ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​កំពុង​ប្រឹងប្រែងយក​ត្រឡប់​មក​វិញ​នូវ​ប្រភេទ​សត្វ​កម្រ ជា​ពិសេស​សត្វ​ខ្លាធំ

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ «​ខ្លាធំ ឬ​ខ្លាដំបង​» ជា​ប្រភេទ​សត្វ​ដែល​ទទួល​រងគ្រោះថ្នាក់​បំផុត ដោយ​ការ​បរបាញ់ ដើម្បី​យក​ឆ្អឹង ស្បែក ធ្វើ​ពាណិជ្ជកម្ម ហើយ​វា​ក៏​ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី…

រាជធានី​ភ្នំពេញ ៖ «​ខ្លាធំ ឬ​ខ្លាដំបង​» ជា​ប្រភេទ​សត្វ​ដែល​ទទួល​រងគ្រោះថ្នាក់​បំផុត ដោយ​ការ​បរបាញ់ ដើម្បី​យក​ឆ្អឹង ស្បែក ធ្វើ​ពាណិជ្ជកម្ម ហើយ​វា​ក៏​ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី ក្រហម​អង្គការ IUCN ថា ជា​ប្រភេទ​រងគ្រោះថ្នាក់​ជិត​ផុត​ពូជ នេះ​បើ​យោង​តាម​លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន ។

គិត​ចាប់ពី​ឆ្នាំ​២០០៧​មក គឺ​មាន​រយៈ​ជាង​១៥​ឆ្នាំ​ហើយ ដែល​អ្នក​វិទ្យាសាស្ត្រ រួម​ទាំង​មន្ត្រី​ជំនាញ​ផ្សេង​ៗ​ទៀត មិន​បាន​ប្រទះ​ឃើញ​វត្តមាន​របស់​សត្វ​ខ្លាធំ​នៅ​ក្នុង​ព្រៃ​ធម្មជាតិ​របស់​កម្ពុជា​។ រូបភាព​សត្វ​ខ្លាធំ ដែល​ថត​បាន​ចុង​ក្រោយ គឺ​នៅ​ឆ្នាំ​២០០៧ នៅ​តំបន់​ទេសភាព​ខ្ពង់រាប​ភាគ​ខាងកើត ​នៃ​ប្រទេស​កម្ពុជា ចាប់តាំងពី​ពេល​នោះ​មក​មិន​មាន​ភស្តុ​តាង​ណាមួយ​បង្ហាញ​ថា មាន​សត្វ​ខ្លាធំ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទៀត​ទេ ទោះជា​មាន​កិច្ច​ខិតខំ​ប្រឹងប្រែង​ស្វែងរក​វា​តែ​មិនឃើញ​ដាន​ទាល់តែ​សោះ​។ កម្ពុជា​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ចំនួន​១៣ ដែល​មាន​សត្វ​ខ្លាធំ ហើយ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ប្តេជ្ញា​ចិត្ត​បង្កើន​ទ្វេ​ដង​ចំនួន​សត្វ​ខ្លាធំ ទូ​ទាំង​ពិភពលោក​ ដោយ​បាន​អនុម័ត​លើ​ផែនការ​សកម្មភាព​សង្គ្រោះ​សត្វ​ខ្លាធំ​នៅ​កម្ពុជា ដែល​ផ្តោត​លើ​ការ​នាំ​យក​សត្វ​ខ្លាធំ ចូល​ទៅ​ក្នុង​តំបន់​វាលទំនាប​ភាគ​ខាងកើត នៃ​ប្រទេស​កម្ពុជា​។ សត្វ​ខ្លាធំ​ជា​សត្វ​ដ៏​អស្ចារ្យ និង​មាន​ភាព​ទាក់ទាញ ហើយ​វា​ត្រូវ​បាន​ចាត់ទុកជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ ។

