លោក វ៉ាត់ ចំរើន ឆ្លើយតបនឹងការភាន់ច្រឡំ ចំពោះការប្រកួតកីឡាអបអរបុណ្យសមុទ្រ ដើម្បីដណ្តើមប្រាក់រង្វាន់
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំ
រាជធានីភ្នំពេញ ៖ រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំ
រាជធានីភ្នំពេញ ៖ រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ឯកឧត្តម វ៉ាត់ ចំរើន បានឆ្លើយតបទៅនឹងការមិនពេញចិត្តពាក់ព័ន្ធនឹងថវិកាលើកទឹកចិត្តជ័យលាភីរត់កម្សាន្ត និងប្រណាំងកង់ ដើម្បីអបអរសាទរពិធីបុណ្យសមុទ្រលើកទី៩ (ជុំទី៣) នៅខេត្តព្រះសីហនុ ២ថ្ងៃកន្លងមក ដ្បិតការប្រកួត គឺរៀបចំក្នុងគោលបំណង ដើម្បីអបអរបុណ្យសមុទ្រ សាមគ្គីភាព មិត្តភាព មិនប្រកួតដើម្បីលុយកាក់នោះទេ ។ នេះគឺជាកាភាន់ច្រឡំ និងជាការយល់ខុស ដ្បិតស្មារតីកីឡា ក៏ដូចជាស្មារតីអូឡាំពិក មិនត្រូវឲ្យមានការផ្ដល់ប្រាក់រង្វាន់អ្វីនោះទេ។
ឯកឧត្តម វ៉ាត់ ចំរើន មានប្រសាសន៍ថា កម្មវិធីប្រណាំងកង់ដើម្បីអបអរសាទរពិធីបុណ្យសមុទ្រថ្ងៃនេះ ត្រូវបានរៀបចំដោយជោគជ័យ ជាមួយអ្នកចូលរួមប្រមាណ១០០នាក់ ។ ប៉ុន្ដែទន្ទឹមជាមួយគ្នា យើងឃើញមានបងប្អូនខ្លះ ទាំងអ្នកបានចូលរួម ក៏ដូចជាអ្នកពុំបានចូលរួមមានការភាន់ច្រឡំទៅលើរឿងថវិកាលើកទឹកចិត្ត។ ឯកឧត្តមបានបញ្ជាក់ថា ជាការពិតដើម្បីលើកទឹកចិត្តដល់អ្នកចូលរួម ពិសេសអ្នកទទួលបានជ័យលាភី គណៈកម្មការរៀបចំបានផ្ដល់វត្ថុអនុស្សាវរីយ៍ និងថវិកាបន្ដិចបន្ដួចផងដែរ។
គួរបញ្ជាក់ថា ការប្រកួតកីឡាទូទៅលើពិភពលោក ក្នុងស្មារតីអូឡាំពិក គឺមិនតម្រូវឲ្យមានការផ្ដល់ប្រាក់រង្វាន់នោះទេ ក្រៅពីវត្ថុអនុស្សាវរីយ៍បន្ដិចបន្ដួចប៉ុណ្ណោះ។ ជាក់ស្ដែង ការប្រកួតអូឡាំពិក កីឡាអាស៊ី និងស៊ីហ្គេម រួមទាំងព្រឹត្តិការណ៍កីឡាជាច្រើនទៀត សុទ្ធតែគ្មានប្រាក់រង្វាន់ ។ ក្រឡេកមកសកម្មភាពកីឡាក្នុងឱកាសបុណ្យសមុទ្រនេះវិញ ក៏ដូចគ្នា គឺរៀបចំដើម្បីអបអរសាទរ ហើយស្មារតីធំបំផុត នៃការចូលរួមរបស់បងប្អូន ក៏ដើម្បីអបអរព្រឹត្តិការណ៍ជាតិដ៏ធំនេះ ដោយទឹកចិត្ត ដោយឆន្ទៈ និងដោយក្ដីស្រលាញ់ ដើម្បីសុខភាព មិត្តភាព និងសាមគ្គីភាព មិនមែនផ្ដោតលើការប្រកួតយកឈ្នះចាញ់ ហើយរឹតតែមិនដើម្បីប្រាក់រង្វាន់ថែមទៀត ។
ដោយឡែកពាក់ព័ន្ធនឹងតម្លៃចុះឈ្មោះចូលរួមប្រណាំងកង់វិញ គឺជាវិភាគទានមួយដែលបងប្អូនស្ម័គ្រចិត្តបង់ចូលរួម ហើយការកំណត់នេះ គឺដើម្បីសម្រួលដល់គណៈកម្មការក្នុងការរៀបចំការប្រកួតឲ្យបានរលូន ស្របតាមលក្ខណៈស្ដង់ដាកីឡា និងសុវត្ថិភាពខ្ពស់ជូនអ្នកចូលរួមប្រណាំង ដែលជារឿងមួយសំខាន់ ដើម្បីធានាបាននូវសុវត្ថិភាព សន្ដិសុខសណ្ដាប់ធ្នាប់ល្អ តាំងពីកន្លែងចេញដំណើរ រហូតដល់ទីព្រ័ត្រ បន្ថែមលើការផ្ដល់ជូននូវអាវយឺត ក៏ដូចជាមេដាយផងដែរ។ រាល់ការប្រកួតប្រណាំងកង់ភាគច្រើនមានការផ្ដល់ឲ្យអ្នកចូលរួមចូលវិភាគទាន។ នេះបើតាមប្រសាសន៍បន្ថែមរបស់ឯកឧត្តម វ៉ាត់ ចំរើន។
