រាជធានីភ្នំពេញ ៖ នៅពេលប្រឡងជាប់បាក់ឌុបហើយយុវជន និងយុវតីតែងចោទសួរថា តើខ្លួនគួររៀនអ្វី ដើម្បីទទួលបានអនាគតដ៏ល្អមួយ?ការជ្រើសរើសជំនាញសិក្សានៅមហាវិទ្យាល័យជាបញ្ហាមួយរបស់យុវជនក្រោយពីការប្រលងបាក់ឌុបចប់។តើត្រូវរៀនជំនាញអ្វី?រៀននៅមហាវិទ្យាល័យណា? ទាំងនេះជាចំណោទរបស់យុវជនដែលត្រូវរកចម្លើយនៅក្នុងពេលកំពុងរង់ចាំលទ្ធផលប្រលងនេះ។
រូបតំណាងមានការលើកទឹកចិត្តឱ្យយុវជនធ្វើការសម្រេចចិត្តក្នុងការជ្រើសរើសជំនាញសិក្សាដោយខ្លួនឯង ដោយត្រូវផ្តើមឱ្យពួកគេធ្វើការសិក្សាឱ្យបានហ្មត់ចត់ពីខ្លួនឯងដូចជាថា តើខ្លួនរៀនខ្លាំងខាងមុខវិជ្ជាអ្វី?តើខ្លួនមានទេពកោសល្យអ្វី និងមានចំណង់ចំណូលចិត្តខាងណាចង់ធ្វើអ្វីពេលអនាគត ហើយមិនចូលចិត្តអ្វីជាដើម?។
ច្បាស់ណាស់ ក្រៅពីសិស្សខ្លួនឯងត្រូវដឹង និងស្គាល់ពីខ្លួនច្បាស់ហើយ ពួកគេត្រូវការការអ្នកណែនាំ អ្នកបង្ហាញផ្លូវដោយជៀសមិនរួចនោះទេ ដូចជាពីបរិបទសង្គម ទីផ្សារការងារ ពិសេសពីការវិវឌ្ឍសង្គមជាតិទៅអនាគតនៅក្នុងរយៈពេលខ្លី និងវែងពីមនុស្សនៅជំវិញខ្លួន និងអ្នកមានបទពិសោធន៍។ការណែនាំពីសង្គម ដែលមានឱពុកម្តាយ បងប្អូន រៀមច្បង មានបទពិសោធន៍ សាស្ត្រាចារ្យ ជាកត្តាសំខាន់ ត្បិតអ្នកទើបរៀនចប់ថ្នាក់ទី១២ ជាវ័យមួយដែលទើបបោះជើងចូលសង្គម។

ការជ្រើសរើសមុខជំនាញសិក្សាកាន់តែមានផលលំបាកសម្រាប់សិស្សានុសិស្សនៅតាមបណ្តាខេត្តដោយសារពួកគាត់មិនសូវទទួលបានព័ត៌មានទូលំទូលាយពីបរិបទសង្គមសិក្សា។តាមការសង្កេតកន្លងមកការជ្រើសរើសជំនាញសម្រាប់ការសិក្សាថ្នាក់មហាវិទ្យាល័យរបស់យុវជនបានធ្វើឡើងដោយកត្តាក្រៅខ្លួនដែលមានលក្ខណៈអូសទាញ និងជំរុញមិនមែនជាការបង្ហាញផ្លូវ ដើម្បីឱ្យយុវជនស្វ័យសម្រេចដោយខ្លួនឯងនោះទេ។
តាមការសង្កេតកន្លងមកមានកត្តាជំរុញពីក្រុមគ្រួសារកត្តាអូសទាញពីមិត្តភក្តិ និងកត្តាផ្សព្វផ្សាយទាក់ទាញពីសាកលវិទ្យាល័យនានា។កត្តាទាំង៣នេះអាចធ្វើឲ្យពួកមិនទទួលបានភាពជោគជ័យនៅក្នុងការសិក្សានោះទេ។អ្នកសិក្សាតែងតែណែនាំឱ្យយុវជនជ្រើសរើសជំនាញសិក្សាដោយចេញពីចិត្ត និងចេញពីការស្វែងយល់ពីសក្តានុពលខ្លួនឯងផង និងទីផ្សារការងារផង។យុវជនត្រូវដឹងចំណុចខ្លាំងរបស់ខ្លួន និងជំនាញដែលខ្លួនចង់សិក្សាទើបការសិក្សារបស់ខ្លួនដំណើរទៅល្អ និងវែងឆ្ងាយ។ទន្ទឹមនោះ ពួកគេក៏ត្រូវផ្សារភ្ជាប់ចំណង់ចំណូលចិត្តទៅនឹងទីផ្សារការងារផងដែរ។
ដូចរៀបរាប់ពីខាងលើ នៅក្នុងន័យនេះគេត្រូវការកំណត់ចំណុចខ្លាំងរបស់ខ្លួន អ្នកអាចដឹង បានតាមរយៈការស្វែងយល់អត្តចរិត ទេពកោសល្យ និងភាពវ័យឆ្លាតរបស់ខ្លួនពីកំណើត។ អ្នកអាចសួរខ្លួនឯងថា «តើខ្ញុំចូលចិត្តរៀនផ្នែកអ្វី? ហើយរៀនពូកែមុខវិជ្ជាអ្វី?»។ បន្ទាប់ពីកំណត់នូវចំណុចឱ្យខ្លាំង និងចំណង់ចំណូលចិត្តរបស់ខ្លួនហើយ អ្នកត្រូវសិក្សាស្វែងយល់ពីប្រភេទជំនាញនីមួយៗឲ្យបានច្បាស់ តាមរយៈអ្នកប្រឹក្សាយោបល់នៅសាកលវិទ្យាល័យបណ្តាញសារព័ត៌មានផ្សេងៗ ឬរៀមច្បង ដែលមានបទពិសោធន៍ ដើម្បីឲ្យដឹងពីចរិតលក្ខណៈនៃជំនាញនីមួយៗ និងអាជីពនាពេលអនាគតបន្ទាប់ពីបញ្ចប់ការសិក្សា។

