វិភាគ ៖ យុវជន និងយុវតី ត្រូវស្វែងរក និងប្រឡងអោយជាប់អាហារូបរណ៍យ៉ាងច្រើនសន្ធឹកទាំងអាហារូបករណ៍រៀនក្នុងប្រទេស និងរៀននៅបរទេស ។ ប្រសិនជាជាប់អាហារូបករណ៍ មិនត្រឹមបង្ហាញពីសមត្ថភាពខ្លាំងរបស់សិស្សានុសិស្សនោះទេ…
វិភាគ ៖ យុវជន និងយុវតី ត្រូវស្វែងរក និងប្រឡងអោយជាប់អាហារូបរណ៍យ៉ាងច្រើនសន្ធឹកទាំងអាហារូបករណ៍រៀនក្នុងប្រទេស និងរៀននៅបរទេស ។
ប្រសិនជាជាប់អាហារូបករណ៍ មិនត្រឹមបង្ហាញពីសមត្ថភាពខ្លាំងរបស់សិស្សានុសិស្សនោះទេ តែវាក៏ជាមោទនភាពសម្រាប់ខ្លួនឯង សម្រាប់គ្រួសារ ជាពិសេសវាបានជួយសម្រាលការលំបាករបស់ឱពុកម្តាយ នៅក្នុងការរកប្រាក់បង់ថ្លៃសាលាឲ្យកូនផងដែរ ។
គិតជាមធ្យម ថ្លៃសាលាឯកជនថ្នាក់មហាវិទ្យាល័យ នៅក្នុងប្រទេសកម្ពុជា មានចាប់ពី៤០០ទៅប្រមាណ៥,០០០ដុល្លារនៅក្នុងមួយឆ្នាំ ។ ការចំណាយប្រាក់បង់ថ្លៃសិក្សារបស់កូនជាបន្ទុកធ្ងន់ធ្ងរមួយរបស់ឱពុកម្តាយ។ ឱពុកម្តាយមិនត្រឹមត្រូវរកប្រាក់បង់ថ្លៃសិក្សាឱ្យកូននោះទេ ពួកគាត់ត្រូវរកប្រាក់ផ្គត់ផ្គង់ដល់ការចំណាយ និងការស្នាក់នៅរបស់កូននៅក្នុងរាជធានី ជាច្រើនរយដុល្លារទៀត នៅក្នុងមួយខែៗ កំលុងពេលកូនៗត្រូវសិក្សានៅក្នុង រយៈពេលបួនឆ្នាំ នៅមហាវិទ្យាល័យនោះ។ បន្ទុកនេះកាន់តែលំបាក សម្រាប់គ្រួសារពលរដ្ឋ នៅទីជនបទ ដែលមានកូនចៅឡើងមកបន្តការសិក្សានៅភ្នំពេញ ។
មធ្យោបាយមួយ ដើម្បីសម្រាលការលំបាករបស់ឱពុកម្តាយនៅពេលនេះ គឺការទទួលបានអាហារូបករណ៍។ ការទទួលបានអាហារូបករណ៍ មិនត្រឹមជួយសម្រាលការលំបាករបស់ពុកម្តាយនៅក្នុងផ្នែកហិរញ្ញវត្ថុប៉ុណ្ណោះទេ តែវាបានបង្ហាញពីភាពខ្លាំងនៅក្នុងការសិក្សា របស់សិស្សានុសិស្ស ផងដែរ។
មានមធ្យោបាយសំខាន់ពីរ ដែលសិស្សានុសិស្សអាចទទួលបានអាហារូបករណ៍ ទី១គេអាច ទទួលបានការសិក្សាមិនអស់ថ្លៃ តាមរយៈលទ្ធផលប្រលងបាក់ឌុប។ បើប្រលងជាប់និន្ទេស ល្អក្នុងកម្រិតA ឬយ៉ាងហោចណាស់ត្រឹមB សិស្សានុសិស្សអាចទទួលបានអាហារូបសិក្សា ដោយឥតថ្លៃនៅមហាវិទ្យាល័យ១០០% ឬ៥០%ទៅតាមការកំណត់របស់សាលា។ ទី២គឺសិស្សានុសិស្ស ត្រូវស្វែងរកសាលាដែលផ្តល់អាហារូបករណ៍ហើយដាក់ពាក្យប្រលង ចូលរៀន។ នៅចំនុចនេះ សិស្សានុសិស្ស ក៍អាចមានឱកាសដាក់ប្រលង ទទួលអាហារូបករណ៍ ពីសាលានៅក្រៅប្រទេសផងដែរ។
សូមជម្រាបថា លទ្ធផលបាក់ឌុបនៅឆ្នាំ២០២២ ដែលមានបេក្ខជនជិត១៣ម៉ឺននាក់នោះ នឹងប្រកាសលទ្ធផលឱ្យនៅចុងខែធ្នូនេះហើយ ។
