រាជធានីភ្នំពេញ ៖ បុរសម្នាក់បន្ទាប់ពីដឹកកូនស្រីទៅរៀនសាលាមត្តេយ្យឯកជនមួយកន្លែងរួចហើយស្រាប់តែមិនឃើញត្រឡប់មកផ្ទះវិញ ខណៈប្រពន្ធមានការភ័យបារម្ភជាខ្លាំងដើររកគ្រប់ច្រកល្ហកនៅតែមិនឃើញ ។
ហេតុការណ៍ខាងលើនេះ បង្កការភ្ញាក់ផ្អើលកាលពីវេលាវេលាម៉ោង១រសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ ស្ថិតនៅចំណុចភូមិព្រៃព្រីងជើង២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
បុរសជាប្ដីដែលបាត់ខ្លួនឈ្មោះ ហ៊ាញ គឹមសាន អាយុ២៨ឆ្នាំ មុខរបរលក់ប្រហិតនិងបុកល្ហុង ស្នាក់នៅភូមិព្រៃជីសាក់ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានស្រុកកំណើតនៅស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ។
ប្រពន្ធឈ្មោះ ពេជ្រ ឆវី អាយុ២៦ឆ្នាំ សព្វថ្ងៃលក់ដូរជាមួយគ្នា មានកូនស្រីពីរនាក់ កូនបងអាយុ ៥ឆ្នាំ ចូលរៀននៅសាលាមត្តេយ្យឯកជន ចំណែកកូនប្អូនអាយុ១ខូបកន្លះ ។ ម៉ូតូដែលប្ដីជិះយកទៅជាមួយនោះ ម៉ាក ហុងដាឃ្លិច ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1GW-2096 ។
តាមប្រភពបញ្ជាក់ពីស្រី្តជាប្រពន្ធបានឲ្យដឹងថា នៅមុនពេលកើតហេតុ ប្ដីរបស់គាត់បានសុំលុយ៣ពាន់រៀលទិញបារីជក់និងឌុបកូនស្រីបងអាយុ៥ឆ្នាំយកទៅរៀននៅសាលាមត្តេយ្យឯកជនមួយកន្លែងដូចសព្វដង បន្ទាប់ពីយកកូនដល់ថ្នាក់រៀនហើយ ស្រាប់តែមិនឃើញបុរសជាប្ដីត្រឡប់មកផ្ទះវិញ គាត់មានការងឿងឆ្ងល់ខុសប្លែកពីសព្វដង មិនដែលអញ្ចឹងទេ ។ ធ្លាប់តែដឹកកូនទៅដាក់នៅសាលារួចហើយត្រឡប់មកជួយលក់ដូរប្រពន្ធវិញ តែពេលនេះមិនឃើញមកស្រី្តជាប្រពន្ធបានជិះម៉ូតូដើររកសព្វកន្លែងអស់ដោយសារបារម្មណ៏ខ្លាចប្ដីមានរឿងអ្វីកើតឡើងពីព្រោះបាត់ទៅគ្មានដំណឹងទាល់តែសោះ ចំណែកប្ដីមិនបានយកទូរស័ព្ទទៅជាមួយជាប់ខ្លួនឡើយ ដូច្នេះពិបាកទំនាក់ទំនងរកទៀត ។
ប្រពន្ធបានបន្តទៀតថាប្ដីរបស់គាត់ទៅណាមកណាមិនដែលចោលផ្ទះចោលប្រពន្ធនិងកូននោះឡើយ។ ជាចុងក្រោយទើបពឹងពាក់អ្នកសារព័ត៌មានអោយជួយផ្សព្វផ្សាយស្វែងរកប្ដីរបស់គាត់នឹងពឹងលើបងប្អូនតាមបណ្ដាញសង្គមហ្វេសបុក រឺមួយបើបងប្អូនណាបានឃើញជួបនៅម្ដុំណាមេត្តាជួយទំនាក់ទំនងមកតាមលេខទូរស័ព្ទ 096 256 0296 ប្រពន្ធកំពុងតែរង់ចាំទទួលដំណឹង២៤ម៉ោង ៕










ចែករំលែកព័តមាននេះ