គ្រប់គ្នាអាចូលរួមផ្តល់ការណែនាំបង្ហាញផ្លួវដល់យុវជន ដើម្បីឱ្យពួកគេសម្រេចចិត្តបានត្រឹមត្រូវមួយនៅក្នុងការតម្រង់ទិសជីវិតសិក្សារបស់ពួកគេ។ការអូសទាញយុវជនឱ្យរៀនតាមអ្វីដែលខ្លួនចូលចិត្ត និងតាមអ្វីដែលជាបេសកកម្មរបស់ខ្លួនមិនមែនជាការបើកផ្លូវឱ្យយុវជនបញ្ចេញសមត្ថភាព និងសក្តានុពលពិតរបស់ពួកគេនោះទេ។គេបានសង្កេតឃើញថា មានសាលារៀនខ្លះ សាលាខ្លួនមានបង្រៀនមុខវិជ្ជាអ្វីនោះខ្លួនក៏ខិតខំអូសទាញឱ្យយុវជនចូលរៀនសាលារបស់ខ្លួនឱ្យខានតែបាន ដោយមិនខ្វល់ថា យុវជនរូបនោះមានសក្តានុពលខាងវិជ្ជាអ្វីឡើយ។
ម្យ៉ាងវិញទៀត សូម្បីតែឱពុកម្តាយក៏ដូចគ្នា មានមាតាបិតា មិនតិចទេខ្លួនចូលចិត្តការងារអ្វីក៏តែងតែបង្ខំឱ្យកូនរៀនខាង ជំនាញនោះ ទោះបីកូនៗមិនពេញចិត្តក្តី។ការអូសទាញឱ្យយុវជនរៀនជំនាញតាមខ្លួន មិនបានជួយដល់ការសិក្សារបស់ពួកគេ ឱ្យបានវែងឆ្ងាយនោះឡើយ។ នៅពេលគេរៀនជំនាញណាមួយដែលខ្លួនមិនចូលចិត្ត គេនឹងរៀនមិនពូកែ ហើយអាចបញ្ឈប់ការសិក្សានៅកណ្តាលទីក៏មាន។កន្លងមកមាន សិស្សនិស្សិតជាច្រើនបានជ្រើសរើសជំនាញសិក្សាដល់ទៅពីរឬរៀនមហាវិទ្យាពីរនៅក្នុងពេលតែមួយ។ ប្រការនេះទំនងដោយសារពួកគេមិនច្បាស់លាស់នូវអ្វីដែលបានរៀន។ ឬថារៀនមុនជំនាញមួយហើយទើបស្គាល់ខ្លួនឯងថា ចូលចិត្តជំនាញនេះវិញ។

ការផ្តល់ឱកាសឱ្យយុវជនជ្រើសរើសជំនាញដែលខ្លួនចូលចិត្ត គឺជាការកសាងធនធានមនុស្សប្រកបដោយសក្តានុពល។ មិនថា ការសិក្សា និងការងារនោះទេ នៅពេលរៀន និងធ្វើការតាមជំនាញតាមការចូលចិត្តរបស់ខ្លួនគេនឹងខិតខំបំពេញការងារឱ្យអស់ពីសមត្ថភាព៕ដោយ សារ៉ាន់
ចែករំលែកព័តមាននេះ