រដ្ឋលេខាធិការក្រសួងទេសចរណ៍ដដែលបន្ថែមថា ក្នុងឱកាសបុណ្យសមុទ្រនេះ សូម្បីការប្រកួតកីឡាប្រដាល់គុនខ្មែរជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២២ ដែលធ្វើឡើង៣ថ្ងៃ ពីថ្ងៃទី០៩-១១ ខែធ្នូ នៅតំបន់ឆ្នេរអូរត្រេះ សម្រាប់កីឡាករ-កីឡាការិនីជ័យលាភី ក៏មិនទទួលបានប្រាក់រង្វាន់អ្វីដែរ ក្រៅពីមេដាយសម្រាប់កំណត់ជ័យលាភីរបស់ពួកគេប៉ុណ្ណោះ។
ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម វ៉ាត់ ចំរើន ក៏បានបកស្រាយពាក់ព័ន្ធនឹងការប្រកួតគុនខ្មែរ
ជើងឯកអាស៊ីអាគ្នេយ៍ បន្ទាប់ពីមានសាធារណជនមួយចំនួន មានការភាន់ច្រឡំរឿងប្រើប្រាស់ពាក្យ «មួយ (MOUY)» ។ ឯកឧត្តមបានពន្យល់ថា ៖«ការប្រកួតជើងឯកអាស៊ីអាគ្នេយ៍នេះ យើងរៀបចំឡើងដើម្បីដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ដោយអនុវត្តតាមធម្មនុញ្ញរបស់ស៊ីហ្គេម ដែលបានកំណត់យកពាក្យ MOUY សម្រាប់កីឡាប្រដាល់ក្នុងស៊ីហ្គេម និងមានសហព័ន្ធប្រដាល់មួយអន្ដរជាតិដឹងឮ។
រាល់កិច្ចប្រជុំ និងការប្រកួតអន្ដរជាតិផ្លូវការ គេតែងប្រើប្រាស់ពាក្យនេះ តែសូមបញ្ជាក់ថា MOUY មិនមែនសម្ដៅលើប្រដាល់ថៃ ឬប្រដាល់ឡាវ ឬប្រដាល់កម្ពុជា ឬប្រដាល់អ្នកណានោះទេ គឺសម្រាប់អនុវត្តជាអន្ដរជាតិ ដោយមានសហព័ន្ធអន្ដរជាតិជាអាណាព្យាបាល ដែលមានជនជាតិឡាវជាប្រធានសហព័ន្ធ»។
«ប៉ុន្ដែ ការប្រកួតនៅកម្ពុជា ក្នុងនាមម្ចាស់ផ្ទះ ជាការពិតយើងចង់លើកមុខមាត់ក្បាច់គុនជាតិរបស់យើង ។ ហេតុនេះហើយបានជាយើងតែងហៅការប្រកួតនេះ គឺជាការប្រកួតគុនខ្មែរជើងឯកអាស៊ីអាគ្នេយ៍ ហើយបណ្ដាប្រទេសចូលរួម ក៏មិនបានថាអ្វីដែរ ។ ផ្ទុយទៅវិញ ប្រតិភូ និងអត្តពលិកគ្រប់បណ្ដាប្រទេសទាំងអស់ សុទ្ធតែបានសម្ដែងនូវសេចក្ដីរីករាយ និងគាំទ្រ សម្រាប់ការរៀបចំបុរេព្រឹត្តិការណ៍នៃដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣នេះ ហើយសង្ឃឹមថា កម្ពុជានឹងធ្វើបានល្អក្នុងឋានៈជាម្ចាស់ផ្ទះព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនាឆ្នាំក្រោយទៀតផង» ។ ឯកឧត្តម វ៉ាត់ ចំរើន បន្ថែម ។
ក្នុងន័យនេះ ឯកឧត្តម វ៉ាត់ ចំរើន បានថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋ ដែលតែងគាំទ្រ និងលើកទឹកចិត្ត ហើយតែងឈឺឆ្អាលពីសុខទុក្ខ ក៏ដូចជាជីវភាពរបស់កីឡាករ-កីឡាការិនីជាតិកម្ពុជា ។ យ៉ាងណាក្ដី តាមរយៈការបកស្រាយខាងលើ បងប្អូនប្រជាពលរដ្ឋនឹងឈប់ភាន់ច្រឡំរឿងការផ្ដល់ថវិកាលើកទឹកចិត្ត ព្រោះជាការចូលរួម ដើម្បីភាពសប្បាយរីករាយ និងអបអរសាទរពិធីបុណ្យសមុទ្រប៉ុណ្ណោះ ។ លើសពីនេះ ឯកឧត្តមបានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ បន្ដចូលរួមគាំទ្រ និងលើកទឹកចិត្ដ ក៏ដូចជាលេងកីឡា ដើម្បីដំណើរឆ្ពោះទៅរកភាពជោគជ័យនៅស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ទៀតផង ៕
ចែករំលែកព័តមាននេះ