«​ខ្លាធំ ឬ​ខ្លាដំបង​»​នេះ អាច​មាន​អាយុ​រហូត​ដល់២៥​ឆ្នាំ ​ក្នុង​ធម្មជាតិ​។ «​ខ្លាធំ​» អាច​រស់នៅ​ក្នុង​ជម្រក​គ្រប់​ប្រភេទ ដែល​មានទឹក ចំណី និង​ម្លប់​គ្រប់គ្រាន់ ព្រោះ​វា​ជា​សត្វ​ចាញ់​កម្តៅថ្ងៃ​។ នៅ​ពេល​ថ្ងៃ​ក្តៅ​ខ្លាំង «​ខ្លាធំ​» ចំណាយពេល​ច្រើន​ម៉ោង ដើម្បី​ដេក​ត្រាំ​ទឹក ហើយ​វា​មាន​ភាព​ស្ទាត់ជំនាញ ក្នុង​ការ​ហែល​ទឹក​។ «​ខ្លាធំ​» អាច​ចាប់​ចំណី​បាន ចាប់ពី​សត្វ​តូច​រហូត ដល់​សត្វ​ធំ ក្នុង​នោះ មាន​ប្រភេទ​សត្វ​ធំ​ៗ​ដូច​ជា ប្រើស​,​ទន្សោង​,​ខ្ទីង​។ ចំពោះ​ការ​បន្ត​ពូជ «​ខ្លាធំ​» អាច​បង្កាត់​ពូជ​បាន​គ្រប់​រដូវ ហើយ​ខ្លា​ញី​អាច​បង្កើតកូន​បាន​ម្ដង​ពី​១-៧​ក្បាល បន្ទាប់​ពី​ពពោះ​អស់​រយៈ ពេល​ប្រហែល ១០០​ថ្ងៃ​។ ខ្លា​ប្រភេទ​នេះ ចូល​ចិត្ត​ដើរ តាម​ដងផ្លូវ​ដែល​ទើបតែ​ឈូស​ឆាយ​រួច ឬ​ផ្លូវ​ប្រលោះ​ក្នុង​ព្រៃ​ជាដើម​។ «​ខ្លាធំ​» វា​មាន​សម្បុរ​ក្រហម លឿង ឬ​ត្នោត​ខ្ចី និង​មាន​ឆ្នូត​បង្កង់​ពណ៌​ក្រ​ម៉ៅ​កាត់​ទទឹង​ដងខ្លួន ហើយ​នៅ​ផ្នែក ខាងក្រោម​ចង្កា និង​បំពង់ក​មាន​ពណ៌​ស ចំណែកឯ​កន្ទុយ​របស់​វា​មាន​សម្បុរ​ខ្មៅ​ជា​កង់​ៗ និង​ខ្មៅ​ផ្នែក​ខាង​ចុង​។ ខ្លាធំ​ជា​ប្រ ភេទ​សត្វ ដែល​មាន​មាឌធំ​ជាងគេ​បំផុត​ក្នុង​ចំណោម​អំបូរ​ឆ្មា និង​ងាយស្រួល​ចំណាំ​ផង​ដែរ ។

ផ្នែក​លើ​កត្តា​សុខ​សន្តិភាព និង​ស្ថេ​រ​ភាព​នយោបាយ កំណើនសេដ្ឋកិច្ច ការ​ផ្លាស់​ប្តូរ​ផ្នែក​សេដ្ឋកិច្ច សង្គម និង​វប្បធម៌​របស់​ប្រជាជន​កម្ពុជា ទើប​កម្ពុជា​មានឱកាស​យក​ត្រឡប់​មក​វិញ​នូវ​ប្រភេទ​សត្វ​កម្រ​នៅ​លើ​ទឹកដី​កម្ពុជា​ជា​ពិសេស​ប្រភេទ​សត្វ​ខ្លាធំ​។ ថ្មី​ៗ​នេះ អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​ក្នុង​ការ​អភិរក្ស​ជីវៈចម្រុះ ការ​គ្រប់គ្រង​សត្វព្រៃ​ដោយ​និរន្តរភាព និង​យុទ្ធសាស្ត្រ ស្តារ​សត្វ​ខ្លាធំ និង​ទីជម្រក​របស់​វារ​វាង​ក្រសួងបរិស្ថាន​កម្ពុជា​តំណាង​ដោយ​ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រីក្រសួង បរិស្ថាន និង​ក្រសួងបរិស្ថាន​ព្រៃឈើ និង​ប្រែប្រួល​អាកាសធាតុ​ឥណ្ឌា​តំណាង​ដោ​យេ​ឯកអគ្គរដ្ឋទូត​ឥណ្ឌា​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវ​បាន​ចុះហត្ថលេខា​នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២២ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី និង​ឯកឧត្តម​អនុ​ប្រធានាធិបតី​ឥណ្ឌា Jagdeep Dhankha នៅ​រាជធានី​ភ្នំពេញ​។

