ចិន និងរុស្ស៊ី ៖ ចិន និងរុស្ស៊ីនឹងចាប់ផ្តើមធ្វើសមយុទ្ធយោធាកងទ័ពជើងទឹករួមគ្នានៅក្នុងសមុទ្រចិន នៅថ្ងៃពុធ ទី ២១ ធ្នូស្អេកនេះ ខណៈដែលដៃគូទាំងពីរបង្កើនកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់ប៉ាស៊ីភិចខាងលិចដែលកំពុងមានភាពតានតឹងកើនឡើងយ៉ាងខ្លាំង។
ក្រសួងការពារជាតិរុស្ស៊ីនិយាយក្នុងសេចក្តីប្រកាសថា សមយុទ្ធរួមគ្នាជាមួយចិននឹងមានរយៈពេល ១សប្តាហ៍។

សេចក្តីប្រកាសរបស់រុស្ស៊ីនិយាយថា «ផ្នែកសកម្មនៃសមយុទ្ធនេះនឹងរួមមានការបា.ញ់កាំភ្លើ.ងធំ និងមីស៊ីលរួមគ្នាប្រឆាំgនឹងគោលដៅអាកាស ការបា.ញ់កាំភ្លើ.ងធំប្រឆាំងគោលដៅសមុទ្រ និងការអនុវត្តសកម្មភាពប្រឆាំងនាវាមុជទឹកជាមួយនឹងការប្រើប្រាស់អាវុ.ធ»។
សមយុទ្ធឈ្មោះកិច្ចសហប្រតិបត្តិការដែនសមុទ្រ (Maritime Cooperation 2022) នឹងមានការចូលរួមពីនាវាចម្បាំង Varyag និងនាវាចម្បាំងធុនតូច ២គ្រឿងរបស់រុស្ស៊ី។ ចំណែកចិននឹងបញ្ជូននាវាពិឃាត ២គ្រឿង នាវាល្បាត ២គ្រឿង នាវាផ្គត់ផ្គង់១គ្រឿង និងនាវាមុជទឹក។

សេចក្តីប្រកាសរបស់រុស្ស៊ីនិយាយថា យន្តហោះចិនក៏នឹងចូលរួមក្នុងសមយុទ្ធរួមនោះផងដែរ។
សេចក្តីប្រកាសនិយាយថា «គោលបំណងសំខាន់នៃសមយុទ្ធនេះគឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការកងទ័ពជើងទឹករវាងសហព័ន្ធរុស្ស៊ី និងសាធារណៈរដ្ឋប្រជាមានិតចិន និងដើម្បីរក្សាសន្តិភាព និងស្ថិរភាពនៅតំបន់ប៉ាស៊ីភិច»។

សេចក្តីប្រកាសរបស់រុស្ស៊ីពីសមយុទ្ធយោធារួមគ្នាជាមួយចិនកើតឡើងមិនដល់មួយសប្តាហ៍ផង ក្រោយពេលជប៉ុនប្រកាសបង្កើនថវិការការពារជាតិ និងផលិតអាវុ.ធរយៈចំងាយឆ្ងាយ ដោយជប៉ុនមើលឃើញពីការគំរា.មកំហែងលើសន្តិសុខរបស់ខ្លួន៕ (យោងតាមប្រភព៖ CNN)


ចែករំលែកព័តមាននេះ