ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

World Cup 2022 ៖ ជំនួប​តម្លៃ​៧២​លាន​ដុល្លារ បញ្ចប់​ទៅ​ដោយ​អា​ហ្ស​ង់​ទី​ន​ជា​ម្ចាស់​ជើងឯក (វីដេអូ)

3 ឆ្នាំ មុន

កា​តា ៖ បេស​កម្ម​រយៈពេល​២៩​ថ្ងៃ នៃ​ព្រឹត្តិការណ៍ FIFA World Cup 2022 នៅ​ប្រទេស​កា​តា ពោល​គឺ​ចាប់ពី​ថ្ងៃ​ទី​២០ ខែវិច្ឆិកា រហូត​ដល់​ថ្ងៃ​ទី​១៨ ខែធ្នូ បាន​បញ្ចប់​ជា​ស្ថាពរ និង​ជោគជ័យ ដោយ​ក្នុង​នោះ ក្រុមបាល់ទាត់​ជម្រើសជាតិ​អា​ហ្ស​ង់​ទី​ន គឺជា​ម្ចាស់​ជើងឯក បន្ទាប់​ពី​យកឈ្នះ​លើ​បារាំង នៅ​ក្នុង​ការ​ប្រកួត​ដ៏​ស្វិតស្វាញ​ជាទី​បំផុត ដោយ​ការ​ទាត់​បាល់​ប៉េ​ណា​ល់​ទី​កាត់សេចក្តី​។

ជំនួប​វគ្គ​ផ្តាច់ព្រ័ត្រ ដែល​ធ្វើ​ឡើង​នៅ​ឯ​កីឡដ្ឋាន Lusail មាន​មូលដ្ឋាន​ក្នុង​ទីក្រុង Lusail ដែល​ជាទី​ក្រុង​ធំ​ទី​២ របស់​កា​តា បាន​បញ្ចប់​ទៅ​យ៉ាង​ជោគជ័យ ក្រោម​ក្រសែរ​ភ្នែក​អ្នក​ទស្សនា ៨៨,៩៦៦​នាក់​។ ក្រុម​មេឃ​ខៀវ​អា​ហ្ស​ង់​ទី​ន បាន​បំបាក់ទឹកចិត្ត​អ្នកគាំទ្រ ក្រុម​មាន់គក​បារាំង ដោយ​បើក​ការ​នាំមុខ​មុន​២​គ្រាប់ នៅ​ក្នុង​វគ្គ​ទី​១ រកបាន​ដោយ​ប្រធាន​ក្រុម Lionel Messi ដោយ​បាល់​ប៉េ​ណា​ល់​ទី នៅ​នាទី​២៣ និង​នៅ​នាទី​៣៦ ដោយ​ខ្សែបម្រើ​ស្លាប Ángel Di María​។

ឈាន​ចូល​ដល់​វគ្គ​ទី​២ រឿង​ដ៏​ភ្ញាក់ផ្អើល​បាន​កើតឡើង ក្រោយ​ខ្សែប្រយុទ្ធ​បារាំង Kylian Mbappé ចាយ​ពេល​ត្រឹម​២​នាទី​ប៉ុណ្ណោះ ដើម្បី​តាម​ស្មើ​មក​វិញ ដោយ​គ្រាប់​ទី​១ នៅ​នាទី​៨០ ដោយ​បាល់​ប៉េ​ណា​ល់​ទី និង​គ្រាប់​ទី​២ នៅ​នាទី​៨១ ដែល​ធ្វើ​ឱ្យ​ការ​ប្រកួត​ត្រូវ​បន្ថែម ១៥​នាទី ២​ដង​។

ការ​ប្រកួត​នៅ​ម៉ោង​បន្ថែម ១៥​នាទី ២​ដង ក៏​មានការ​ស៊ុត​បញ្ចូល​ទី​គ្នា​ផង​ដែរ ដោយនៅ​ក្នុង​នោះ អា​ហ្ស​ង់​ទី​ន បាន​បើក​ការ​នាំមុខ​សារ​ជា​ថ្មី រកបាន​ដោយ Messi ដដែល នៅ​នាទី​១០៨ មុន​ពេល Mbappé វាយបក​តាម​ស្មើ​ជា​ថ្មី​ម្តងទៀត នៅ​នាទី​១១៨ ដោយ​ការ​ទាត់​បាល់​ប៉េ​ណា​ល់​ទី ដែល​ធ្វើ​ឱ្យ​ខ្សែប្រយុទ្ធ​បារាំង​វ័យ​២៣​ឆ្នាំ​រូប​នេះ ធ្វើ​បាន Hat-tirck នៅ​ក្នុង​ការ​ប្រកួត​នេះ និង​បញ្ចប់​ទៅ​ក្នុង​លទ្ធផល ៣-៣​។

អ្វី​ៗ​បាន​ចប់​សព្វគ្រប់ នៅ​ពេល​ឈាន​ដល់​ការ​ទាត់​បាល់​ប៉េ​ណា​ល់​ទី​កាត់សេចក្តី ដោយ​ក្រុម​មេឃ​ខៀវ​អា​ហ្ស​ង់​ទី​ន ត្រូវ​បាន​កំណត់​ជា​ម្ចាស់​ជើងឯក World Cup 2022 ក្រោយ​យកឈ្នះ​ដោយ​លទ្ធផល ៤-២​។