និយាយពីអាហារូបការណ៍សិក្សានៅបរទេសវិញនៅឆ្នាំ២០២៣ខាងមុខនេះ បើតាម ក្រសួងអប់រំ យុវជននិងកីឡា បានឱ្យដឹងថាមានអាអារូបករណ៍ចំនួនជាង ៨ពាន់កន្លែង នឹងផ្តល់ជូនសិស្សនិស្សិតកម្ពុជានៅក្នុងឆ្នាំ២០២៣នោះ។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ គឺថានៅឆ្នាំ២០២៣នោះ រដ្ឋាភិបាលចិន នឹងផ្តល់អាហារូបករណ៍នៅថ្នាក់ក្រោយឧត្តម និងឧត្តមសិក្សាចំនួន១,០០០នាក់ ប្រទេសជប៉ុន( (Teacher Training Students) នឹងផ្លល់អាហារូបករណ៍ចំនួន១០០នាក់ ប្រទេសហុងគ្រីចំនួន ២០០នាក់ ប្រទេសចិន (SUS Tech) និងផ្តល់អាហារូបករណ៍៤០០នាក់ សាធារណរដ្ឋគូបា ផ្តល់អាហារូបករណ៍ ចំនួន២០០នាក់ សហព័ន្ធរុស្ស៊ី នឹងផ្តល់អាហារូបករណ៍២០០នាក់ ជប៉ុន (ក្រសួងអប់រំ)នឹងផ្តល់អាហារូបករណ៍ចំនួន៦០០នាក់ ប្រទេសចិន (ក្វាងស៊ី) ចំនួន៤០០នាក់ ប្រទេសវៀតណាម នឹងផ្តល់អាហារូបករណ៍ចំនួន៥០០នាក់ ចិន (Dali University) នឹងផ្តល់អាហារូបករណ៍ចំនួន៤០០នាក់ ប្រទេសឡាវ នឹងផ្តល់អាហារូបករណ៍ចំនួន២០០នាក់ ប្រទេសថៃនឹងផ្តល់អាហារូបករណ៍ចំនួន៤០០នាក់ ចំណែកនៅប្រទេសមីយ៉ាន់យ៉ា មានអាហរូបករណ៍ផ្តល់ជូនសិស្សនិស្សិតខ្មែរចំនួន ២០០នាក់ដែរ។
ដើម្បីទទួលបានព័ត៌មានលម្អិតពីអាហារូបករណ៍ខាងលើនេះសិស្សានុសុស្សអាចទាក់ទងការិយាល័យអាហារូបករណ៍និងកម្មសិក្សារបស់ក្រសួងអប់រំ ដែលមានអាសយដ្ឋាននៅអគារ លេខ២៣ ផ្លូវ៣៦០សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ខាងកើត ស្ថានីយទូរទស្សន៍អប្សរា ប្រហែល៥០ម៉ែត្រ។
ព្រះភិក្ខុព្រះមុនីកោសល បណ្ឌិត យ៉ន សេង យៀត ដែលបានបញ្ចប់ថ្នាក់ក្រោយបណ្ឌិត Post-Doctoral Research Fellowship ពីសាកលវិទ្យាល័យ Harvard សហរដ្ឋអាមេរិក តាមរយៈអាហារូបករណ៍នោះ តែងតែមានសង្ឃដិកាជាញឹកញាប់ក្នុង ការលើកទឹកចិត្តយុវជនឱ្យខិតខំសិក្សារៀនសូត្រ។ ព្រះអង្គលើកឡើងថា ការទទូលបាន អាហារូបករណ៍ជាផ្នែកសំខាន់របស់យុវជននៅក្នុងការជំរុញ សកម្មភាពសិក្សារបស់ខ្លួន។
ព្រះអង្គបណ្ឌិត យ៉ន សេង យៀត មានសង្ឃដិកាថាអាហារូបករណ៍នៅក្នុងសម័យនេះ សម្បូរណាស់ ដូច្នេះយុវជនត្រូវខិតខំសិក្សារៀនសូត្រ ហើយស្វែងរកអាហារូបករណ៍ ដោយខ្លួនឯង ដោយសមត្ថភាពខ្លួនឯងពីព្រោះសម័យនេះនណាក៍អាចស្វែង រកចំណេះ វិទ្យាដាក់ខ្លួនបានដែរ ដោយមិនប្រកាន់អ្នកមានឬអ្នកក្រនោះទេ។ កក្តាសំខាន់គឺយុវជនត្រូវតែខ្លាំង និងមិនត្រូវបន្ទោសមេឃដី ថាមកពីនេះ មកពីនោះបានជាខ្លួន រៀនមិនកើតនោះឡើយ៕
ដោយ សារ៉ាន់

ចែករំលែកព័តមាននេះ