ចិន ៖ ក្រុមហ៊ុនផលិតទូរស័ព្ទរបស់ចិន Xiaomi បានចាប់ផ្តើមកាត់បន្ថយបុគ្គលិកប្រហែល ១៥ភាគរយនៅក្នុងអង្គភាពផលិតស្មាតហ្វូន និងសេវាកម្មអ៊ីនធឺណេត។ នេះបើយោងតាមសេចក្តីរាយការណ៍របស់កាសែតចិន South China Morning Post នៅថ្ងៃអង្គារ ទី ២០ ធ្នូនេះ។

កាសែតដែលមានមូលដ្ឋាននៅហុងកុងនេះ បានដកស្រង់បណ្តាញសង្គមដែលត្រូវបានបង្ហោះដោយបុគ្គលិករងផលប៉ះពាល់ និងប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសចិន។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២២នេះ ក្រុមហ៊ុន Xiaomi មានបុគ្គលិកចំនួន ៣៥.៣១៤ ដោយក្នុងនោះមានជាង ៣២.០០០នាក់នៅក្នុងប្រទេសចិន ហើយការប្រកាសនេះនឹងប៉ះពាល់ដល់បុគ្គលិករាប់រយនាក់។

កាលពីខែមុន Xiaomi បានរាយការណ៍ពីការធ្លាក់ចុះប្រាក់ចំណូល ៩,៧ភាគរយនៅក្នុងត្រីមាសទី ៣ ដោយសាររងផលប៉ះពាល់ដោយការរឹតបន្តឹងកូវីដ ១៩ និងការមិនសូវមានតម្រូវការពីអ្នកប្រើប្រាស់។ ប្រាក់ចំណូលពីលក់ទូរស័ព្ទស្មានហ្វូនបានធ្លាក់ចុះ ១១ភាគរយធៀបនឹងឆ្នាំមុន៕ (យោងតាមប្រភព៖ Reuters)


ចែករំលែកព័តមាននេះ