រាជធានីភ្នំពេញ ៖ សមត្ថកិច្ចនគរបាលការិយាល័យទី១០ នៃមន្ទីរប្រឆាំងគ្រឿងញៀ.ន កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ បានបញ្ជូនបុរសជនជាតិចិនតៃវ៉ាន់ម្នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពីបទជាប់ពាក់ព័ន្ធនឹងករណីជួញដូរ និងដឹកជញ្ជូននូវសារធាតុញៀ.នដោយខុសច្បាប់។
ជនសង្ស័យរូបនេះឈ្មោះ Yang Chin Chung អាយុ៤៦ឆ្នាំ កាន់លិខិតឆ្លងដែនលេខ ៣៦០៦៧២២៤៤ ។

ដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរង ទទួលផែនការងារប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀ.ន ក្រោមការដឹកនាំផ្ទាល់របស់លោកឧត្តមសេនីយ៍ទោ ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀ.ន កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២២កន្លងទៅ កម្លាំងនគរបាលជំនាញ« ក១០» ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សារី បុត្រសត្យា និងលោកឧត្តមសេនីយ៍ត្រី យឹម សែនឧត្តម នាយករងមន្ទីរ បានចុះទៅសហការជាមួយសមត្ថកិច្ចគយប្រចាំនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ច្រកអ្នកដំណើរចេញ ត្រួតពិនិត្យ និងឆែកឆេរអ្នកដំណើរមិនប្រក្រតី ។

នៅក្នុងការត្រួតពិនិត្យនោះ បានរកឃើញជនជាតិចិនតៃវ៉ាន់ម្នាក់ ពាក់ព័ន្ធនឹងករណីដឹកជញ្ជូនសារធាតុញៀ.នដោយខុសច្បាប់ពីកម្ពុជា មានគោលដៅទៅកាន់ទីក្រុងតៃប៉ិ កោះតៃវ៉ាន់ តាមច្រកព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដោយមានលាក់ទុកសារធាតុញៀ.នប្រភេទហេរ៉ូអ៊ីនចំនួន៨ដុំ មានទម្ងន់២.៧៩៩,៧៩ក្រាម គឺជិត៣គីឡូក្រាម ។ សារធាតុញៀនទាំងនេះ ត្រូវបានជនសង្ស័យរុំលាក់ទុកដាក់ជាប់នឹងដងខ្លួន ក្នុងទិសដៅដឹកពីប្រទេសកម្ពុជា តាមជើងហោះហើររបស់ក្រុមហ៊ុន (EVAAIR) BR0266/03DEC ។

ក្រោយពីឃាត់ខ្លួន សមត្ថកិច្ចគយប្រចាំព្រលានយន្តហោះអន្តរជាតិភ្នំពេញ បានប្រគល់ជនសង្ស័យនិងវត្ថុតាងឲ្យទៅមន្ទីរប្រឆាំងគ្រឿងញៀ.ន ដើម្បីបន្តនីតិវិធីទៅតុលាការ ៕


ចែករំលែកព័តមាននេះ