កម្ពុជា​បាន​ចូលរួម​ចិត្ត​ក្នុង​វេទិកា​អន្តរជាតិ កាលពី​ឆ្នាំ​២០១០ ស្តី​ពី​ការ​អភិរក្ស និង​បង្កើន​ចំនួន​សត្វ​ខ្លាធំ​នៅ​ក្នុង​ព្រៃ​ឱ្យ​បាន​ចំនួន​ទ្វេ​ដង​នៅ​ឆ្នាំ​២០២២ និង​បាន​រៀបចំ​ផែនការ​សកម្មភាព​របស់​ខ្លួន​ស្ដី​ពី​សត្វ​ខ្លាធំ (​ឆ្នាំ​២០១៥-២០២៤)​។ រាជរដ្ឋាភិបាល​កម្ពុជា​គាំទ្រ​កម្មវិធី​ស្តារ​សត្វ​ខ្លាធំ ហើយ​ការ​គាំទ្រ​ផ្នែក​នយោបាយ​លើ​កម្មវិធី​នេះ​បាន​ធ្វើ​ឱ្យ​កម្ពុជា​ជា​ប្រទេស​ទី​មួយ​នៅ​តំបន់​អាស៊ាន​ធ្វើការ​នាំ​យក​សត្វ​ខ្លាធំ​ចូល​ព្រៃ​ធម្មជាតិ​វិញ​។ បណ្តា​ប្រទេស​នៅ​លើ​ពិភពលោក​ដែល​មាន​សត្វ​ខ្លាធំ ជា​ពិសេស​ប្រទេស​ឥណ្ឌា ជា​ប្រទេស​មាន​ចំនួន​សត្វ​ខ្លាធំ​ច្រើន​ជាង​គ​បំផុត​បាន​គាំទ្រ​កម្ពុជា​ក្នុង​ការ​អនុវត្ត​កម្មវិធី​ស្តារ​សត្វ​ខ្លាធំ​ឡើង​វិញ​។ អនុស្សា​រណៈ​នៃ​ការ​យោគយល់​រវាង​ក្រសួងបរិស្ថាន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្រសួងបរិស្ថាន ព្រៃឈើ និង​ប្រែប្រួល អាកាសធាតុ​នៃ​សាធារណរដ្ឋ​ឥណ្ឌា ស្ដី​ពី​កិច្ច​សហប្រតិបត្តិការ​ក្នុង​ការ​អភិរក្ស​ជីវៈចម្រុះ ការ​គ្រប់គ្រង​សត្វព្រៃ​ដោយ​និរន្តរភាព និង​យុទ្ធសាស្ត្រ​ស្តារ​សត្វ​ខ្លាធំ និង​ទីជម្រក​របស់​វា ដែល​អនុវត្ត​ជំហាន​ដំបូង​នៅ​តំបន់​ជួរ​ភ្នំក្រវាញ និង​បន្ទាប់​មក​អនុវត្ត​នៅ​តំបន់​អភិរក្ស​កែវ​សី​ម៉ា​។

ការ​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​នេះ គឺជា​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី​មួយ​នៃ​ការ​បង្កើន​ទំនាក់ទំនង និង​ចំណងមិត្តភាព​និង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​កម្ពុជា​-​ឥណ្ឌា ជា​ពិសេស​រវាង​ក្រសួងបរិស្ថាន នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្រសួងបរិស្ថាន ព្រៃឈើ និង​ប្រែប្រួល​អាកាសធាតុ​នៃ​សាធារណរដ្ឋ​ឥណ្ឌា ក្នុង​វិស័យ​បរិស្ថាន និង​អភិរក្ស​ធនធានធម្មជាតិ​។ អនុស្សរណៈ​នៃ​ការ​យោគយល់​នេះ នឹង​ផ្តល់​អត្ថប្រយោជន៍​ដល់​ប្រទេស​ទាំង​ពីរ​ទៅ​លើ​បញ្ហា​ដូច​ខាងក្រោម​៖
ក​) ជំរុញ​ការ​អភិរក្ស​ជីវៈចម្រុះ​ដោយ​ផ្តោត​លើ​ការ​អភិរក្ស និង​ស្តារ​សត្វ​ខ្លាធំ​នៅ​ប្រទេស​កម្ពុជា ជា​ពិសេស​នៅ​តំបន់​ទេសភាព​សំខាន់​ៗ រួម​មាន​ជួរ​ភ្នំក្រវាញ និង​ខ្ពង់រាប​ភាគ​ខាងកើត​កុំឱ្យ​ផុត​ពូជ​ពី​កម្ពុជា​។
ខ​) ផ្តល់​ពូជ​សត្វ​ខ្លាធំ​ពី​ប្រទេស​ឥណ្ឌា និង​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ការពារ​សត្វ​ខ្លាធំ​ឱ្យ​រស់នៅ​ក្នុង​ព្រៃ​ធម្មជាតិ​បាន​ជោគជ័យ​។ ចែករំលែក និង​ផ្លាស់​ប្តូរ​ជំនាញ និង​សមត្ថភាព​ក្នុង​គោលដៅ​ជំរុញ​ការ​អភិរក្ស​សត្វ​ខ្លាធំ​នៅ​ក្នុង​ប្រទេស​ទាំង​ពីរ​។
គ​) ជំរុញ​ការ​អភិរក្ស​សត្វព្រៃ​ដោយ​ចែករំលែក​បទ​ពិសោធន៍​ល្អ​ៗ នៃ​ការ​អនុវត្ត​បច្ចេកវិទ្យា ការ​រក​ចំណូល​ចិញ្ចឹមជីវិត​សម្រាប់​សហគមន៍ រស់នៅ​ក្នុង​ដែនជម្រកសត្វព្រៃ និង​ការ​គ្រប់គ្រង​ជីវៈចម្រុះ​ប្រកបដោយ​និរន្តរភាព​។ ប្រទេស​ទាំង​ពីរ​នឹង​គាំទ្រ​ឱ្យ​មានការ​វិវឌ្ឍន៍​ទៅ​មុខ នៅ​ក្នុង​ក្រប​ខណ្ឌ នៃ​កិច្ច​សហប្រតិបត្តិការ​នេះ និង​គោរព​ទស្សន​:​គា្ន​ទៅ​វិញ​ទៅ​មក​។

