ស្វីស ៖ ក្រុមបាល់ទាត់បុរសជម្រើសជាតិអាហ្សង់ទីន នៅតែមិនអាចឡើងទៅឈរកំពូលតារាងចំណាត់ថ្នាក់ពិភពលោក FIFA Men’s Ranking នៅក្នុងខែធ្នូនេះ បើទោះបីជាពួកគេទើបតែបានយកឈ្នះលើបារាំង ដើម្បីឈ្នះជើងឯក FIFA World Cup 2022 នៅប្រទេសកាតា និងជាលើកដំបូងរបស់ពួកគេ ចាប់តាំងពីឆ្នាំ១៩៨៦ យ៉ាងណាក៏ដោយ។ នេះបើយោងតាមប្រភពពី ESPN ចេញផ្សាយកាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២។ គួររំលឹកថា World Cup 2022 ៖ ជំនួបតម្លៃ៧២លានដុល្លារ បញ្ចប់ទៅដោយអាហ្សង់ទីនជាម្ចាស់ជើងឯក (វីដេអូ)

ក្រុមគូប្រជែងនៅក្នុងតំបន់អាមេរិកខាងត្បូង (ឡាទីន) គឺប្រេស៊ីល នៅតែបន្តកាន់កាប់តំណែងកំពូលតារាងរបស់ខ្លួន ចាប់តាំងពីខែកុម្ភៈ ពោលគឺនៅពេលដែលពួកគេបានទម្លាក់បែលហ្សិក។

បើទោះបីជាប្រេស៊ីល ធ្លាក់ចេញពីព្រឹត្តិការណ៍ World Cup 2022 ត្រឹមវគ្គ៨ក្រុមចុងក្រោយយ៉ាងណាក៏ដោយ ក៏ជ័យជម្នះជាប្រវត្តិសាស្ត្ររបស់អាហ្សង់ទីន នៅតែមិនអាចផ្តួលប្រេស៊ីល ដើម្បីឡើងទៅគ្រប់គ្រាន់កំពូលតារាង FIFA Men’s Ranking ដោយបានត្រឹមឈរនៅចំណាត់ថ្នាក់លេខ២ តែប៉ុណ្ណោះ។

ប្រេស៊ីលឈ្នះតែ៣ប្រកួត ក្នុងចំណោម៥ប្រកួតរបស់ពួកគេ នៅព្រឹត្តិការណ៍ World Cup 2022 ដោយនៅក្នុងពូល G ពួកគេបានយកឈ្នះ ស៊ែប ស្វីស និងចាញ់កាមេរូន មុនឡើងទៅទម្លាក់កូរ៉េខាងត្បូង នៅវគ្គ១៦ក្រុមចុងក្រោយ ហើយអស់លទ្ធភាពបន្តទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រោយចាញ់ក្រូអាត ដោយការទាត់បាល់ប៉េណាល់ទីកាត់សេចក្តី នៅវគ្គ៨ក្រុមចុងក្រោយ។

ដោយឡែក អាហ្សង់ទីន ឈ្នះ៦ប្រកួតក្នុងចំណោម៧ប្រកួតរបស់ពួកគេ ដោយបើកឆាកពូល C ចាញ់អារ៉ាប៊ីសាអូឌីតយ៉ាងភ្ញាក់ផ្អើលបំផុត មុនឈ្នះម៉ិកស៊ិក និងប៉ូឡូញ ហើយបន្តទម្លាក់អូស្ត្រាលី នៅវគ្គ១៦ក្រុមចុងក្រោយ ទម្លាក់ហូឡង់ នៅវគ្គ៨ក្រុមចុងក្រោយ ដោយការទាត់បាល់ប៉េណាល់ទីកាត់សេចក្តី មុនពេលបន្តទម្លាក់ក្រូអាត នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងចុងក្រោយបង្អស់យកឈ្នះក្រុមការពារតំណែងជើងឯកបារាំង ដោយការទាត់បាល់ប៉េណាល់ទីកាត់សេចក្តី ដើម្បីក្លាយជាម្ចាស់ជើងឯក។