នេះ​គឺជា​ការ​ឈ្នះ​ជើងឯក World Cup លើក​ទី​៣ សម្រាប់​អា​ហ្ស​ង់​ទី​ន និង​ជា​លើក​ដំបូង ក្រោយ​ខកខាន​អស់​រយៈពេល​៣៦​ឆ្នាំ ហើយ​ក៏​ជា​លើក​ដំបូង​នៅ​ក្នុង​អាជីព​របស់​ប្រធាន​ក្រុម Lionel Messi ដែល​គ្រប់​គ្នា សុទ្ធតែ​ចង់​ឃើញ​កំពូល​ខ្សែប្រយុទ្ធ​វ័យ​៣៥​ឆាំ្ន​រូប​នេះ ឈ្នះ​ជើងឯក World Cup មុន​ពេល​ចូល​និវត្តន៍​។

ដោយឡែក​ការ​បរាជ័យ​របស់​បារាំង បាន​ធ្វើ​ឱ្យ​ពួក​គេ​ខកខាន​បង្កើត​កំណត់​ត្រា​ជា​ប្រវត្តិសាស្ត្រ ក្នុង​នាម​ជា​ប្រទេស​ទី​៣ ឈ្នះ​ជើងឯក World Cup ចំនួន​២​ព្រឹត្តិការណ៍​ជាប់​គ្នា (​ការពារ​តំណែង​ជើងឯក​) បន្ទាប់​ពី​អ៊ី​តា​លី​ធ្វើ​បាន​នៅ​ឆ្នាំ​១៩៣៤ និង​១៩៣៨ ហើយ​ប្រេ​ស៊ី​ល នៅ​ឆ្នាំ​១៩៥៨ និង​១៩៦២​។

ក្រៅពី​ឈ្នះ​បាន​ពានរង្វាន់​មាស ក្នុង​នាម​ជា​ម្ចាស់​ជើងឯក World Cup 2022 អា​ហ្ស​ង់​ទី​ន ក៏​ទទួល​បាន​ប្រាក់​រង្វាន់​ចំនួន ៤២​លាន​ដុល្លារ​អា​មេ​រិ​ក​ផង​ដែរ ខណៈ​បារាំង ទទួល​បាន ៣០​លាន​ដុល្លារ ក្នុង​នាម​ជា​ក្រុម​រងជើង​ឯក​។ ក្រុម​អណ្តាតភ្លើង​ក្រូ​អាត ទទួល​បាន ២៧​លាន​ដុល្លារ ក្នុង​នាម​ក្រុម​ចំណាត់ថ្នាក់​លេខ​៣ និង​ក្រុម​ចំណាត់ថ្នាក់​លេខ​៤ តោ​កំណាច​ដែនដី​អា​ត្លា​ស់ទ​ទួល​បាន ២៥​លាន​ដុល្លារ​។

ខាងក្រោម​នេះ គឺជា​កីឡាករ ដែល​ឈ្នះ​ពានរង្វាន់​ឯកត្តជន ក្រោយ​បញ្ចប់​ព្រឹត្តិការណ៍ World Cup 2022 នៅ​ប្រទេស​កា​តា
-​ខ្សែប្រយុទ្ធ​អា​ហ្ស​ង់​ទី​ន Lionel Messi ឈ្នះ​ពាន​កីឡាករ​ល្អ​បំផុត​ប្រចាំ​ព្រឹត្តិការណ៍ (Golden Ball)
-​ខ្សែប្រយុទ្ធ​បារាំង Kylian Mbappé ឈ្នះ​ពាន​ស្បែកជើង​មាស (Golden Boot) ជា​កីឡាករ​ស៊ុត​បញ្ចូល​ទី​ច្រើន​ជាងគេ​ប្រចាំ​ព្រឹត្តិការណ៍ ៨​គ្រាប់

-​អ្នកចាំទី​អា​ហ្ស​ង់​ទី​ន Emiliano Martínez ឈ្នះ​ពាន​ស្រោមដៃ​មាស (Golden Glove)
-​ខ្សែបម្រើ​អា​ហ្ស​ង់​ទី​ន Enzo Fernández ឈ្នះ​ពាន​កីឡាករ​វ័យក្មេង​ល្អ​បំផុត​ប្រចាំ​ព្រឹត្តិការណ៍ (FIFA Young Player Award)

ដោយឡែក ក្រុម​តោ​កំណាច​អង់គ្លេស​ឈ្នះ​ពានរង្វាន់ ក្រុម​មានការ​ប្រកួតប្រជែង​ប្រកបដោយ​យុត្តិធម៌ ការ​គោរព មិត្តភាព ស្មារតី​ជា​ក្រុម និង​សមភាព (FIFA Fair Play Trophy)

https://www.youtube.com/watch?v=6naxLEIC5Uw