ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចំណុចស្នូលដែលអ្នកធំគួរប្រតិបត្តិបើមិនបានទាំងអស់ក៏បានខ្លះ

6 ឆ្នាំ មុន

អ្នកធំ​ក្នុង​ទី​នេះ​បាន​ដល់​ឪពុក​ម្តាយ គ្រូ​បា​អាចារ្យ ចៅហ្វាយនាយ លោក​អ្នកគ្រប់គ្រង​បុគ្គលិក គ្រប់គ្រង​ស្ថាប័ន​នានា រហូត​ដល់​

អ្នកធំ​ក្នុង​ទី​នេះ​បាន​ដល់​ឪពុក​ម្តាយ គ្រូ​បា​អាចារ្យ ចៅហ្វាយនាយ លោក​អ្នកគ្រប់គ្រង​បុគ្គលិក គ្រប់គ្រង​ស្ថាប័ន​នានា រហូត​ដល់​អ្នកគ្រប់គ្រង​មនុស្ស​លើ​ពិភពលោក​ទាំង​មួល​។ លោក​អ្នក​ទាំងអស់​នឹង​ហើយ​ដែល​គួរតែ​ប្រព្រឹត្ត​នូវ​គោល​ធម៌​ទាំង​បួន​យា​៉​ង​នេះ ។ ការ​ប្រព្រឹត្ត​បើ​មិន​បាន​ទាំងអស់ យ៉ាង​ហោច​ណាស់​ក៏​បាន​មួយ ឬ​ពីរ​ចំណុច​ក៏​ចាត់​ថា​បានការ​ដែរ ។ ធម៌​ទាំង​៤​យា​៉​ង​នោះ​មាន ៖

១-​មេត្តា សេចក្តី​រាប់អាន​ជិត​ស្និទ្ធ​គឺ​ស្រឡាញ់​ដោយ​ស្មោះ បាន​ដល់​សេចក្តី​ប្រាថ្នា​ឱ្យ​អ្នក​ដទៃ​គេ​បាន​សុខ​បាន​ចម្រើន ។ មេត្តា​ចំពោះ​បុគ្គល ចំពោះ​គណៈ​ដូច មាតាបិតា ឬ​គ្រូ​បា​អាចារ្យ​រាប់អាន​ស្រឡាញ់​ចំពោះតែ​បុត្រ​របស់​ខ្លួន សិស្ស​របស់​ខ្លួន មេត្តា​បែប​នេះ​ជា​ឧទ្ទិស​មេត្តា ជា​មេត្តា​ក្នុង​ព្រហ្មវិហារ​ដែល​ជា​គ្រឿង​ប្រព្រឹត្ត​របស់​អ្នកធំ ។ ន័យ​មេត្តា​មួយទៀត​បាន​ដល់​បំណងប្រាថ្នា​ចង់ឱ្យ​បាន​សុខ​ចម្រើន​ទួទៅ​ដល់​មនុស្ស​និង​សត្វ​ដទៃ​មិន​ចំពោះ​ចាត់​ថា​ជា​ផរ​ណា​មេត្តា​ប្រាថ្នា ដើម្បី​ជួយ​ឱ្យ​គេ​រួច​ចាក​ទុក្ខ​ទាំងពួង ។ មេត្តា​នេះ​ជាស​ត្រូវ​ដល់​ព្យាបាទ ។

២-​ករុណា​អាណិតអាសូ​ចំពោះ​បុគ្គល​មិន​ចង់ឱ្យ​មនុស្ស​ណា​ម្នាក់​ជួប​ទុក្ខ​លំបាក​មិន​ចង់ឱ្យ​គេ​ជួប​គ្រោះអាក្រក់ ពោល​គឺ​ចង់ឱ្យ​តែ​សត្វលោក​ទាំងអស់​ជួប​តែ​សុខ​ចម្រើន​។ ករុណា​បែប​នេះ​ឈ្មោះ​ថា​ជា​ករុណា​របស់​អ្នកធំ​ក្នុង​ព្រហ្មវិហារ​នេះ ។