អាហ្សង់ទីន និងបារាំងឡើងមកឈរនៅលេខរៀងទី២ និងទី៣ រៀងៗខ្លួន ខណៈដែលបែលហ្ស៊ិកធ្លាក់ពីលេខរៀងទី២ មកដល់លេខ៤ បន្ទាប់ពីខកខានមិនបានឆ្លងផុតវគ្គចែកពូល។ អង់គ្លេសបន្តឈរនៅលេខ៥ដដែល ចំណែកហូឡង់ឡើងពីលេខរៀងទី៨ មកឈរនៅលេខរៀងទី៦។

ម៉ារ៉ុក និងអូស្ត្រាលី រំកិលខ្លួនឡើងរហូតដល់ ១១ចំណាត់ថ្នាក់យ៉ាងភ្ញាក់ផ្អើលបំផុតដូចគ្នា ដោយម៉ារ៉ុកឈរនៅលេខរៀងទី១១ និងអូស្ត្រាលីនៅលេខរៀងទី២៧។ ស្របពេលកាមេរូន ក៏រីករាយនឹងការរំកិលខ្លួនឡើងរហូត ១០ចំណាត់ថ្នាក់ ដោយឈរនៅលេខរៀងទី៣៣ អរគុណចំពោះការឈ្នះរបស់ពួកគេលើប្រេស៊ីល។

សហរដ្ឋអាមេរិកបានក្លាយជាក្រុមតំបន់ CONCACAF ដែលមានចំណាត់ថ្នាក់ខ្ពស់ជាងគេ ក្រោយរំកិលខ្លួនឡើង៣ចំណាត់ថ្នាក់ ឈរនៅលេខរៀងទី១៣ ខណៈម៉ិកស៊ិកធ្លាក់លេខ២ចំណាត់ថា្នក់ ឈរនៅលេខរៀងទី១៥។

ដោយឡែក កាណាដា និងកាតា គឺជាប្រទេសធ្លាក់ចំណាត់ថ្នាក់ខ្លាំងជាងគេ ដោយធ្លាក់ ១២ចំណាត់ថ្នាក់ដូចគ្នា ទៅឈរនៅលេខរៀងទី៥៣ និង៦២ រៀងៗគ្នា។ ស្របពេលវេលស៍ បានធ្លាក់៩ចំណាត់ថ្នាក់ ទៅឈរនៅលេខរៀងទី២៨ ដាណឺម៉ាកធ្លាក់៨ចំណាត់ថ្នាក់ ទៅឈរលេខរៀងទី១៨ ហើយស៊ែបក៏ធ្លាក់៨ចំណាត់ថ្នាក់ផងដែរ ទៅឈរនៅលេខរៀងទី២៩។
ខាងក្រោមនេះ គឺជាចំណាត់ថ្នាក់ពិភពលោកថ្មីទាំង២០ Top 20 របស់ FIFA ៖
១-ប្រេស៊ីល
២-អាហ្សង់ទីន
៣-បារាំង
៤-បែលហ្ស៊ិក
៥-អង់គ្លេស
៦-ហូឡង់
៧-ក្រូអាត
៨-អ៊ីតាលី
៩-ព័រទុយហ្គាល់
១០-អេស្ប៉ាញ
១១. ម៉ារ៉ុក
១២. ស្វីស
១៣. សហរដ្ឋអាមេរិក
១៤. អាល្លឺម៉ង់
១៥. ម៉ិកស៊ិក
១៦. អ៊ុយរ៉ាហ្គាយ
១៧. កូឡុំប៊ី
១៨. ដាណឺម៉ាក
១៩. សេណេហ្គាល់
២០. ជប៉ុន៕

ចែករំលែកព័តមាននេះ