រដូវរងាពលរដ្ឋសម្រាន្តលក់ស្រួល ឯលោកចោរក៏ធ្វើសកម្មភាពលួចស្រួលដែរ
- បាត់ដំបង
ខេត្តបាត់ដំបង ៖ សត្វគោយ៉ាងតិចចំនួន០៦ក្បាល ក្នុងចំណោម១០ក្បាល ត្រូវចោរលួចដឹកឡើងរថយន្ត រួចបើកចាកចេញដោយសុវត្ថិភាព កាលពីវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី១៩ ធ្នូ ដែលម្ចាស់បានចងផ្ដុំគ្នានៅក្នុងចំការមួយកន្លែង ស្ថិតក្នុងភូមិភ្នំប្រាំពីរ ឃុំបួរ ស្រុកភ្នំព្រឹក ខណៈម្ចាស់ដែលដេកយាមសម្រាន្តភ្លេចខ្លួនលង់លក់ស្រួលជាមួយនឹងកំដៅភ្នក់ភ្លើងនារដូវរងា។

សេចក្ដីរាយការណ៍បានឲ្យដឹងថា ម្ចាស់គោឈ្មោះ ហយ រឿន ភេទប្រុស អាយុ៥១ឆ្នាំ រស់នៅក្នុងភូមិ-ឃុំកើតហេតុខាងលើ ។ គាត់ត្រូវសមត្ថកិច្ចស្រង់សំដីយ៉ាងដូច្នេះថា «សត្វគោសរបស់ខ្ញុំ សរុបចំនួន១០ក្បាលចង់ជុំគ្នាមួយកន្លែង តែត្រូវលោកចោរលួចដឹកយកអាធំៗអស់ចំនួន០៦ក្បាលទៅហើយ នៅសល់តែអាតូចៗ ដែលមិនទាន់ខ្លុះចំនួន០៤ក្បាលប៉ុណ្ណោះ»។

ម្ចាស់គោបានរាយការណ៏ថា គាត់បានចងគោទាំងអស់ជុំគ្នានៅក្នុងចំការ ហើយគាត់ក៏បានដេកយាមនៅទីនោះដែរ ដោយមានដុតភ្នក់ភ្លើងបំភ្លឺផង។ ប៉ុន្តែនៅពេលគាត់សម្រាន្តលក់ជ្រុល ស្រាប់តែព្រឹកឡើងភ្ញាក់ពីដំណេកបាត់គោអស់ពីក្រោល សល់កូនគោតូចៗ០៤ក្បាល។ ក្រោយបានប្ដឹងទៅសមត្ថកិច្ច គាត់បានតាមដាន រកមើលស្លាកស្នាមគន្លងក្រុមចោរដឹកគោ ឃើញស្នាមដានជើងគោ ដែលក្រុមចោរបានដឹកចេញពីចំការសំដៅទៅផ្លូវជាតិ ទំនងមានរថយន្តឈប់រង់ចាំដឹកនៅទីនោះ។
លោក បូ បុល នាយប៉ុស្ដិ៍រដ្ឋបាលឃុំបួរ បាននិយាយដែរថា បើតាមការសាកសួរ ម្ចាស់គោទំនងដេកលក់ភ្លេចខ្លួន ត្រូវនឹងកំដៅភ្នក់ភ្លើងនៅក្បែរខ្លួនផងនារដូវរងាបែបនេះ ទើបបានជាក្រុមចោរចូលលួចគោទាំងហ្វូងគាត់សម្រាន្តលក់មិនដឹង ។ លោកបានប្រាប់ថា បើតាមការសាកសួរម្ចាស់គោ គាត់តែងចងគោបន្លាស់ទីមិនទៀងទាត់ទេ ។ ម្ដងចងនៅទីនេះ ម្ដងចងទីនោះ ព្រោះសំអាងរដូវនេះដីទូលាយ ខ្ជិលដឹកទៅចងនៅផ្ទះ ហើយគាត់ដេកយាមជាប្រចាំ តែលើកនេះភ្លាត់ស្នៀតត្រូវលោកចោរលួចគោអស់ពីក្រោល។

