ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ជាង​៣​ម៉ឺន​នាក់ បាន​ទទួល​សេវា​បង្ការ​ការ​ចម្លង និង​ធ្វើតេស្ត​ឈាម​រក​មេរោគ​អេ​ដ​ស៏

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ មន្ត្រី​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ បាន​អះអាង​ថា ក្នុង​រយៈពេល​មួយ​ឆ្នាំ គឺ​ឆ្នាំ​២០១៦​កន្លង​មក មណ្ឌល​សុខភាព​សាធារណ​ទូ​ទាំង​រាជធានី​ភ្នំពេញ បាន​ទទួល​ការ​ពិនិត្យ និង​ផ្តល់​សេវា​បង្ការ​ការ​ចម្លង​មេរោគ​អេ​ដ​ស៏ ពី​ម្តាយ​ទៅ​កូន និង​ធ្វើតេស្ត​ឈាម​រក​មេរោគ​អេ​ដ​ស៏ ដោយ​ស្ម័គ្រចិត្ត​មាន​ចំនួន​៣១,២១៤​នាក់ សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ ដែល​ទទួល​ការ​ពិនិត្យ​លើក​ទី​១ ។

រាជធានី​ភ្នំពេញ ៖ មន្ត្រី​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ បាន​អះអាង​ថា ក្នុង​រយៈពេល​មួយ​ឆ្នាំ គឺ​ឆ្នាំ​២០១៦​កន្លង​មក មណ្ឌល​សុខភាព​សាធារណ​ទូ​ទាំង​រាជធានី​ភ្នំពេញ បាន​ទទួល​ការ​ពិនិត្យ និង​ផ្តល់​សេវា​បង្ការ​ការ​ចម្លង​មេរោគ​អេ​ដ​ស៏ ពី​ម្តាយ​ទៅ​កូន និង​ធ្វើតេស្ត​ឈាម​រក​មេរោគ​អេ​ដ​ស៏ ដោយ​ស្ម័គ្រចិត្ត​មាន​ចំនួន​៣១,២១៤​នាក់ សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ ដែល​ទទួល​ការ​ពិនិត្យ​លើក​ទី​១ ។

ក្នុង​ពិធី​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ សុខាភិបាល​ឆ្នាំ​២០១៦ និង​ទិស​ដៅ​ការងារ​ឆ្នាំ​២០១៧​របស់​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៥ ខែមិថុនា កន្លង​មក លោក បណ្ឌិត ងី មាន​ហេង ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា ៖ រាជធានី​ភ្នំពេញ មាន​មន្ទីរពេទ្យ​ចំនួន​៧ និង​មណ្ឌល​សុខភាព​ចំនួន​៣៩​ទីតាំង ដែល​បាន​នឹង​កំពុង​ផ្តល់​សេវា​សុខាភិបាល​ជូន​ប្រជាពលរដ្ឋ ។ លោក​បន្ត​ថា ឆ្នាំ​២០១៦​កន្លង​មក ស្ត្រី​មាន​ផ្ទៃពោះ​ដែល​ទទួល​សេវា​សម្រាលកូន​នៅ​តាម​មូលដ្ឋាន​សុខាភិបាល​សាធារណៈ មានការ​ថយ​ចុះ​ពី​៤៧,៧៥% ទៅ​៤៥,០៦% ចំណែក​ការ​ផ្តល់​សេវា​ពន្យារកំណើត​មានការ​កើតឡើង​ពី​៧,៧៩% ទៅ​៩,០៧% បើ​ធៀប​ពី​ឆ្នាំ​២០១៥ ទៅ​នឹង​ឆ្នាំ​២០១៦ ។ លោក បណ្ឌិត ងី មាន​ហេង បាន​ឲ្យ​ដឹង​ទៀត​ថា មន្ទីរ​សុខាភិបាល បាន​ផ្តល់​សេវា​ប្រឹក្សា និង​ធ្វើតេស្ត​ឈាម​រក​មេរោគ​រោគ​អេ​ដ​ស៏​ដោយ​ស្ម័គ្រចិត្ត និង​រក្សា​ការ​សម្ងាត់​ដល់​អតិថិជន​ចំនួន​៤៦,៥២៨​នាក់ ផ្តល់​ការ​ពិនិត្យ និង​ព្យាបាល​ជម្ងឺ​ឱកាសនិយម និង​ផ្តល់​ឱសថ​ប្រឆាំង​មេរោគ​អេ​ដ​ស៏ ដល់​អ្នកជម្ងឺ​អេ​ដ​ស៏​សរុប​ចំនួន​៤,០៤៨​នាក់ ក្នុង​នោះ​មាន​កុមារ​៥៣២​នាក់ ពិនិត្យ​ស្រាវជ្រាវ​រក​ជម្ងឺរបេង​បាន​ចំនួន​៥,៣៩០​ករណី និង​អ្នកជម្ងឺ​របេង​ចំនួន​៩៩៣​នាក់ បាន​ទទួល​ការ​ព្យាបាល​ឲ្យ​ជា​សះស្បើយ​រហូត​ដល់​៩៥%​ផង​ដែរ ។ លោក​ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់​ថា ទោះបី​មន្ទីរ​សុខាភិបាល ទទួល​បាន​លទ្ធផល​ជា​វិជ្ជមាន​ជា​ច្រើន​ក្តី ប៉ុន្តែ​នៅ​មានការ​ងារ​មួយ​ចំនួន​ដែល​មិន​ទាន់​សម្រេច​បាន និង​ចំណុច​ខ្វះខាត​មួយ​ចំនួន ដូច​ជា​ចំនួន​បុគ្គលិក​ក្រប​ខណ្ឌ នៅ​តាម​មណ្ឌល​សុខភាព​មួយ​ចំនួន មិន​ទាន់​សម​ស្រប​នឹង​ទំហំ​ការងារ​ដែល​កើន​ឡើងជា​រៀង​រាល់​ឆ្នាំ ជា​ពិសេស​ឆ្មប​មធ្យម ព្រមទាំង​ការ​គោរព​ក្រម​សីល​ធ​ម៏ វិជ្ជាជីវៈ​របស់​មន្ត្រី​សុខាភិបាល​មួយ​ចំនួន​តូច នៅ​មិន​ទាន់​បាន​ប្រសើរ ក៏​ដូច​ជា​ការ​យល់​ដឹង និង​ការ​ផ្លាស់​ប្តូរ​ឥរិយាបថ​របស់​ប្រជាពលរដ្ឋ​នៅ​មាន​កម្រិត​នៅឡើយ​ផង​ដែរ ។