ក្នុង​ពេល​ដែល​កម្ពុជា​ទទួល​បាន​សុខ​សន្តិភាព ឯកភាព​ជាតិ ស្ថេ​រ​ភាព​នយោបាយ និង​ក្នុង​ដំណើរ​នៃ​កំណើន​សេដ្ឋកិច្ចជាតិ និង​ការ​អភិវឌ្ឍ​ជាតិ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​គាំទ្រ​គោលការណ៍​ស្តារ​សត្វ​ខ្លាធំ និង​ផែនការ​សកម្មភាព​ចំនួន ៨​ចំណុច​សម្រាប់​ស្តារ​សត្វ​ខ្លាធំ​នៅ​តំបន់​ជួរ​ភ្នំក្រវាញ​ជា​អាទិភាព​រួម​មាន​÷
១)​ ជំរុញ​ការ​អនុវត្ត​គម្រោង​រេ​ដ​បូក​នៅ​តំបន់​ជួរ​ភ្នំក្រវាញ​។
២)​ ដោះស្រាយ​បញ្ហា នៃ​ការ​ដាក់​អន្ទាក់​សត្វព្រៃ​តាម​រយៈ​យុទ្ធនាការ​ផ្សព្វផ្សាយ​ដើម្បី​លើកកម្ពស់​ការ​ចូលរួម និង​ការ​យល់​ដឹង​របស់​សាធារណជន​។
៣)​ ជំរុញ​ការ​ស្ដារ​សត្វរំពារ​របស់​សត្វ​ខ្លា​។
៤) ​ជំរុញ​កិច្ចសហការ​ជាមួយ​បណ្ដា​ប្រទេស​ដែល​មាន​សត្វ​ខ្លាធំ ជា​ពិសេស​ប្រទេស​ឥណ្ឌា​ក្នុង​ការ​អនុវត្ត​កម្មវិធី​ស្ដារ​សត្វ​ខ្លាធំ​នៅ​កម្ពុជា​ឲ្យ​បាន​ជោគជ័យ​។
៥)​ រក្សា​ការពារ​តំបន់ការពារធម្មជាតិ​ជា​អាទិភាព​ដើម្បី​កម្មវិធី​ស្ដារ​សត្វ​ខ្លាធំ​នៅ​កម្ពុជា​។
៦)​ ពង្រឹងសមត្ថភាព​របស់​មន្ត្រី​អនុវត្ត​ច្បាប់​និង​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​។
៧) ​ជំរុញ​កិច្ចសហការ​ជាមួយនឹង​បណ្ដា​ប្រទេស​ជិតខាង​នៅ​ក្នុង​ការ​អនុវត្ត​កម្មវិធី​ស្ដារ​សត្វ​ខ្លះ​ធំ​នៅ​កម្ពុជា ។
និង​៨)​ ជំរុញ​កម្មវិធី​តាមដាន​ត្រួតពិនិត្យ​សត្វ​ខ្លា​និង​សត្វរំពារ​របស់​សត្វ​ខ្លា​ដោយ​ប្រើប្រាស់​នូវ​ស្ថិតិ​និង​បច្ចេកវិទ្យា​ថ្មី​ៗ៕

OLYMPUS DIGITAL CAMERA

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