ហ៊ានមែន! បុរសជិះកង់មកច្រានទម្លាក់នារីម្នាក់ធ្លាក់ពីលើម៉ូតូ រួចធ្វើសកម្មភាពផ្អើលម្តុំផ្សារដីថ្មី
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ជនសង្ស័យម្នាក់ត្រូវបានបងប្អូនប្រជាពលរដ្ឋជួយដេញចាប់ រួចប្រគល់អោយសមត្ថកិច្ច បន្ទាប់ពីធ្វើសកម្មភាពច្រានទម្លាក់នារីម្នាក់ពីលើម៉ូតូ រួចប្លន់យកម៉ូតូបានហើយជិះរត់គេចខ្លួន តែរត់មិនរួច បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០យប់ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ នៅម្តុំផ្សារដីថ្មី ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ហើយជនសង្ស័យត្រូវឃាត់ខ្លួនបាននៅម្តុំផ្លូវ២១៧ ទល់មុខហាងស៊ុបម្រះ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ។

សេចក្តីរាយការណ៍បន្តថា ជនសង្ស័យខាងលើមានឈ្មោះ យូរ រស្មី ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅម្ដុំត្រពាំងថ្លឹង ខណ្ឌពោធិ៍សែន ដោយឡែកជនរងគ្រោះវិញសុំមិនបញ្ចេញឈ្មោះ គ្រាន់តែដឹងថា ម៉ូតូរបស់គាត់ម៉ាកហុងដា BEAT ពណ៌សលាយក្រហម ស៊េរីឆ្នាំ២០២២ ពាក់ស្លាកលេខ ភ្នំពេញ1 JK 3822 ។

តាមប្រភពពីជនរងគ្រោះបានអោយដឹងថា មុនពេលកើតហេតុ រូបគាត់បានជិះម៉ូតូហុងដាប៊ិត ពណ៌សលាយក្រហម ស៊េរីឆ្នាំ២០២២ មកឈប់នៅមុខផ្ទះ ម្តុំផ្សារដីថ្មី គាប់ជួនពេលនោះដែរ ក៏ស្រាប់តែលេចមុខជនសង្ស័យម្នាក់ជិះកង់មួយគ្រឿងមកជិត ហើយក៏បានធ្វើសកម្មភាពរុញច្រានរូបគាត់ បណ្តាលឲ្យធ្លាក់ពីលើម៉ូតូរងរបួសក្បាលជង្គង់ខាងស្ដាំ បន្ទាប់មកជនសង្ស័យនោះក៏បានយកម៉ូតូជិះរត់គេចខ្លួនតែម្ដង។

ប្រភពដដែលបានបន្តទៀតថា បន្ទាប់ពីជនសង្ស័យជិះរត់ហើយ រូបគាត់ក៏បានស្រែកថា «ចោរៗ» ផ្អើលឆោឡោដល់ប្រជាពលរដ្ឋដែលឃើញហេតុការណ៍ ហើយក៏បានជិះម៉ូតូជួយដេញតាមចាប់ជនសង្ស័យ រហូតដល់ម្តុំផ្លូវ២១៧ ទល់មុខហាងស៊ុបម្រះ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យដដែល ក៏ឃាត់ខ្លួនជនសង្ស័យបានម្នាក់ និងដកហូតម៉ូតូរបស់ជនរងគ្រោះបានមកវិញផងដែរ បន្ទាប់មកបានប្រគល់ជនសង្ស័យអោយសមត្ថកិច្ចយកទៅសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី២តែម្ដងទៅ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចសាកសួរថា ករណីនេះគឺកើតហេតុនៅក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ទើបសមត្ថកិច្ចស្ទឹងមានជ័យទី២ ប្រគល់ជនសង្ស័យ និងជនរងគ្រោះអោយទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ ដើម្បីអោយសមត្ថកិច្ចចាត់ការតាមនីតិវិធីផងដែរ៕



ចែករំលែកព័តមាននេះ