រាជធានីភ្នំពេញ ៖ កម្ពុជាជាប្រទេសដែលប្រកាន់យកព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ប៉ុន្តែអ្វីដែលសប្បាយអ្វីដែលរីករាយគួបផ្សំ និងស្មារតីក៏ដូចជា ផ្នត់គំនិតដែលចូលចិត្តភាពរីករាយស្រាប់នោះបុណ្យអ្វីក៏ពលរដ្ឋហាក់ចូលរួមរីករាយនឹងគេដោយរួមទាំងការប្រារព្ធពិធីបុណ្យ«គ្រីស្តម៉ាស»ឬ«បុណ្យណូអែល»របស់បណ្តាប្រទេសអឺរ៉ុបផងដែរ។

សម្រាប់ការប្រារព្ធពិធីបុណ្យ«គ្រីស្តម៉ាស»ឬ«បុណ្យណូអែល» គេមានអត្ថន័យ និងមូលហេតុរបស់គេច្បាស់លាស់ ដោយប្រជាជាតិនៅអឺរ៉ុបភាគច្រើនមានជំនឿថា នេះ គឺជាពិធីបុណ្យដែលគេរំលឹកដល់ថ្ងៃព្រះយេស៊ូប្រសូត្រ។ជាពិធីបុណ្យដ៏សិរី និងអំណរសប្បាយសម្រាប់ពួកគេ ហើយពលរដ្ឋកម្ពុជាមួយចំនួនក៏បានរីករាយ និងចូលរួមពិធីនេះតាមជំនឿរបស់ពួកគេផងដែរ ជាពិសេសអ្នកដែលជាគ្រីស្ទបរិស័ទ ប៉ុន្តែជនមួយចំនួន គឺភាគច្រើនឆ្លៀតឱកាស និងយកពិធីនេះជាលេសសម្រាប់រៀបចំកម្មវិធីសប្បាយមួយបែបតាមដែលគេចង់បាន។
អ្នកខ្លះគេមានទស្សនៈ និងគំនិតអាជីវកម្មគេអាចនឹងរៀបចំកម្មវិធីបញ្ចុះតម្លៃពិសេស ដើម្បីទាក់ទាញអតិថិជន។អ្នកខ្លះ ដើម្បីបានសប្បាយរីករាយជួបជុំគ្នាក៏ឆ្លៀតឱកាសនេះ ដើម្បីរៀបចំពិធីជប់លាងផឹកស៊ី។អ្នកខ្លះទៀតក៏អាចនឹងគិតលើសពីនេះថែមទៀតក៏មាន។

តាមការសង្កេត ទស្សនៈ និងថ្នត់គំនិតបែបនេះ គឺមានទូទៅទាំងក្នុងចំណោមមជ្ឈដ្ឋាន មនុស្សវ័យកណ្តាល និងក្រុមយុវវ័យ គ្រាន់តែមជ្ឈដ្ឋានវ័យកណ្តាលហាក់មិនសូវចេញមុខចេញមាត់ទេ តែក៏ផុលផុសសម្បើមដែរ។
ដោយឡែកក្រុមអ្នកដែលជាយុវជន និងយុវនារីវិញនោះជាទូទៅមានភាពជ្រួលជ្រើម និងចេញមុខចេញមាត់ខ្លាំងដោយពួកគេអាចណាត់ជួបគ្នាទៅនេះទៅនោះជាពិសេស គឺកម្មវិធីជប់លាងហូបចុកសប្បាយៗ ដែលមានរូបភាពខ្លះហាក់ភ្លើ.តភ្លើ.នគួរឲ្យបារម្ភដែរ។ក្រៅពីនេះពួកគេអាចនឹងឆ្លៀតឱកាសនេះអាចនឹងដោះដូរកាដូគ្នា ហើយក៏អាចនឹងមាន សកម្មភាពលើសពីការផ្លាស់ប្តូរកាដូគ្នានោះបន្ថែមទៀត។
ក្រៅពីនេះ ការជួបជុំកម្មវិធីជប់លៀងហូបចុកសប្បាយនេះទៀតសោត គឺមិនត្រឹមតែហូបធម្មតានោះទេ ក៏អាចនឹងមានការទទួលទានគ្រឿងស្រវឹងដ៏ជោគជាំបន្ថែមទៀតដែលអាចនឹងបង្កបញ្ហាជាគ្រោះថ្នាក់ចរាចរណ៍ និងគ្រោះថ្នាក់ផ្សេងៗជាយថាហេតុ។

