រាជធានីភ្នំពេញ ៖ គណៈកម្មការផ្សារអូរឬស្សី តែងតែបានចុះផ្សព្វផ្សាយ ក៏ដូចជាជូនដំណឹងម្ដងហើយ ម្ដងទៀត ដល់បងប្អូនអាជីវករផ្សារទាំងអស់ ធ្វើយ៉ាងណាការលក់ដូររបស់បងប្អូន សូមរក្សានូវភាពថ្លៃថ្នូរ សុជីវធម៍ ទាំងពាក្យសម្ដី និងកាយវិការក្ដី ដល់អតិថិជន ដែលទិញទំនិញ ទោះអតិថិជនតថ្លៃត្រូវ ឬមិនត្រូវ ទិញក្ដី មិនទិញក្ដី ជៀសវាងពាក្យសម្ដីមិនល្អ ឬអំពើណាមួយ ដែលប្រាកចាកពីភាពថ្លៃថ្នូរ នៃការលក់ដូររបស់យើង នេះបើតាមគណៈកម្មការផ្សារអូរឬស្សី កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ ។
គណៈកម្មការផ្សារអូរឬស្សី បន្តថា ហើយក៏សូមសំណូមពរដល់អតិថិជនមួយចំនួនផងដែរ ត្រូវចេះឲ្យតម្លៃគ្នាទៅវិញទៅមក ក្នុងពាក្យសម្ដី ទិញទំនិញរវាងអតិថិជន និងអាជីវករម្យ៉ាងវិញទៀត បើក្នុងករណីមានបញ្ហា ឬទំនាស់ពាក្យសម្ដី ឬកាយវិការណាមួយកើតមានឡើងនោះ ក្នុងនាមគណៈគ្រប់គ្រងផ្សារ សូមសំណូមពរឲ្យបងប្អូនអតិថិជន និងអាជីវករទាំងអស់ មកជួបគណៈកម្មការផ្សារ ឬកម្លាំងសន្តិសុខ ដែលនៅប្រចាំការគ្រប់គោលដៅ ដើម្បីគណៈគ្រប់គ្រងផ្សារ រកដំណោះស្រាយជូនបងប្អូនទាំងសងខាងគ្រប់ពេលវេលា ។
សូមជម្រាបថា កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ មានករណីអ្នកទិញម្នាក់ តថ្លៃអាវហើយ មិនមានពណ៌ត្រូវចិត្ត ក៏អត់ទិញ ពេលនោះ ក៏មានការជជែកគ្នារវាងស្ត្រីអ្នកលក់ និងនារីអ្នកទិញ នៅផ្សារអូរឬស្សី ស្រាប់តែអ្នកលក់បានមកពីក្រោយហើយទះមួយដៃ ហើយទាញអាវអ្នកទិញ ផ្ងារក្រោយជំពាក់ជើងគ្នា រហែកអាវ ។
ស្ត្រីអាជីវករផ្សារអូរឬស្សី មានឈ្មោះ ស្មាទ ហ្វាហ្វា អាយុ៣៤ឆ្នាំ និងភាគីអតិថិជន មានឈ្មោះ ថែម ថងឌី អាយុ២៧ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុន ។
ក្រោយពីអ្នកទិញ បានបង្ហោះរឿងរ៉ាវខាងលើ តាមបណ្ដាញសង្គម គណៈកម្មការផ្សារអូរឬស្សី បានស្រាវជ្រាវ និងបានអញ្ជើញភាគីទាំង២ មកសួរនាំនៅចំពោះមុខគណៈកម្មការផ្សារ ជាលទ្ធផល ដូច្នោះ ភាគីអាជីវករ ក៍បានទទួលកំហុស និងសូមទោសអតិថិជន រីឯភាគីអតិថិជន ក៍យល់ព្រម សុខចិត្តលុបការបង្ហោះនោះ ហើយភាគីទាំង២ក៍បានផ្ដិតមេដៃបញ្ចប់រឿងផងដែរ ។
គួររម្លឹកឡើងវិញថា មុនយល់ព្រមលុបការបង្ហោះចេញវិញ អតិថិជនឈ្មោះ ថែម ថងឌី បានរៀបរាប់ដំណើរសាច់រឿងអោយដឹងថា ៖ «បទពិសោធន៍ ចាំមួយជីវិតនៅផ្សារអូឬស្សី ទិញខោអាវ សួរថ្លៃ តថ្លៃមិនត្រូវ អត់យក អរគុណហើយដើរចេញ អ្នកលក់រត់មកទាញអាវផ្ងារក្រោយទាល់រហែកអាវ!» ។
ខ្ញុំ ៖ បងអាវពណ៌សនេះមួយប៉ុន្មានដែរបង ?
អ្នកលក់ ៖ ម៉ូដហ្នឹងមួយ១០$ (ឆ្លើយរបៀបយើងទៅសុំ)
ខ្ញុំ ៖ សួរថ្លៃហើយ ចាប់អាវមើលបានដឹងថា ធំ ព្រោះគេបត់ឲ្យឃើញតូច ហើយក៏គិតក្នុងចិត្តថា ធំពាក់មិនកើតទេ ព្រោះខ្លួនពាក់សាយ XS ហើយក៏ដាក់ភ្នែកទៅឃើញអាវមួយទៀត ក៏ចង់បានតែអត់ឃើញមានពណ៌ស ក៏បន្តសួរទៀតថា ៖
ខ្ញុំ ៖ បងម៉ូដនេះ មានពណ៌សទេបង ?
