ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំណាង​អយ្យការ​បញ្ជា​ឲ្យ​អនុរក្ស​ពន្ធនាគារ​នាំ​ស្ត្រី​ហា​យ​សូ ពេជ្រ ស្រី​មុំ មក​សួរ​ឡើង​វិញ ក្រោយ​ជាប់​ឃុំ​ជិត​១​ខែ

1 ឆ្នាំ មុន
  • ភ្នំពេញ

លោក ហេង ផេង ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​១៦ ខែធ្នូ ឆ្នាំ​២០២២ បាន​ចេញ​ដីកា​បញ្ជា​ទៅ​អនុរក្ស​ពន្ធនាគារ​រាជធានី​ភ្នំពេញ PJ ឲ្យ​នាំ​ខ្លួន​ស្ត្រី​អ្នកជំនួញ​ហា​យ​សូ​ឈ្មោះ ពេជ្រ ស្រី​មុំ មក​បើក​ការ​ស៊ើបសួរ​ឡើង​វិញ បន្ទាប់​ពី

រាជធានី​ភ្នំពេញ ៖ លោក ហេង ផេង ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​១៦ ខែធ្នូ ឆ្នាំ​២០២២ បាន​ចេញ​ដីកា​បញ្ជា​ទៅ​អនុរក្ស​ពន្ធនាគារ​រាជធានី​ភ្នំពេញ PJ ឲ្យ​នាំ​ខ្លួន​ស្ត្រី​អ្នកជំនួញ​ហា​យ​សូ​ឈ្មោះ ពេជ្រ ស្រី​មុំ មក​បើក​ការ​ស៊ើបសួរ​ឡើង​វិញ បន្ទាប់​ពី​ស្ត្រី​អ្នកជំនួញ​ហា​យ​សូ​រូប​នោះ ត្រូវ​បាន​ចាប់​ឃុំខ្លួន​អស់​រយៈពេល​ជិត​១​ខែ​មក​ហើយ​។

ការ​នាំ​ខ្លួន​ជនសង្ស័យ​មក​សាកសួរ​ឡើង​វិញ​នោះ ទំនង​ខាង​អយ្យការ​ចង់​ព​ង្លឿ​ន​នីតិវិធី ដើម្បី​ទុក​ពេល​ឲ្យ​ចៅក្រម​លើកយក​សំណុំរឿង​នេះ មក​បើក​សវនាការ​ជំនុំជម្រះ​ទោស «​កាត់ក្តី​» ឲ្យ​បាន​ឆាប់​។ ហើយ​ក្រោយ​ពី​សាកសួរ​អស់​ពេល​ជា​ច្រើន​ម៉ោង តំណាង​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ ក៏​បាន​បញ្ចប់ រួច​បាន​បង្គាប់​ទៅ​អនុរក្ស​ពន្ធនាគារ​ឲ្យ​នាំ​ខ្លួន​ស្ត្រី​ហា​យ​សូ យក​ទៅ​ឃុំ​បន្ត​នៅ PJ ដែល​ជា​កន្លែង​​ដើម​វិញ ។

សូម​រម្លឹក​ថា លោក ញឹ​ម ពិសាល ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ នា​រសៀល​ថ្ងៃ​ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០២២ បាន​ចេញ​ដីកា (​ដល់​ទៅ​៤​ដីកា ក្នុង​ថ្ងៃ​តែ​មួយ​) សម្រេច​ឃុំខ្លួន​ស្ត្រី​អ្នកជំនួញ​ហា​យ​សូរ​ដាក់​ពន្ធនាគារ PJ ជា​បណ្តោះអាសន្ន ក្រោម​ការ​ចោទប្រកាន់​ពី​បទ​.​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន​។ ការ​សម្រេច​ឃុំខ្លួន​របស់​ចៅក្រម​ស៊ើប គឺ​យោង​ទៅ​លើ​ការ​ចោទប្រកាន់​ជា​ផ្លូវការ​ពី​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ដែរ ។

