ខេត្តមណ្ឌលគិរី ៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧ ឱ្យដឹងថា ជនសង្ស័យចំនួន២នាក់ ត្រូវបានឃាត់ខ្លួនបញ្ជូនទៅតុលាការខេត្តមណ្ឌលគិរី ដោយសង្ស័យពាក់ព័ន្ធនឹងការបាញ់សត្វស្វាកន្ទុយស២ក្បាល ដែលជាប្រភេទរងគ្រោះជិតផុតពូជនៅលើសាកលលោកនៅក្នុងដែនជម្រកសត្វព្រៃកែវសីមា ។
លោកអែម ត្រាយ ប្រធានក្រុមល្បាតសហគមន៍ប្រចាំដែនជម្រកសត្វព្រៃកែវសីមា និយាយថា«ពេលកំពុងដើរល្បាតក្នុងដែនជម្រកសត្វព្រៃកែវសីមា យើងបានប្រទះឃើញជនសង្ស័យកាន់សត្វស្វាកន្ទុយសងាប់ចំនួន២ក្បាល ។
ភ្លាមៗនោះក្រុមល្បាតសហគមន៍បានឃាត់ខ្លួនជនសង្ស័យ ហើយរៀបចំសំណុំរឿងបញ្ជូនទៅតុលាការដើម្បីដោះស្រាយទៅតាមនីតិវិធីច្បាប់» ។
ស្វាកន្ទុយស មានរស់នៅក្នុងប្រទេសកម្ពុជា និងវៀតណាមប៉ុណ្ណោះ ខណៈចំនួនរបស់វានៅក្នុងដែនជម្រកសត្វព្រៃកែវសីមាមានច្រើនជាងគេបង្អស់នៅលើពិភពលោក ។ ជាអកុសលស្វាកន្ទុយសដ៏ស្រស់ស្អាតនេះត្រូវបានគេបរបាញ់ដើម្បីយកក្រពះធ្វើឱសថបុរាណដោយសារតែជំនឿខុស ។ ពួកវាក៏ត្រូវបានគេបរបាញ់ដើម្បីយកសាច់ ហើយនៅកន្លែងខ្លះ ស្វាកន្ទុយសពេញវ័យត្រូវបានគេសម្លាប់ ចំណែកកូនរបស់ពួកវាត្រូវបានគេយកទៅធ្វើជាសត្វចិញ្ចឹម ។
ស្វាកន្ទុយសត្រូវបានគេដាក់ក្នុងបញ្ជីក្រហមរបស់អង្គការIUCNជាប្រភេទរងគ្រោះជិតផុតពូជនៅលើសាកលលោក ។ យោងលើច្បាប់តំបន់ការពារនៃព្រះរាជាណាចក្រកម្ពុជា ការបរបាញ់សត្វព្រៃប្រភេទរងគ្រោះជិតផុតពូជ អាចប្រឈមនឹងការជាប់ពន្ធនាគារចំនួនពី១-៥ឆ្នាំ និងអាចរងពិន័យអន្តរកាលចំនួនពី១៥ទៅ១០០លានរៀល ។
លោកតាន់ សេដ្ឋា ទីប្រឹក្សាបច្ចេកទេសប្រចាំដែនជម្រកសត្វព្រៃកែវសីមា របស់អង្គការ WCS បាននិយាយថា«ការបរបាញ់សត្វព្រៃនៅតែបន្តកើតមាន ទោះបីជាក្រុមឧទ្យានុរក្សប្រចាំដែនជម្រក និងក្រុមល្បាតសហគមន៍ចុះដើរល្បាតជាប្រចាំយ៉ាងណាក្តី ។ តម្រូវការសាច់សត្វព្រៃសម្រាប់ជាអាហារ និងឱសថបុរាណជាកត្តាជំរុញឱ្យមានការបរបាញ់ដែលកំពុងតែគំរាមកំហែងដល់ការរស់នៅរបស់សត្វព្រៃ សំខាន់ៗ» ។
លោកតាន់ សេដ្ឋា បន្តថា«ការលើកកម្ពស់ការយល់ដឹងទៅដល់ប្រជាសហគមន៍ ពិតជាមានភាពចាំបាច់ខ្លាំងណាស់ដើម្បីទាញឱ្យមានការចូលរួមរបស់ពួកគាត់ក្នុងការងារអភិរក្ស ។ បន្ថែមពីនេះទៅទៀត ការចូលរួមរបស់ប្រជាជនកម្ពុជាគ្រប់រូបតាមរយៈការបញ្ឈប់ការបរិភោគ ឬទិញសាច់សត្វព្រៃ គឺជាកត្តាដ៏សំខាន់ជំរុញឱ្យមានការឈប់បរបាញ់សត្វព្រៃ» ។
ដែនជម្រកសត្វព្រៃកែវសីមា(អតីតព្រៃការពារសីមា)គឺជាទីជម្រកដ៏សំខាន់សម្រាប់សត្វព្រៃ និងរុក្ខជាតិជាង៦០ប្រភេទដែលជាប្រភេទរងការគំរាមកំហែងជាសាកលស្ថិតនៅក្នុងបញ្ជីក្រហមរបស់អង្គការIUCN ។ ដែនជម្រកសត្វព្រៃនេះមានសារសំខាន់ជាសាកលសម្រាប់ការអភិរក្សពពួកពានរ សំខាន់ៗ ដូចជា ស្វាកន្ទុយស និងទោចថ្ពាល់លឿងដែលចំនួនរបស់ពួកវាច្រើនជាងគេបង្អស់នៅលើពិភពលោក ពពួកសត្វខ្លា ដំរីអាស៊ី ក្រុមគោសាទិស និងសត្វស្លាបជាច្រើនផ្សេងទៀត ៕
ចែករំលែកព័តមាននេះ