គ្រូបង្វឹកកម្ពុជាដាក់គោលដៅឡើងវគ្គពាក់ កណ្ដាលផ្ដាច់ព្រ័ត្រ AFF Mitsubishi Cup 2022
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ការប្រកួតពានរង្វាន់ដ៏ធំបំផុតប្រចាំតំបន់អាស៊ាន លើកទី១៤ បានចាប់ផ្តើមហើយ នៅថ្ងៃអង្គារនេះ ខណៈដែលកម្ពុជា និងហ្វីលីពីន ប៉ះគ្នានៅទីក្រុងភ្នំពេញ នៃពហុកីឡដ្ឋានជាតិមរតកតេជោ វេលាម៉ោង ០៥៖០០នាទី ដោយគ្រូបង្វឹកក្រុមជម្រើសជាតិទាំងពីរ បាននិយាយក្នុងសន្និសិទសាព័ត៌មានមុនការប្រកួតថាពួកគេនឹងលេងដោយមិនខ្លាចញញើត ក្នុងការដណ្តើមបានយក៣ពិន្ទុដំបូងក្នុងពូល A ជូនអ្នកគាំទ្រប្រទេសរៀងៗខ្លួនឡើយ។

ក្នុងការប្រកួតល្ងាចនេះក៏មានវត្តមានរបស់អ្នកចាត់ការទូទៅ Keisuke Honda ដែលកំពុងហោះហើរត្រង់មកប្រទេសកម្ពុជា បន្ទាប់ពី គាត់បានបញ្ចប់ភារកិច្ចជាពិធីករអ្នកអធិប្បាយបាល់ទាត់ឲ្យទុរទស្សន៍ជប៉ុនមួយក្នុងព្រឹត្តិការណ៍ FIFA World Cup នៅប្រទេសកាតា។ហើយគ្រូបង្វឹកជនជាតិជប៉ុនរបស់កម្ពុជា Ryu Hirose បាននិយាយថា វត្តមានរបស់ Honda គឺមានភាពវិជ្ជមានសម្រាប់ក្រុមរបស់គាត់ ហើយថាពួកគេកំពុងចូលក្នុងការប្រកួតក្នុងស្មារតីវិជ្ជមាន។

លោក Hirose បាននិយាយថា៖ «ទោះបីជាលោក Honda មិនទាន់មកទីនេះក៏ដោយ ក៏គាត់កំពុងទាក់ទងជាមួយក្រុមជាប្រចាំ ហើយយើងបានរៀបចំយ៉ាងពេញលេញ។ យើងដឹងថា យើងនឹងលេងជាមួយប្រទេសដែលនាំមុខយើងក្នុងចំណាត់ថ្នាក់របស់ FIFA ប៉ុន្តែនេះគឺជាស្ថានភាពដែលយើងចង់ប្រឈមមុខនឹងខ្លួនឯង។ ក្នុងការហ្វឹកហាត់ យើងបានប្រើវិធីសាស្ត្រ និងគំនិតយុទ្ធសាស្ត្រផ្សេងៗ យើងបានរៀបចំយ៉ាងល្អ ហើយគោលដៅរបស់យើងគឺត្រូវឆ្លងកាត់វគ្គចែកពូល និងនាំមកនូវលទ្ធផលវិជ្ជមានសម្រាប់កម្ពុជា»។

ហ្វីលីពីនចូលរួមក្នុងការប្រកួតនេះក្រោមការដឹកនាំគ្រូបង្វឹកអេស្ប៉ាញ Josep Ferre ដែលទើបតែងតាំងថ្មីជាមួយនឹងក្រុមដែលមានការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មីច្រើន ដោយមានកីឡាករតែបួននាក់ប៉ុណ្ណោះ ដែលធ្លាប់បង្ហាញខ្លួនឲ្យក្រុមលើសពី ១៤ប្រកួត។
ត្រូវបានតែងតាំងតិចជាងពីរសប្តាហ៍មុនព្រឹត្តិការណ៍បាល់ទាត់ប្រចាំតំបន់មកដល់ គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញបាននិយាយថា គាត់ពិតជារំភើបជាមួយនឹងឱកាសដើម្បីដឹកនាំក្រុមរស្សនាម Azkals ដែលត្រូវបានកែលម្អនេះ។

គាត់បាននិយាយថា៖ «ខ្ញុំគិតថាយើងបានសម្រេចចិត្តបង្កើតក្រុមនេះជុំវិញក្រុមកីឡាករវ័យក្មេងដែលមានបទពិសោធន៍មួយចំនួនទៀត ហើយសម្រាប់ខ្ញុំ នេះជាលើកទីមួយរបស់ខ្ញុំដែលដឹកនាំក្រុមជម្រើសជាតិ ដូច្នេះខ្ញុំពិតជារំភើប»។ ការប្រកួតដំបូង តែងតែមានសារៈសំខាន់ ហើយនៅពេលដែលបាល់ចាប់ផ្តើមវិល នោះគឺជាពេលដែលយើងត្រូវត្រៀមខ្លួន។ យើងដឹងថាកម្ពុជាមានកីឡាករគ្រោះថ្នាក់ និងជំនាញជាច្រើន ជាពិសេសនៅតំបន់ប្រយុទ្ធ ហើយដូចពួកគេ យើងនឹងធ្វើអ្វីគ្រប់យ៉ាងដែលយើងអាចធ្វើបានដើម្បីឈ្នះដោយតានតឹង ជាមួយនឹងការផ្តោតអារម្មណ៍ខ្ពស់ផងដែរ»។

សម្រាប់ប្រវត្តិជួបគ្នា ៣ប្រកួតចុងក្រោយ រវាងគោព្រៃកម្ពុជា និងក្រុមឆ្កែព្រៃហ្វីលីពីន ទាំងជំនួបផ្លូវការ និងមិត្តភាព ដោយកម្ពុជា ស្មើ១ និងចាញ់ ២លើក ដោយ នៅឆ្នាំ២០០៨ កម្ពុជាបរាជ័យលទ្ធផល ២-៣ ជាមួយហ្វីលីពីន ក្នុងពាន AFF Cup មួយនេះ បន្តជួបគ្នាដដែលក្នុងឆ្នាំ២០១០ លទ្ធផលស្មើគ្នា ០-០ និងចុងក្រោយកម្ពុជាបានបរាជ័យ ៣-០ ក្នុងជំនួបមិត្តភាពអន្តរជាតិ នៅទឹកដីប្រទេសហ្វីលីពីន៕ (ដោយ ៖ ភឿង ភារៈ)
ចែករំលែកព័តមាននេះ