សូម​ជម្រាប​ថា លោក សេង ហៀ​ង ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២២ បាន​បើក​ការ​ស៊ើបសួរ​លើ​អ្នកជំនួញ​ហា​យ​សូរ​ម្នាក់ ពាក់ព័ន្ធ​ពី​បទ​.​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន (​ឆ​បោ​.​ក​) លើ​ទឹកប្រាក់​រាប់​សែន​ដុល្លារ​អា​មេ​រិ​ក​។ ក្រោយ​ពី​សាកសួរ​អស់​រយៈពេល​ច្រើន​ម៉ោង ក៏​ផុត​ម៉ោង​ការងារ​រដ្ឋបាល តំណាង​អយ្យការ​បាន​ផ្ញើ​ជនសង្ស័យ​ទៅ​ឱ្យ​សមត្ថកិច្ច​វិញ និង​តម្រូវ​ឲ្យ​នាំ​មក​សាកសួរ​នៅ​ថ្ងៃ​បន្តបន្ទាប់​ទៀត ដែល​លោក​ព្រះរាជអាជ្ញា​រង​បាន​កាន់​សំណុំរឿង​មួយ ។

ពេល​លោក សេង ហៀ​ង សួរ​ចប់ ជនសង្ស័យ​ត្រូវ​បាន​ប្រគល់​ជូន​ទៅ​ឯកឧត្តម ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង បន្ត​បើក​ការ​ស៊ើបសួរ​សំណុំរឿង​ថ្មី​មួយទៀត ទើប​ឯកឧត្តម​ព្រះរាជអាជ្ញា បាន​ចោទប្រកាន់​ជនសង្ស័យ​ជា​ផ្លូវការ ទើប​សំណុំរឿង​នេះ​បាន​ចាត់​បញ្ជូន​ទៅ​ខាង​ចៅក្រម​ស៊ើបសួរ ដើម្បី​សម្រេច​ឃុំខ្លួន ឬ​មិន​ឃុំខ្លួន នោះ​ជា​ឆ័​ន្ទា​នុ​សិទ្ធិ​របស់​លោក​ចៅក្រម​។ ប៉ុន្តែ​រហូត​មក​ដល់​រសៀល​ថ្ងៃ​ដដែល​នេះ ជនសង្ស័យ​មិន​ទាន់​ត្រូវ​បាន​សមត្ថកិច្ច​នាំ​ទៅ​ឃុំខ្លួន​ទេ ពោល​គឺ​មាន​សំណុំរឿង​២​ទៀត ស្ថិត​ក្នុង​ដៃ​ស្ថាប័ន​អយ្យការ​បន្ត​បើក​ការ​ស៊ើបសួរ ក្នុង​នោះ​មាន​សំណុំរឿង​មួយ​ស្ថិត​នៅ​លោក វង្ស សាវ៉ា​ត ព្រះរាជអាជ្ញា​រង និង​សំណុំរឿង​មួយទៀត​ស្ថិត​នៅ​លោកស្រី សុង ឆ​វ័​ន្ត ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បន្ត​ការ​ស៊ើបសួរ ។ ដូច្នោះ​វាសនា​ស្ត្រី​អ្នកជំនួញ​ហា​យ​សូរ​រូប​នេះ ទំនង​នឹង​ត្រូវ​នាំ​ទៅ​ពន្ធនាគារ​នៅ​ថ្ងៃ​បន្ទាប់ ដោយ​មិន​អាច​គេច​ផុត​ពី​ការ​ឃុំខ្លួន​នោះ​ឡើយ​។

