ទីបំផុត! ចៅក្រមស៊ើបសួរសម្រេចហើយ ករណី អឿន ម៉ូលីកា មេតុងទីនអនឡាញដ៏ល្បីល្បាញ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ទីបំផុតលោកស្រីចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចចេញដីកាឃុំខ្លួននាង អឿន ម៉ូលីកា ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ. មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ពោលគឺពាក់ព័ន្ធចេញមូលប្បទានប័ត្រអត់សាច់ប្រាក់ (សែកស្អុយ) ប្រមាណ ៣៦ ៥០០០ ដុល្លារអាមេរិក។

ជនសង្ស័យខាងលើមានឈ្មោះ អឿន ម៉ូលីកា ភេទស្រី អាយុ២៧ឆ្នាំ (១៩៩៥) មុខរបរជាអ្នករកស៊ី មានទីលំនៅផ្ទះលេខ១០ ផ្លូវលេខ បុរីវ៉ារីណា សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ហើយសំណុំរឿងខាងលើនេះ បានស្ថិតនៅលោក អ៊ុ សុភក្តិ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បើកការស៊ើបសួរ ក្រោយពីសួរចប់តំណាងអយ្យការបានធ្វើការចោទប្រកាន់ជនសង្ស័យជាផ្លូវការ រួចបានចាត់បញ្ជូនទៅខាងចៅក្រម។ បន្ទាប់មកសំណុំរឿងបានដល់ដៃលោកស្រី ទិត ដាលីន ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ក្រោយពីការស៊ើបសួររយៈពេល២ថ្ងៃ លោកស្រីចៅក្រមក៏បានសម្រេចចេញដីកាឃុំខ្លួនជនសង្ស័យ ដាក់ពន្ធនាគារជាបណ្តោះអាសន្ន នៅល្ងាចថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២នេះតែម្តងទៅ។

តាមប្រភពព័ត៌មានបង្ហើបឲ្យដឹងថា ជនសង្ស័យឈ្មោះ អឿន ម៉ូលីកា បានជាប់ពាក់ព័ន្ធលើពាក្យបណ្តឹង២ ដែលសុទ្ធតែជាបទល្មើសព្រហ្មទណ្ឌ ចេញសែកស្អុយ ស្មើទឹកប្រាក់ប្រមាណ ៣៦ ៥០០០ ដុល្លារអាមេរិក។ ដោយពាក្យបណ្តឹងទី១- អ្នកនាង អឿន ម៉ូលីកា ចេញមូលប្បទានប័ត្រអត់សាច់ប្រាក់ចំនួន ៣០ ម៉ឺនដុល្លារអាមេរិកឲ្យទៅឈ្មោះ សម្ផស្ស សូលីដា អ្នកលេងតុងទីនជាមួយគ្នា និងពាក្យបណ្តឹងទី២- នាង អឿន ម៉ូលីកា បានចេញមូលប្បទានប័ត្រអត់សាច់ប្រាក់ឲ្យទៅឈ្មោះ ទី ចាន់នូ ចំនួន ៦៥ ០០០ ដុល្លារអាមេរិក ក៏ជាអ្នកលេងតុងទីនដែរ ដើម្បីយកទៅទិញរថយន្ត ដោយជនសង្ស័យបានអះអាងថា ខ្ចីមិនដល់មួយខែទេ នឹងប្រគល់ប្រាក់សងវិញគ្រប់ចំនួន ទីបំផុតចេញសែកស្អុយមួយសន្លឹក។

សូមបញ្ជាក់ថា មន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបង្ហើបឲ្យដឹងថា មេតុងទីនអនឡាញដ៏ល្បីល្បាញមួយរូប គឺឈ្មោះ អឿន ម៉ូលីកា សមត្ថកិច្ចជំនាញបាននិងកំពុងសាកសួរយកចម្លើយបឋម ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ។ ដូច្នេះសំណុំរឿងនេះ នឹងគ្រោងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ស្អែកនេះ ដែលមិនទុកតទៅទៀតបាន។

សូមជម្រាបថា កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ កាលពីវេលាម៉ោង១៥និង២៥នាទីរសៀល ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ បានចុះធ្វើការឃាត់ខ្លួនអ្នកនាង អឿន ម៉ូលីកា តាមដីកាបញ្ជាឱ្យចូលខ្លួនរបស់ឯកឧត្តម ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃអយ្យកាអមសាលាដំបូងរាជធានីភ្នំពេញ លេខ៥៦៣ អ.យ.ក ចុះថ្ងៃទី១២ ខែធ្នូ ឆ្នាំ ២០២២ ពាក់ព័ន្ធករណី.មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន ដែលប្រព្រឹត្តនៅរាជធានីភ្នំពេញកន្លងមក ។ ការឃាត់ខ្លួនអ្នកនាង ម៉ូ លីកា គឺសមត្ថកិច្ចធ្វើឡើងតាមពាក្យបណ្តឹងរបស់កូនតុងទីនជាច្រើននាក់ ដែលកំពុងវ័ណ្ឌ.កជាមួយមេតុងទីនដ៏ផូរផង់រូបនោះ ។