ក្រៅពីគម្រោងផែនការដែលគេព្រាងជាបុគ្គលជាក្រុម ហើយនោះក៏មានសណ្ឋាគារ ភោជនីយដ្ឋាន បៀហ្គាដេន ខារ៉ាអូខេ និងក្លឹបរាត្រីផងដែរ ក៏បានប្រកាសនូវកម្មវិធីទាក់ទាញ សប្បាយ និងប្លែកៗជាច្រើន ប៉ុន្តែគ្រប់កម្មវិធីទាំងអស់នោះ គឺសុទ្ធសឹងតែមានភាពញុះញុងក៏ដូចជាទាក់ទាញ និងលើកទឹកចិត្តជាច្រើនដល់ការប្រើប្រាស់គ្រឿងស្រវឹង និង សភាពបែបភ្លើ.តភ្លើ.ន។
ទាំងនេះគឺអ្វីៗដែលយើងព្រួយបារម្ភ។ដូច្នេះ ដើម្បីបញ្ចៀសនូវបញ្ហាណាមួយយើងសូមលើកទឹកចិត្តអាណាព្យាបាលឲ្យយកចិត្តទុកដាក់ឃុំគ្រង និងពញាក់ស្មារតីនៃការប្រុងប្រយ័ត្នក៏ដូចជា ជួយដាស់សតិក្រុមយុវវ័យឲ្យហើយ ដើម្បីកុំអោយពួកគេធ្វើសកម្មភាពសប្បាយហួសពីព្រំដែន។
ប្អូនៗអស់លោក/លោកស្រីសប្បាយរីករាយចុះ ប៉ុន្តែសូមកុំឲ្យជ្រុលលើសពីការទទួលខុសត្រូវរបស់ខ្លួន។ការត្រេកត្រអាលជ្រុល ក្រៅពីអាចនាំទុក្ខទោសដល់ខ្លួនជាបុគ្គលដែលបានប្រពឹត្តហើយនោះក៏អាចនឹងបណ្តាលឲ្យមានបញ្ហាដល់អ្នកដទៃទៀតដែលមិនពាក់ព័ន្ធក៏ថាបាន ដូច្នេះសូមសប្បាយនៅក្នុងដែនកំណត់នៃការគ្រប់គ្រងសតិ និងចិត្តក៏ដូចជា សកម្មភាពរបស់យើងបាន។

ក្រៅពីនោះ សមត្ថកិច្ចនៅតាមមូលដ្ឋានដោយរួមទាំងសមត្ថកិច្ចប៉ូលិសចរាចរណ៍ សូមរឹតបន្តឹង ការត្រួតពិនិត្យលើការប្រើប្រាស់គ្រឿងស្រវឹង ការបើកបរហួសល្បឿនកំណត់ ការប្រើប្រាស់ អាវុ.ធខុសច្បាប់ និងដោយគ្មានបេសកម្ម ដើម្បីកាត់បន្ថយបញ្ហាដែលអាចកើតមានឡើងផងដែរ។
សរុបមកវិញនៅក្នុងបរិបទនៃសាកលភាវូបនីយកម្មការហាមឃាត់ ឬដាក់កម្រិតលើការចូលរួមនៅក្នុងកម្មវិធីទាំងអស់នេះពិតជាគ្មានប្រសិទ្ធភាពទេ ប៉ុន្តែយើងទាំងអស់គ្នាត្រូវស្វែងយល់ពីវា ហើយរីករាយនិងចូលរួមកម្មវិធីនេះជាមួយនឹងព្រំដែនមួយដែលយើងគួរតែកំណត់ទាំងអស់គ្នា ដើម្បីកុំឲ្យមានការជះឥទ្ធិពលខ្លាំងមកលើប្រពៃណីជាតិ ហើយក៏មិនបង្កបញ្ហាដល់ខ្លួនយើងអ្នកដទៃ និងអ្នកដែលពាក់ព័ន្ធ៕ដោយៈ ហេង ចេស្តារ
ចែករំលែកព័តមាននេះ