នេះជាការធ្វេសប្រហែសពេលយកគោទៅចងកណ្ដាលវាលក្នុងចំការឆ្ងាយពីភូមិ ហើយដេកភ្លេចខ្លួន។ លោក បូ បុល បានបញ្ជាក់ថា បើតាមការពិនិត្យស្លាកស្លាម ក្រុមចោរដែលមានបក្សពួកលើសពី០២នាក់ បាននាំគ្នាដឹកគោនោះចេញពីកន្លែងចង រួចដឹកទៅឡើងរថយន្តដែលឈប់រង់ចាំជាស្រេចនៅលើផ្លូវជាតិ ចម្ងាយប្រហែល៣០០ម៉ែត្រប៉ុណ្ណោះពីកន្លែងចងគោ តែយើងមិនអាចដឹងថា ក្រុមចោរបានដឹកសត្វគោទាំង០៦ក្បាលនោះចេញទៅទិសខាងណាទេ។
ព្រោះពេលនោះ លោកក៏បានទំនាក់ទំនង សុំឲ្យកម្លាំងគ្រប់មូលដ្ឋានជួយតាមដាននិងស្រាវជ្រាវដែរ។ នេះមិនមែនជាលើកដំបូងទេ ដែលក្រុមចោរហារយនាំគ្នាចេញលួចគោទាំងហ្វូងៗ ដឹកតាមរថយន្ត ។ កាលពីប៉ុន្មានខែមុន ក្រុមចោរដែលមានលក្ខណៈស្រដៀងគ្នានេះ ក៏បាននាំគ្នាបើករថយន្តទៅលួចដឹកសត្វក្របីអ្នកភូមិចំនួន០៤ក្បាលចេញពីក្នុងក្រោល ដោយសុវត្ថិភាពម្ដងដែរ នៅភូមិសំរោង ឃុំស្នឹង ស្រុកបាណន់ ខណៈម្ចាស់ក្របីនោះមានការធ្វេសប្រហែសដូចគ្នា ចងចោលនៅក្នុងដីឡូត៍ដាច់ឆ្ងាយពីភូមិ តែខកខានមិនបានទៅដេកយាមមួយយប់។

រហូតមកដល់ពេលនេះ សូម្បីតែស្រមោលចោរប៉ុនក្រចកដៃ ក៏សមត្ថកិច្ចគ្មានតម្រុយដែរ។ ចំពោះករណីលោកចោរហារយនាំគ្នាបើករថយន្តទៅលួចដឹកគោទាំងហ្វូងនៅស្រុកភ្នំព្រឹកខាងលើនេះ បើតាមលោក បូ បុល មេប៉ុស្ដ៏រដ្ឋបាល ឃុំបួរ បានរំលឹកថា កន្លងមកលោកធ្លាប់បានអំពាវនាវជារឿយៗ ដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ខានរបស់លោក ដែលមានគោក្របីឲ្យមានការប្រុងប្រយ័ត្នក្នុងការចងទុកដាក់ពេលយប់ ឬ យកទៅឃ្វាលនៅតាមព្រៃ ឬ នៅតាមចំការពេលថ្ងៃ។
ជាពិសេស នៅក្នុងរដូវប្រាំងនេះតែម្ដង ព្រោះសកម្មភាពក្រុមចោរលួចគោដឹកតាមរថយន្តនេះហាក់កំពុងផុសផុលសម្បើមណាស់ កើតមានឡើងស្ទើរគ្រប់ទីកន្លែង គ្រប់ខេត្ត រាជធានី។ ដូច្នេះមានតែម្ចាស់គោក្របីខ្លួនឯងទេ ដែលត្រូវបង្កើនការប្រុងប្រយ័ត្ន កុំចាំដល់ពេលបាត់បង់ ទើបទៅប្ដឹងឲ្យសមត្ថកិច្ចជួយអន្តរាគមន៏ គឺអ្វីៗហួសពេលអស់ទៅហើយ។ ប៉ុន្តែយ៉ាងណា ពេលនេះសមត្ថកិច្ចក៏កំពុងតាមស៊ើបអង្កេតលើករណីនេះដែរ៕

ចែករំលែកព័តមាននេះ