រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីបានបង្ហាញពីការនិពន្ធបទចម្រៀងមួយបទ«បាយម្ហូបស្រីដាំ» រំលឹកដល់៥១ឆ្នាំមុន អ្នកគ្រូពេទ្យម្នាក់ ដាំស្លផ្ទាល់ដៃឱ្យសម្តេចហូប ។
សម្តេចតេជោ បានសរសេរលើបណ្តាញសង្គម នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ យ៉ាងដូច្នេះថា ៖«៣សប្តាហ៍មុន ខ្ញុំនិពន្ធចម្រៀងមួយបទ ដែលមានចំណងជើង«បាយម្ហូបស្រីដាំ» ដែលរំលឹកដល់៥១ឆ្នាំមុន គ្រូពេទ្យក្រមុំដាំស្លផ្ទាល់ដៃ ឲ្យកម្លោះយោធាក្នុងខែសីហា ១៩៧៥ ដែលពេលនោះខ្ញុំធ្លាក់ខ្លួនពិការភ្នែកឆ្វេង ទៅហើយ តែគាត់នៅតែទទួលខ្ញុំ ឲ្យសម្រាកនៅមន្ទីរពេទ្យ ដែលគាត់ទទួលខុសត្រូវ នៅឃុំឈូក ស្រុកក្រូចឆ្មា និងដាំស្លផ្ទាល់ដៃ ឲ្យខ្ញុំទទួលទានទៀតផង» ។

សម្តេចតេជោ សូមបញ្ជាក់ថា ៖ ខ្ញុំចូលមន្ទីរពេទ្យនេះ មិនមែនជាអ្នកជម្ងឺទេ តែជាភ្ញៀវរបស់ប្រធានមន្ទីរពេទ្យ ដែលក្រោយមកបានក្លាយជាភរិយារបស់ខ្ញុំ ។ សម្តេចតេជោ ក៏បានឱ្យដឹងថា ម្សិលមិញ ខ្ញុំទទួលបានរូបថតប៉ុន្មានសន្លឹក ដែលគាត់ធ្វើម្ហូប កាលពីឆ្នាំ២០០១ ពេលទស្សនាវដ្តីបរទេសមកសម្ភាសគាត់ ពេលកំពុងដាំស្ល ។
សម្តេចតេជោ រៀបរាប់ថា ក្មេងស្រីដែលគាត់កន្តៀត គឺជាចៅស្រីទី១ ដែលទើបមានអាយុជាងមួយខួប ដែលតែងតែនៅជាមួយជីដូនជីតា ។ ដោយសារគាត់ដាំស្លឲ្យខ្ញុំទទួលទាន តាំងពីនៅកម្លោះក្រមុំ និងបន្តរៀបចំបាយម្ហូបឲ្យខ្ញុំគ្រប់ពេល រហូតសព្វថ្ងៃ និងក្រោយទទួលបានរូបនេះ ខ្ញុំសូមប្រសិទ្ធនាមគាត់ថា (ចុងភៅម្ហូបឆ្ងាញ់) ។ សង្ឃឹមថា គាត់មិនបានមើលការបង្ហោះសារនេះទៅចុះ ព្រោះខ្ញុំមិនបានសុំការយល់ព្រមពីគាត់លើឈ្មោះនេះទេ ។ សម្តេចតេជោ ក៏សូមអរគុណចុងភៅម្ហូបឆ្ងាញ់ ៕
ចែករំលែកព័តមាននេះ