ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋរស់នៅតាមមាត់ទន្លេរមាសហែក បានរិះគន់ដល់អាជ្ញាធរ និងមន្ត្រីជលផល ដែលបានបណ្តែតបណ្តោយឲ្យជនជាតិវៀតណាមចូលដាក់ឆ្នុក និងដាយយកត្រី នៅចំណុចទន្លេ ចាប់ពីខាងកើតស្ពានទឹកវិល ស្ថិតក្នុងភូមិតាត្រាវ ឃុំកំពង់ត្រាច រហូតដល់ភូមិបាត់ត្រាស់ ឃុំដូង ព្រំដែនទឹកកម្ពុជា-វៀតណាម និងក្នុងឃុំគគីរ ដែលមានរាប់រយឆ្នុក និងដាយ គឺក្នុងចម្ងាយ១០០ម៉ែត្រទៅ១៥០ម៉ែត្រដាក់ឆ្នុក១គ្រឿង ឬដាយ១គ្រឿង ដើម្បីយកត្រីទាំងតូចទាំងធំតែម្តង។ ហើយប្រជាពលរដ្ឋក៏បានលើកឡើងថា បើគ្មានការបង្ក្រាបទេ គឺមិនយូរទេ នឹងបាត់បង់ពូជត្រីធម្មជាតិពីទន្លេ និងព្រែកមិនខាន។

ហើយការរិះគន់ខាងលើនេះ បានកើតឡើងនៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ ស្ថិតនៅភូមិតាខុប ឃុំកំពង់ត្រាច ស្រុករមាសហែក។
បើតាមលោកមេភូមិម្នាក់សុំមិនបញ្ចេញឈ្មោះ បានលើកឡើងថា មានអ្នកនេសាទជនជាតិវៀតណាមមួយក្រុម បានមកដាក់ឆ្នុក និងដាយយកត្រីក្នុងទន្លេ ចាប់ពីខាងកើតស្ពានទឹកវិល រហូតដល់ព្រំដែនទឹកកម្ពុជា-វៀតណាម ស្ថិតនៅឃុំដូង និងដាក់តាមទន្លេទៅជើង ចាប់ពីឃុំគគីរ រហូតដល់ច្រកទ្វារតំបន់ព្រំដែនខ្សែដែក ឃុំត្រស់ ដែលមានចំនួនរាប់រយឆ្នុក និងដាយឯណោះ។ ហើយការដាក់ឆ្នុក និងដាយនេះ គឺដាក់កាត់ទន្លេ១០០ម៉ែត្រទៅ១៥០ម៉ែត្រដាក់១គ្រឿង (គឺឆ្នុក១គ្រឿង ឬដាយ១គ្រឿង) មានពីតង់ ដោយគេដាក់ខាងមុខសំណាញ់ក្រឡាធំ គុដខាងក្រោយសំណាញ់ក្រឡាញឹក ដើម្បីយកត្រីទាំងតូចទាំងធំតែម្តង។

ប្រភពដដែលបន្តទៀតថា អ្នកនេសាទជនជាតិវៀតណាមទាំងនោះ បានចូលមកលើកឆ្នុក និងលើកដាយ យកត្រីនៅពេលយប់ រួចដឹកត្រីតាមទូកទៅប្រទេសវៀតណាម ដោយមិនដែលឃើញមានសមត្ថកិច្ចណាចុះមកបង្ក្រាបនោះទេ ជាពិសេមន្ត្រីជលផល ហើយបើគ្មានការបង្ក្រាបទេនោះ ត្រីធម្មជាតិក្នុងទន្លេស្រុករមាសហែក ពិតជាផុតពូជជាក់ជាមិនខាន។

ប្រជាពលរដ្ឋ និងលោកមេភូមិ ក៏បានអំពាវនាវ សូមឲ្យលោកអភិបាលស្រុក និងលោកប្រធានផ្នែកជលផលខេត្តស្វាយរៀង មេត្តាចុះមកពិនិត្យ និងបង្ក្រាបបទល្មើសនេសាទនេះផង។ ហើយទាក់ទិននឹងករណីនេះដែរ មិនអាចរកការបំភ្លឺពីមន្ត្រីជលផល និងសមត្ថកិច្ចពាក់ព័ន្ធបាននោះទេ បើគិតរហូតមកដល់រសៀលថ្ងៃទី១៥ ខែធ្នូនេះ៕


ចែករំលែកព័តមាននេះ