ខេត្តបន្ទាយមានជ័យ ៖ ពលរដ្ឋ១ក្រុមដែលរស់នៅលើដីទំនាស់រ៉ាំរ៉ៃដោះស្រាយមិនចេញជាច្រើនឆ្នាំ ក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ប្រមាណ៣០គ្រួសាបានលើកគ្នាតវ៉ាមុខសាលាសង្កាត់អូរជ្រៅ សុំការអន្តរាគមន៍ជួយ ប៉ុន្តែចោទទាំងលោកចៅសង្កាត់ថា បំពានលើដីការរក្សាការពារក្នុងករណីដីធ្វើផ្លូវ១ខ្សែផងដែរ។
![Picture]()
ករណីខាងលើ បានកើតឡើងនៅព្រឹកថ្ងៃទី៨ ធ្នូ ២០២២ នេះ ស្ថិតមុខសាលាអូរជ្រៅ។ នៅទីតាំងកើតហេតុគេឃើញមានសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាល និងប្រជាការពារភូមិការពារ ក្រែងកើតមានអំពើហិង្សាណាមួយអាចនឹងកើតឡើង។
សាកសួរផ្ទាល់ ដ្បិតក្រុមអ្នកតវ៉ាមិនបញ្ចេញអត្តសញ្ញាណបាននិយាយថា ពួកគាត់មកកាន់សាលាសង្កាត់នៅព្រឹកនេះ ក៏ព្រោះកើតទុក្ខមិនសុខចិត្តរឿងករណីដីផ្លូវ១ខ្សែ នៅក្នុងភូមិដែលពួកគាត់រស់នៅ។ ពួកគាត់បន្តទៀតថា ផ្លូវ១ខ្សែទទឹង១០ម៉ែត្រ បណ្តោយ៤៥០ម៉ែត្រ ត្រូវបានគ្រួសាមួយជាអ្នកធំនៅភ្នំពេញ ស្នើសុំបង្កើតផ្លូវទាំងពួកគាត់មិនបានដឹងអ្វីឡើយ ព្រោះ៧០ភាគរយនៃស្នាមមេដៃអ្នកស្នើរសុំជាង៣០គ្រួសារ មិនមែនជាអ្នករស់នៅក្នុងភូមិជាមួយពួកគាត់ឡើយ។
![Picture]()
មិនតែប៉ុណ្ណោះ ពួកគាត់ថាសូម្បីឈ្មោះវ៉ា ជិមណារ៉េត ជាចៅសង្កាត់អូរជ្រៅដែលរស់នៅភូមិផ្សេងក៏មានឈ្មោះស៊ីញ៉េក្នុងលិខិតស្នើរសុំធ្វើផ្លូវ១ខ្សែនេះផងដែរ។ ក្រុមអ្នកតវ៉ារៀបរាប់ថា កាលើកគ្នាមកមុខសាលាសង្កាត់ថ្ងៃនេះ គឺមានគោលបំណង២ ទី១-សុំឲ្យអាជ្ញាធរនិរាកន៍ចោលលិខិតស្នើសុំធ្វើផ្លូវរបស់គ្រួសាមួយខាងលើ ព្រោះប៉ះពាល់ដីពួកគាត់និងគ្មានមេដៃពួកគាត់ឯកភាពតែម្តង និងទី២-ស្នើប្រមុខរាជរដ្ឋាភិបាលជួយដល់ពួកគាត់រឿងទំនាស់ដីជាមួយអ្នកធំម្នាក់នៅភ្នំពេញដែលបានប្តឹងទៅតុលាការខេត្តបន្ទាយមានជ័យ ដើម្បីរក្សាការពារដីដែលពួកគាត់រស់នៅមិនឲ្យធ្វីអ្វីទាំងអស់ដោយគេថា ជាដីរបស់គេបើទោះជាកន្លងមកពួកគាត់រស់នៅទីនោះតាំងពីឆ្នាំជាង២០០០ហើយនៅឆ្នាំ២០១៩ ក្រុមមន្ត្រីជំនាញបានចុះធ្វើប្លង់រឹងចេញកន្ទុយសន្លឹក ក្រោយបំពេញបែបបទរួចទៅហើយក្តី។
![Picture]()
ករណីតវ៉ាជួបអាជ្ញាធរនេះ ពលរដ្ឋហាក់ខឹងសម្បារនឹងលោកចៅសង្កាត់ដោយចោទថា គេចវែសមិនចង់ជួបពួកគាត់ព្រោះមិនឃើញចេញមកបកស្រាយរឿងរ៉ាវពួកគាត់ចង់ឲ្យជួយ ។ យ៉ាងណាក៏ដោយ ក្រោយពីក្រុមអ្នកតវ៉ាលើកឡើងថានឹងមិនទៅផ្ទះហើយសុខចិត្តនាំគ្នាទិញ ឬយកបាយពីផ្ទះមកតាវ៉ាមុខសាលាសង្កាត់ ស្រាប់តែឃើញវត្តមានលោកវ៉ា ជិមណារ៉េត ចៅសង្កាត់អូរជ្រៅចេញជួបក្រុមអ្នកតវ៉ាមួយប៉ព្រិចភ្នែកដោយមិននិយាយច្រើន ហើយប្រាប់ឲ្យក្រុមអ្នកតវ៉ាទៅជួបតុលាការទៅ ខណៈពលរដ្ឋនិយាយថា បើដីចំណុចពួកគាត់កំពុងរស់នៅមានដីការក្សាការពារ ហេតុអីលោកចៅសង្កាត់រូបនេះ ហ៊ានស៊ីញ៉េទាំងបំពានឲ្យគេធ្វើផ្លូវទាំងគ្មានមេដៃពួកគាត់ ឬដីការរក្សាការពាររបស់តុលាការទៅវិញ។
លោកចៅសង្កាត់អូរជ្រៅមិនអាចទាក់ទងសុំការបំភ្លឺបានទេ ព្រោះមិនស្គាល់លេខទូរស័ព្ទ ខណៈនៅចំណុចកើតហេតុលោកបានដើរចូលក្នុងសាលាសង្កាត់មិនឆ្លើយតបនៅសំណួរអ្នកព័ត៌មាន និងក្រុមអ្នកតវ៉ាឲ្យបានច្បាស់លាស់ផង៕
ចែករំលែកព័តមាននេះ