ខេត្តព្រះសីហនុ៖ អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន បានប្រកាសអំពាវនាវផ្ទាល់មាត់ឱ្យប្រជាពលរដ្ឋ និងអាជ្ញាធរសមត្ថកិច្ច ដែលពាក់ព័ន្ធ បង្កើនការប្រុងប្រយ័ត្ន ចំពោះការធ្វើដំណើរតាមសមុទ្រ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែធ្នូ។ រយៈពេល ៣ថ្ងៃនេះ តាមការព្យាករ នឹងអាចមានខ្យល់ និងរលកសមុទ្រខ្ពស់ៗ។
លោក គួច ចំរើន បានប្រកាសថា «តាមការព្យាករឧតុនិយម ចាប់ពីថ្ងៃទី១៧ធ្នូស្អែក ថ្ងៃទី១៨ និងថ្ងៃទី១៩ ខែធ្នូ គឺនឹងមានខ្យល់រលកខ្លាំង រលកធំ នឹងបង្កឱ្យមានហានិភ័យ ទៅដល់ការធ្វើដំណើរនៅតាមសមុទ្រ។ ដូច្នេះសូមឱ្យអ្នក ដែលមានការពាក់ព័ន្ធយកចិត្តទុកដាក់ផ្សព្វផ្សាយដល់សាធារណជន ក៏ដូចជា ប្រជានេសាទទាំងអស់ ព្រមទាំងអ្នកទេសចរ និងប្រជាពលរដ្ឋរបស់យើង ដែលត្រូវធ្វើដំណើរ តាមទូក តាមកាណូត បង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់។ តាមដានស្ថានភាពជាក់ស្តែង បើសិនជាដូចការព្យាករនេះ មិនគួរនឹងមានការធ្វើដំណើរ ពិសេសនៅល្ងាចថ្ងៃទី១៧ ពេញមួយថ្ងៃទី១៨ និងនៅព្រឹកថ្ងៃទី១៩ នោះឡើយ»។
លោកអភិបាលខេត្ត បន្ថែមថា «អ្នកដែលមានការចាំបាច់ គឺសូមបង្កើនការប្រុងប្រយ័ត្នឱ្យមែនទែន ការទទួលខុសត្រូវកម្រិតខ្ពស់។ ទី២ អ្នកដែលមានការពាក់ព័ន្ធនឹងបញ្ហាទូកកាណូត គឺសូមឱ្យមានការត្រួតពិនិត្យ។ ការធ្វើដំណើរ គឺត្រូវឱ្យមានពោងសុវត្ថិភាព ឱ្យបានគ្រប់គ្រាន់ ចំពោះអ្នកនៅលើទូក។ ដូច្នេះសូមឱ្យមានការយកចិត្តទុកដាក់ឱ្យបានល្អប្រសើរទាំងអស់គ្នា ការពារសុខសុវត្ថិភាពជូនដល់អ្នកដំណើរទាំងឡាយ នៅក្នុងផ្លូវសមុទ្រ»៕





ចែករំលែកព័តមាននេះ