លោក មាន ចាន់​យ៉ា​ដា អភិបាលរង​រាជធានី​ភ្នំពេញ មាន​ប្រសាសន៍​ថា ៖ ការ​ផ្តល់​សេវា​សុខាភិបាល នៅ​រាជធានី​ភ្នំពេញ មាន​ភាពល្អ​ប្រសើរ មាន​ក្រមសីលធម៌​វិជ្ជាជីវៈ ទោះបី​មាន​ប្រព័ន្ធ​សង្គម​ហ្វេ​សបុ​កមួយ​ចំនួន​បាន​វាយប្រហារ​ក្រុម​គ្រូពេទ្យ​យើង​ក្តី តែ​នេះ​ជា​កំហុសឆ្គង​របស់​គ្រូពេទ្យ​មួយ​ចំនួន​តូច​ប៉ុណ្ណោះ ដែល​ទាំងនេះ​ផ្តើម​ចេញពី​ការ​ធ្វេសប្រហែស​របស់​គ្រូពេទ្យ មិនមែន​គ្រូពេទ្យ​ទាំង​អស់នោះ​ទេ ដែល​យើង​ត្រូវ​រួម​គ្នា​ដើម្បី​កែ​លម្អ​ឲ្យ​បាន​ប្រសើរ​ឡើង​បន្ថែម​ទៀត ។ លោក​បន្ត​ថា ការងារ​របស់​គ្រូពេទ្យ​ក្នុង​ការ​បម្រើសេវា​ជូន​ប្រជាពលរដ្ឋ មិន​ត្រូវ​មើល​ស្រាល និង​ធ្វេសប្រហែស​ទេ ដោយ​វា​ជា​ការងារ​ស្នូល នៅ​កៀក​កិត​ជាមួយ​ប្រជាពលរដ្ឋ ដូច្នេះ​ត្រូវធ្វើ​ឲ្យ​បាន​ល្អ ទទួលខុសត្រូវ​ខ្ពស់ និង​មាន​ក្រមសីលធម៌ វិជ្ជាជីវៈ ដោយ​មិន​ប្រកាន់​ថា អ្នកមាន​លុយ​អ្នក​អត់​លុយ​នោះ​ទេ គ្រូពេទ្យ​ត្រូវ​តែ​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​នៅ​ពេល​ដែល​គាត់​ទៅ​ទទួល​សេវា​ឲ្យ​បាន​ល្អ ៕