ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ជាតិ​អប្សរា ប្រារព្ធ​ពិធី​បើក​ព្រឹត្តិការណ៍​«​រំលឹក​គុណ​អង្គរ​»

2 ឆ្នាំ មុន

ខេត្តសៀមរាប ៖ អាជ្ញាធរ​ជាតិ​អប្សរា ធ្វើ​ពិធីបួងសួង​ប្រារព្ធ​បើក​ព្រឹត្តិការណ៍​រំលឹក​គុណ​អង្គរ និង​រាប់បាត្រ​ព្រះសង្ឃ​ចំនួន​១៣០​អង្គ នៅ​មុខ​ប្រាសាទអង្គរវត្ត នា​ព្រឹក​ថ្ងៃ​ទី​១៤ ខែធ្នូ ឆ្នាំ​២០២២​នេះ ក្រោម​អធិបតី​ដ៏​ខ្ពង់ខ្ពស់​របស់​លោក​ជំទាវ…

ខេត្តសៀមរាប ៖ អាជ្ញាធរ​ជាតិ​អប្សរា ធ្វើ​ពិធីបួងសួង​ប្រារព្ធ​បើក​ព្រឹត្តិការណ៍​រំលឹក​គុណ​អង្គរ និង​រាប់បាត្រ​ព្រះសង្ឃ​ចំនួន​១៣០​អង្គ នៅ​មុខ​ប្រាសាទអង្គរវត្ត នា​ព្រឹក​ថ្ងៃ​ទី​១៤ ខែធ្នូ ឆ្នាំ​២០២២​នេះ ក្រោម​អធិបតី​ដ៏​ខ្ពង់ខ្ពស់​របស់​លោក​ជំទាវ កិ​តិ្ត​សង្គហ​បណ្ឌិត ម៉ែ​ន សំ​អន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច លោក​ជំទាវ​បណ្ឌិត​សភាចា​រ្យ ភឿ​ង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​អាជ្ញាធរ​ជាតិ​អប្សរា ឯកឧត្តម ហង់ ពៅ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា ព្រមទាំង​ឯកឧត្តម លោក​ជំទាវ និង​ភ្ញៀវ​កិត្តិយស​ជាតិ​-​អន្តរជាតិ ដ៏​ច្រើន​កុះករ ​។

​ក្នុង​ពិធី​បើក​ព្រឹត្តិការ​ណ៏​«​រំលឹក​គុណ​អង្គរ​» នា​ពេល​នេះ លោក​ជំទាវ​បណ្ឌិត​សភាចា​រ្យ ភឿ​ង ស​កុ​ណា មាន​ប្រសាសន៍​បញ្ជាក់​ថា ព្រឹត្តិការណ៍​រំលឹក​គុណ​អង្គរ​នេះ ប្រារព្ធ​ធ្វើ​ឡើង​ក្នុង​គោលបំណង ដើម្បី​អបអរសាទរ​ខួប​ទី​៣០​ឆ្នាំ ​នៃ​ការ​ចុះ​រមណីយ​ដ្ឋា​អង្គរ​ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​ ថ្ងៃ​ទី​១៤ ខែធ្នូ ឆ្នាំ​១៩៩២-​ថ្ងៃ​ទី​១៤ ខែធ្នូ ឆ្នាំ​២០២២ ក៏​ដូច​ជា​ដើម្បី​រំលឹក​គុណ​ដល់​បុព្វការី​ជន​គ្រប់​ជំនាន់ ព្រះមហាក្សត្រ​ជំនាន់​មុន​គ្រប់​ព្រះ​អង្គ ដែល​បាន​កសាង​ប្រាង្គ​ប្រាសាទ​នានា ព្រមទាំង​បាន​បន្សល់​ទុក​នូវ​សម្បត្តិ​បេតិកភណ្ឌ​សិល្បៈ និង​វប្បធម៌​ជា​ច្រើន​ទៀត ដែល​ជា​គុណប្រយោជន៍​ផ្នែក​សង្គម និង​សេដ្ឋកិច្ច​ដល់​ប្រជាជន​កម្ពុ​ជានា​ពេល​កន្លង​មក បច្ចុប្បន្ន នឹង​ទៅ​អនាគត​ ។