៣-​មុទិតា បាន​ដល់​សេចក្តី​ត្រេកអរ​តាម គឺ​ត្រេកអរ​ក្នុង​វេលា​ដែល​អ្នក​ដទៃ​គេ​បាន​ល្អ ឬ​ត្រេកអរ​នៅ​ពេល​ដែល​អ្នក​ដទៃ​ប្រព្រឹត្ត​អំពើ​ជា​កុសល ។

៤-​ឧបេក្ខា ការ​ព្រងើយកន្តើយ បាន​ដល់​ការ​តាំង​ចិត្តជា​កណ្តាល មិន​ឱ្យ​សោមនស្ស​មិន​ទោមនស្ស​ក្នុង​វេលា​ដែល​គេ​មាន​សេចក្តី​វិបត្តិ ឬ​ក្នុង​កាលដែល​ផ្សាយ​មេត្តា​ទៅ​ក្នុង​ទី​មិន​គួរ ដូច​មិន​យកចិត្តទុកដាក់​នឹង​ការ​ជួយ​ឧបត្ថម្ភ​លើកទឹកចិត្ត​ដល់​មនុស្ស​អ្នក​សម្លាប់សត្វ អ្នក​ប្រព្រឹត្ត​សេព​គ្រឿង​ស្រវឹង គ្រឿងញៀន​ជាដើម ។

ពាក្យ​ថា​«​ព្រហ្មវិហារ​» ប្រែ​ថា ធម៌​ជា​គ្រឿង​ប្រព្រឹត្ត​របស់​អ្នកធំ​សម្គាល់ថា​ជា​ព្រហ្ម​ប្រកបដោយ​ធម៌​៤​យ៉ាងនេះ ។ ក៏​ឯ​ព្រហ្ម​នោះ​សោត​ទៀត​ចែក​ចេញ​ជា​២​យ៉ាង គឺ​ព្រហ្ម​ដោយ​កំណើត​១ ព្រហ្ម​ដោយ​គេ​សន្មត​១ ។ ព្រហ្ម​ដោយ​កំណើត​បាន​ដល់​លោក​អ្នកមាន​បុណ្យ ដែល​បាន​បំពេញ​មក​ហើយ ច្យុត​ចាក​អត្តភាព​នេះ​បាន​ទៅ​កើតជា​ព្រហ្ម​ក្នុង​ព្រហ្មលោក​ដែល​ហៅ​ថា​ព្រះព្រហ្ម ។ ចំណែក​ព្រហ្ម​ដោយ​គេ​សន្មត​នោះ បាន​ដល់​លោក​អ្នកធំ​ពោល​គឺ មាតាបិតា ឧបជ្ឈា​យា​ចា​រ្យ និង​ចៅហ្វាយនាយ ថ្នាក់​ដឹង​នាំ​តាម​ស្ថាប័ន​នានា​រហូត​ដល់​លោក​អ្នកមាន​នាទី​គ្រប់គ្រង​មនុស្ស​ក្នុង​លោក​នេះ ។ ព្រហ្ម​ទាំង​២​យ៉ាងនេះ​រមែង​មានចិត្ត​ប្រកបដោយ​ធម៌​៤​យ៉ាង​នុះ​ជាប់​ជា​និច្ច ព្រោះ​ហេតុ​ដូច្នោះ​ធម៌​៤​យ៉ាងនេះ​ទើបបាន​នាម​ថា​«​ព្រហ្ម​វិហារធម៌ ធម៌​របស់​ព្រហ្ម​» ៕
(​ឈ្វេងយល់​ពុទ្ធឱវាទ​ចេញផ្សាយ​សម្រាប់​ថ្ងៃសីល​១៥​កើត ខែជេស្ឋ​)