ជាការកត់សម្គាល់ឲ្យឃើញថា អ្នកនាង អឿន ម៉ូលីកា ដែលជាអតីតតារាចម្រៀងមួយរូប បានសម្រាកពីសិល្បៈហើយ ប៉ុន្តែក្រោយមកនាងបានងាកទៅរកស៊ីជាអ្នកលក់ផលិតផលតាមអនឡាញវិញ ។ បន្ទាប់មកទៀត អ្នកនាងបានប្រកាសបើកធ្វើជាមេតុងទីនធំមួយតាមអនឡាញតែម្ដង ដែលធ្វើឲ្យមហាជនភ្ញាក់ផ្អើលជាខ្លាំង ដោយសារអ្នកនាងតែងតែបង្ហាញប្រាក់ដុល្លារអាមេរិកទាំងបាច់ៗរាប់សិបលានដុល្លារនៅលើបណ្ដាញសង្គម ក៏មានអតិថិជនបានចូលលេងតុងទីនជាមួយនាង។ បន្ទាប់ពីធ្វើមេតុងទីនដ៏ល្បីល្បាញតាមអនឡាញ មិនទាន់បានប៉ុន្មានផង ស្រាប់តែអំឡុងចុងខែវិច្ឆិកា ឆ្នាំ២០២២នេះ អ្នកនាង អឿន ម៉ូលីកា បានប្រកាសក្ស័យធនអស់ប្រាក់ពីខ្លួន។

អ្នកនាង អឿន ម៉ូលីកា បានរៀបរាប់ថា ទោះកូនរត់ កូនបោ.ក កូនបន្លំ កូនមិនមានទំនួលខុស ត្រូវសងលុយខ្ញុំមកវិញ ខ្ញុំនៅតែនិយាយពាក្យដដែលថានឹង នៅរកលុយសងកូនៗរងគ្រោះទាំងអស់មិនឲ្យបាត់ សូម្បី១ដុល្លារឡើយ។ ខ្ញុំសុខចិត្តលក់ឡាន លក់របស់របរសងទាល់តែអស់ ហើយនៅថាខ្ញុំបោ.កទៀតមែនទេ ហើយខ្ញុំមិនសុំអ្វីច្រើនពីបងប្អូនឡើយ សុំត្រឹមទុកពេលឱ្យខ្ញុំរកពីចំណុចសូន្យមកវិញ ដើម្បីសងបងប្អូនដែលមិនទាន់បានលុយ ហើយបងប្អូនអាចមកធ្វើឯកសារបាន ដើម្បីទំនុកចិត្តមនុស្សណាដែលចង់បាន ជីវិតធ្លាក់មកដល់ចំណុចហ្នឹងគឺគ្មានទេ ។

អ្នកនាង អឿន ម៉ូលីកា បានរៀបរាប់បន្តថា មនុស្សណាដែលចង់ឱ្យគេបោ.ក មនុស្សណាដែលខំសាងកេរ្តិ៍ឈ្មោះបានដល់ចំណុចនេះហើយ ក៏ត្រូវមកក្លាយជាបែបនេះ គ្មាននរណាចង់បានជីវិតបែបនេះទេ គ្មាននរណាចង់ខុសទេ ចឹងសូមបងប្អូនអនុគ្រោះឈប់បន្តការជេរ ការវា.យប្រ.ហារ ការផុស ចំពោះរូបខ្ញុំទៀតផងចុះ ។

អ្នកនាង អឿន ម៉ូលីកា បានរៀបរាប់បន្តទៀតថា ខ្ញុំក្ស័យធននឹងតុងទីនហ្នឹងអស់ហើយ ហើយមិនបានបោ.កបងប្អូនណាទេ បើមិនជឿអាចមកឆែកកុង ABA និងឆែកមើលបានថា ខ្ញុំសល់អីខ្លះ ខ្លះមើលនៅពេលនេះបាត់បង់អីខ្លះ នៅពេលនេះខ្ញុំក៏ជាជនរងគ្រោះម្នាក់ ដែលហើយសួរថា លុយបាត់ទៅណាអស់ គឺលុយកូនដេញហើយរត់មិនបង់ កូនបន្លំ ABA edit ABA ហើយខ្ញុំ និងមិនឱ្យពួកវារួចខ្លួនដែរ ខ្ញុំនឹងចាត់ការតាមច្បាប់ ទារពួកវាឱ្យបានឱ្យអស់ ដើម្បីបានលុយយកមកឲ្យកូនទុងទីន លឿនៗ ទៀតផង។ ហើយខ្ញុំសូមទោសកូនតុងទីនទាំងអស់ ដែលខ្ញុំមានការធ្វេសប្រហែសខ្លាំង ក្នុងការគ្រប់គ្រងខ្សែតុងទីនមួយរយៈក្រោយនេះ ៕









ចែករំលែកព័តមាននេះ