ក្នុង​ឱកាស​នោះ​ដែរ លោក​ជំទាវ​កិ​តិ្ត​សង្គហ​បណ្ឌិត ម៉ែ​ន សំ​អន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា​ និង​អធិការកិច្ច ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ព្រឹត្តិការណ៍​រំលឹក​គុណ​អង្គរ​នេះ គឺជា​ការ​រំលឹក​មួយ​ទៅ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​រូប ឱ្យ​ចង​ចាំ​នូវ​គុណូបការៈ​របស់​បុព្វបុរស​ខ្មែរ ដែល​បាន​លះបង់​យ៉ាងច្រើន​ដើម្បី​ការពារ​អង្គរ ឱ្យ​បាន​គង់វង្ស​បន្សល់​ទុក​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ ហើយ​យើង​គ្រប់​គ្នា​ដែល​ជា​កុលបុត្រ​កុលធីតា​ខ្មែរ​ជំនាន់​ក្រោយ​គឺជា​អ្នក​ស្នង​មត៌ក​ទាំងនេះ ដោយ​សេចក្តី​ថ្លៃថ្នូរ ព្រមទាំង​ជា​អ្នក​ដែល​ត្រូវ​បន្តវេន​ថែរក្សា​អង្គរ​តទៅ​ទៀត​។ បេតិកភណ្ឌ​អង្គរ មិន​អាច​បំភ្លេច​បាន​ឡើយ ពីព្រោះ​វប្បធម៌​គឺជា​បេតិកភណ្ឌ​អ​រូបិយ​របស់​ជាតិ​យើង ហើយ​អង្គរ​គឺជា​រតនៈសម្បត្តិ​ដ៏​មហាសាល​ដែល​មិន​អាច​កាត់ថ្លៃ​បាន​។ ហើយ​ព្រឹត្តិការណ៍​រំលឹក​គុណ​អង្គរ​នេះ យើង​នឹង​ត្រូវ​ប្រារព្ធ​ឡើង​ក្នុង​ថ្ងៃ​ទី​១៤ ខែធ្នូ ជា​រៀង​រាល់​ឆ្នាំ ​។

សូម​បញ្ជាក់​ថា ក្នុង​រយៈពេល​៣​ថ្ងៃ​នៃ​ការ​ប្រារ​ព្ឋ​ព្រឹត្តិការណ៍​រំលឹក​គុណ​អង្គរ​(​គឺ​ថ្ងៃ​ទី​១៤ ដល់​១៦ ខែធ្នូ ឆ្នាំ​២០២២) ក្រៅពី​ការ​ប្រារ​ព្ឋ​ពិធី​សាសនា អាជ្ញាធរ​ជាតិ​អប្សរា​នៅ​បាន​រៀបចំ​កម្មវិធី​សំខាន់​ៗ​មួយ​ចំនួន​ទៀត ដូច​ជា ស្ដង់​ពិព័រណ៍​ស្តី​ពី​សមិទ្ធផល​រយៈពេល​៣០​ឆ្នាំ របស់​អាជ្ញាធរ​ជាតិ​អប្សរា​ក្នុង​កិច្ច​អភិរក្ស និង​អភិវឌ្ឍ​ដោយ​ចីរភាព​រមណីយដ្ឋាន​អ​ង្អ​រ រៀបចំ​ការ​ទស្សនា​នៅ​តាម​ការដ្ឋាន និង​សារមន្ទីរ​របស់​អាជ្ញាធរ​ជាតិ​អប្សរា ជូន​ភ្ញៀវ​ទេសចរ និង​សាធារណជន​ចូលរួម​ដោយ​សេរី ដើម្បី​សិក្សា​ស្វែង​យល់​ពី​កិច្ចការ​អភិរក្ស និង​កិច្ចការ​រៀបចំ​តំបន់​រមណីយដ្ឋាន​អង្គរ​របស់​អាជ្ញាធរ​ជាតិ​អប្សរា និង​ពេល​រាត្រី​មានការ​សម្ដែង​សិល្បៈ​ជូន​សាធារណជន ទស្សនា​កម្សាន្ត​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