សូម​ជម្រាប​ទៀត​ថា ជនសង្ស័យ​ឈ្មោះ ពេជ្រ ស្រី​មុំ ភេទ​ស្រី អាយុ​៣៥​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​ពាណិជ្ជ​ករ ស្នាក់​នៅផ្ទះ​លេខ​២៥២ ផ្លូវ​ផ្លា​ទី​នឹម សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ​។ ស្ត្រី​អ្នកជំនួញ​ហា​យ​សូរ​រូប​នេះ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចុះ​ទៅ​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២២ នៅ​ចំណុច​ផ្ទះ​លេខ​៤ ដេ ផ្លូវ​ដា​វី​ន បុរី​វរជន ក្នុង​កោះ​ពេជ្រ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី ភ្នំពេញ ដែល​ស្ត្រី​អ្នកជំនួញ​ល្បី​ខាង​ឆ​បោ​.​ក​មនុស្ស​ជា​ច្រើន​នាក់ ដែល​មាន​ទំហំ​ទឹកប្រាក់​រាប់​លាន​ដុល្លារ​អា​មេ​រិ​ក ហើយ​ការ​ឃាត់ខ្លួន​នោះ​គឺ​ធ្វើ​ឡើង​តាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់​ឯកឧត្តម ច្រឹង ខ្មៅ ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ក្រោម​ការ​ដឹកនាំ​អនុវត្ត និង​សម្របសម្រួល ដោយ​លោក គឹ​ម ហុង​សាន ព្រះរាជអាជ្ញា​រង​។

អ្នក​តាម​ប្រមាញ់​ព័ត៌មាន​បាន​សង្កេត​ឃើញ​ថា នា​រសៀល​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា កម្លាំង​កង​អាវុធហត្ថ​បាន​ដឹក​អ្នកជំនួញ​ហា​យ​សូរ តាម​រថយន្ត​មួយ​គ្រឿង​បំពាក់​ដោយសា​រ៉ែ​ន​ចូល​ដល់​ក្នុង​បរិវេណ​សាលាដំបូង​រាជធានី​ភ្នំពេញ​តែ​ម្តង មិន​បាន​ដាក់​ឲ្យ​ចុះ​ដើរ​ពី​ក្រៅ​ដូច​ជនសង្ស័យ​ពាក់ព័ន្ធ​លួច​ឆក់​ប្លន់ ឬ​គ្រឿង​ញៀ​.​ន​នោះ​ទេ ដែល​អ្នក​មាត់ដាច​ខ្លះ​និយាយ​ថា ជនសង្ស័យ​ជា​អ្នកមាន​ធនធាន​ចង់​ទិញ​យក្ស​ជិះ​លេង​ក៏​បាន​ដែរ​។ នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ បន្ទាប់​ពី​សមត្ថកិច្ច​កងរាជអាវុធហត្ថ​បញ្ជូន​ជនសង្ស័យ​ទៅ​ដល់ គេ​បាន​សង្កេត​ឃើញ​មេធាវី​ការពារ​ក្តី​ឲ្យ​ដើមបណ្តឹង​២​ទៅ​៣​នាក់ ខ្លះ​កាន់​ពាក្យបណ្តឹង​ដើម្បី​ដាក់​ចូល​បន្ថែម ខ្លះ​កាន់​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន ដែល​តំណាង​អយ្យការ​ទើបនឹង​ចេញ​ថ្មី​ៗ តាម​ឃ្លាំមើល​ចំណាត់ការ​របស់​អយ្យការ​ក្នុង​ដំណាក់​ការ​ស៊ើបសួរ​។

បើ​តាម​មេធាវី​ចំនួន​២​ទៅ​៣​នាក់​នោះ បាន​និយាយ​ថា សំណុំរឿង​ស្ត្រី​អ្នកជំនួញ​ហា​យ​សូរ​(​ពេជ្រ ស្រី​មុំ​) មាន​៥​ករណី សុទ្ធតែ​រឿង​ព្រហ្មទណ្ឌ ឆ​បោ​.​ក ចេញ​មូលប្បទានប័ត្រ​អត់​សាច់ប្រាក់ (​ស្អែក​ស្អុយ​) រាប់​លាន​ដុល្លារ​អា​មេ​រិ​ក ហើយ​សំណុំរឿង​នីមួយ​ៗ​មិន​ស្ថិត​នៅ​ព្រះរាជអាជ្ញា ឬ​ព្រះរាជអាជ្ញា​រង​ណា​ម្នាក់​នោះ​ទេ គឺ​មាន​ព្រះរាជអាជ្ញា និង​ព្រះរាជអាជ្ញា​រង ៤​នាក់​កាន់​រឿង​ក្តី​ផ្សេង​ៗ​គ្នា ដែល​ការ​ស៊ើបសួរ និង​ត្រូវ​ចំណាយពេល​សួរ​បន្តបន្ទាប់​គ្នា​ដែរ​។

