៩៨៦ ក្នុងភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអំពាវនាវទៅកាន់បងប្អូនប្រជាពលរដ្ឋ សូមយកយានយន្តមកត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ឱ្យបានទៀងទាត់ រៀងរាល់ ២ឆ្នាំម្តង ជៀសវាងទទួលរងនូវការផាកពិន័យ ដោយសារហួសសុពលភាព និងដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ព្រមទាំងរួមចំណែកថែរក្សាបរិស្ថាន​។

​ក្រសួងសាធារណការ និងដឹកជញ្ជូន បានអនុញ្ញាត​ឱ្យក្រុមហ៊ុនឯកជន ចំនួន ៥ក្រុមហ៊ុន បើកដំណើរការអាជីវកម្ម​ មណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត (ឆៀក)។

​​គិតមកដល់ពេលនេះ កម្ពុជា មានកន្លែង​ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ដ ឆៀក សរុប ចំនួន ១៧ទីតាំង ដោយនៅភ្នំពេញ មាន ៥កន្លែង និងតាមខេត្ត មាន ១២ទីតាំង​។ ក្រៅពីនោះ ក៏មាន​ម៉ាស៊ីនឆៀកចល័ត ចំនួន ៣គ្រឿង ផងដែរ។

ដើម្បីបញ្ចៀសនូវការរង់ចាំ និងកកស្ទះនៅមណ្ឌលឆៀក ក្រសួងសាធារណៈការ និងដឹកជញ្ជូន បានប្រកាសឱ្យ​បងប្អូនប្រជាពលរដ្ឋ អាចដាក់ពាក្យតាមប្រព័ន្ធអនឡាញ (Online) ដើម្បីណាត់ពេលវេលា ក្នុងការយក​យានយន្ត មកត្រួតពិនិត្យ តាមរយៈប្រព័ន្ធស្វ័យប្រវត្តិកម្ម៖ https://techinspection.mpwt.gov.kh ផងដែរ៕