អ្នកលក់ ៖ ម៉ូដហ្នឹង! អត់មានពណ៌សទេ (មុខចាប់ផ្តើមខឹង អត់ដឹងថីបានខឹង)
ខ្ញុំ ៖ ស្រឡាញ់ម៉ូដនេះ តែអត់មានពណ៌ស អរគុណបង (តែក្នុងចិត្តគិតថា មិនសមទេ សួរគេអត់ទិញ អត់តថ្លៃ គេនឹងជេរផ្អើលផ្សារ ព្រោះមុខអ្នកលក់ដូចខឹងស្រាប់ទៅហើយ) ហើយលួចមើលមុខគេ ទាំងខ្លាចចិត្តហើយសួរថា បងអត់អីទេ មែនទេ ព្រោះស្រលាញ់អាវនោះ តែអត់មានពណ៌ស
អ្នកលក់ ៖ ស្រែកខ្លាំងៗ អត់អីម៉េច ? អ្ហែងសួរហើយមិនទិញម៉េច!
ខ្ញុំ ៖ ចា៎បង សុំទោសផង ព្រោះអត់មានពណ៌ស ហើយមួយនោះសាយធំ ជាងខ្ញុំឆ្ងាយណាស់បង
អ្នកលក់ ៖ ឥឡូវអ្ហែង តមួយម៉ាត់ទៅ ហើយអត់យក ក៏អត់ទៅ ឲ្យតែបាន.ត
ខ្ញុំ ៖ (គិតក្នុងចិត្ត តទៅកុំឲ្យគេលក់អត់ដាច់) អ៊ីចឹង ៥$ បានហើយបង
អ្នកលក់ ៖ លក់អត់បានទេ ឥឡូវ ៦.៥$ទៅ
ខ្ញុំ ៖ អ៊ីចឹងខ្ញុំអត់យកទេបង ព្រោះអត់ត្រូវ អរគុណច្រើនបង
ហើយក៏ដើរចេញ គិតថា គ្មានរឿងអីទេ ទាំងភ្នែក រវ៉ៃរកមើលអាវផ្សេង ស្រាប់តែអ្នកលក់ រត់មកពីក្រោយ ទះមួយដៃ ហើយទាញអាវផ្ងារក្រោយជំពាក់ជើងគ្នាទាល់តែរហែកអាវ ! អារម្មណ៍ពេលនោះរន្ធត់ណាស់ ភ័យញ័រ រកអ្វីនិយាយមិនត្រូវហើយក៏សួរអ្នកលក់ថា ៖
ខ្ញុំ ៖ ថីបានបងធ្វើចឹងដាក់ខ្ញុំ ខ្ញុំខុសអី ?
អ្នកលក់ ៖ អឺ អ្ហែងសួរថ្លៃហើយមិនទិញ
ខ្ញុំ ៖ បងឲ្យខ្ញុំទិញម៉េច បើមិនត្រូវផងហ្នឹង ?
អ្នកលក់ ៖ អ្ហែងត្រូវតែទិញដាច់ខាត អត់មានដើរចេញទេ
ខ្ញុំ ៖ ម៉េចចឹងបង បើមិនត្រូវ បងឲ្យទិញម៉េចកើត
អ្នក់លក់ ៖ អ្ហែងសួរថ្លៃហើយ ត្រូវតែទិញ
ខ្ញុំ ៖ អ្ហា ហើយមុនទិញអី បងមិនឲ្យសួរតម្លៃសិនទេអី ? ខ្ញុំមិនមែនកូនសេដ្ឋី ទិញអីគេដោយមិនសួរតម្លៃទេ
អ្នកលក់ ៖ អត់! សួរតម្លៃហើយ ត្រូវតែទិញ ហើយចាប់ផ្តើមជេរខ្ញុំសព្វគ្រប់បែបយ៉ាង ។
ខ្ញុំ(ថែម ថងឌី) ស្លន់ផង ញ័រផង រកអីនិយាយមិនត្រូវទេ ព្រោះម្នាក់ឯង ក៏ចាប់ផ្តើមស្រក់ទឹកភ្នែក ទាំងភ័យ ទាំងញ័រ ហេតុអី ក៏ជួបរឿងបែបនេះទៅរួច រហែកអាវតែបន្តិច តែអារម្មណ៍ផ្លូវចិត្ត ប៉ះពាល់ធ្ងន់ធ្ងរណាស់ ដែលសុខៗ មានគេមកទាញកអាវ អូសពីក្រោយដូចជាចោរបែបហ្នឹង ។
ធ្លាប់តែឃើញលើបណ្តាញសង្គមហ្វេសប៊ុក ដល់ថ្ងៃនេះជួបខ្លួនឯង អារម្មណ៍នោះសោកសៅណាស់ ផ្តាំដល់បងៗអ្នក់លក់ទាំងឡាយ សុំបងកុំធ្វើបែបហ្នឹងអីបង វាអត់ចំណេញទេ គេអាចប្តឹងបងពីបទប្រើអំពើហិង្សា ហើយវាអត់ថ្លៃថ្នូរ រកស៊ីមិនឡើងទេ ដែលវ៉ៃភ្ញៀវ ពេលដែលសួរថ្លៃហើយមិនទិញនោះ ហើយសុំបងៗ ដែលឃើញអំពើបៀតបៀនបែបហ្នឹង សូមកុំគ្រាន់តែយកភ្នែកមើលអ្វី សុំជួយគេផង ក្នុងស្ថានភាពបែបហ្នឹង ពួកយើងត្រូវការជំនួយខ្លាំងណាស់ ។
ម្នាក់ឯងស្លន់ពេក ចាំលេខតូបមិនបាន មិនបានថតរូប ព្រោះញ័រសូម្បីកាបូប ក៏កាន់មិនចង់ជាប់ផង កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ ៕






ចែករំលែកព័តមាននេះ