ហើយ​ក៏​បាន​សង្កេត​ឃើញ​ទៀត​ថា អ្នកជំនួញ​ហា​យ​សូរ (​ពេ​ជ ស្រី​មុំ​) មិនមែន​សមត្ថកិច្ច​ទើបនឹង​ចាប់ខ្លួន​មួយ​ករណី​នេះ​ទេ គឺ​ចាប់ខ្លួន​៣​លើក​មក​ហើយ ជាក់ស្តែង​លើក​ទី​១- កាលពី​ថ្ងៃ​ទី​៤ ខែឧសភា ឆ្នាំ​២០២២ កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​នៅ​ចំណុច​មុខ​អគា Rise Commercial Buil ding ក្នុង​ខណ្ឌ​បឹង​កេងកង តាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់​ឯកឧត្តម ច្រឹង ខ្មៅ ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​ករណី​មិន​បំពេញ​កាតព្វកិច្ច ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន​ដែល​មាន​ទឹកប្រាក់​ចំនួន ៧៧៦.០០០ ដុល្លារ​អា​មេ​រិ​ក តាម​ពាក្យបណ្តឹង​របស់​ឈ្មោះ លឹ​ម ហ៊ួ រ​នី​តូ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មុខរបរ​ពាណិជ្ជករ​។

លើក​ទី​២- រំលង​បាន​ប្រហែល​១​ខែ កម្លាំង​សមត្ថកិច្ច​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​រាជ​ធានី​ភ្នំពេញ​ឃាត់ខ្លួន ពាក់ព័ន្ធ​ពី​បទ​.​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន (​សែក​ស្អុយ​) ដដែល ពេល​នោះ​ជនសង្ស័យ​បាន​ដាក់​ប្រាក់​តម្កល់​ដើម្បី​ធានា​ខ្លួន ទើប​តំណាង​អយ្យការ​អនុ​ញ្ញាតិ​ឲ្យ​វិល​ទៅ​ផ្ទះ​វិញ​។ ហើយ​លើក​ទី​៣- ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ឃាត់ខ្លួន​ម្តងទៀត និង​កំពុង​បន្ត​នីតិវិធី​។

បើ​តាម​មេធាវី​ម្នាក់​ការពារ​ក្តី​ឲ្យ​ក្រុម​មួយ បាន​ឲ្យ​ដឹង​ថា លោក​ក៏​ត្រូវ​បាន​ម្ចាស់​ក្រុមហ៊ុន​មួយ​ពឹងពាក់​តាម​ផ្លូវច្បាប់​ឲ្យ​រៀបចំ​ដាក់​ពាក្យបណ្តឹង​ប្តឹង​ឈ្មោះ ពេជ្រ ស្រី​មុំ ដែរ ពាក់ព័ន្ធ​ពី​បទ​.​ឆ​បោ​.​កលើ​ទឹកប្រាក់​ប្រមាណ ៩៣៤ ៩៦០ ដុល្លារ​អា​មេ​រិ​ក ដែល​ជនសង្ស័យ​បាន​ប្រើប្រាស់​មូលប្បទានប័ត្រ​អត់​សាច់ប្រាក់​ចំនួន​៩​សន្លឹក (​ជា​សែក​ស្អុយ​) ទាំងអស់​។

សូម​ជួយ​តាមដាន​តទៅ​ទៀត និង​រង់ចាំ​មើល​លើក​នេះ​ថា តើ​ស្ត្រី​ជំនួញ​ហា​យ​សូរ​ឈ្មោះ ពេជ្រ ស្រី​មុំ នឹង​មាន​វាសនា​បែប​ណា?​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