ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សាលាឧទ្ធរណ៍​ភ្នំពេញ តម្កល់​សាលក្រម​សាលាដំបូង​លើ​សំណុំរឿងអតីត​​ផ្កាយ​២ សូ​យ ចាន់​សឿ​ន ទុក​ជា​​បានការ​ដដែល​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

2 ឆ្នាំ មុន
  • ភ្នំពេញ

សាលាឧទ្ធរណ៍​ភ្នំពេញ កាលពី​ថ្ងៃ​ទី​៧ ខែធ្នូ ឆ្នាំ​២០២២ បាន​ប្រកាស​សាលដីកា​សម្រេច​តម្កល់​សាលក្រម​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ទុកជា​បានការ​ដដែល លើ​ពាក្យបណ្តឹង​ឧទ្ធរណ៍​របស់​ជនជាប់ចោទ​ផ្កាយ​២​យោធា

រាជធានី​ភ្នំពេញ ៖ សាលាឧទ្ធរណ៍​ភ្នំពេញ កាលពី​ថ្ងៃ​ទី​៧ ខែធ្នូ ឆ្នាំ​២០២២ បាន​ប្រកាស​សាលដីកា​សម្រេច​តម្កល់​សាលក្រម​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ទុកជា​បានការ​ដដែល លើ​ពាក្យបណ្តឹង​ឧទ្ធរណ៍​របស់​ជនជាប់ចោទ​ផ្កាយ​២​យោធា សូ​យ ចាន់​សឿ​ន​។ សាលដីកា​នោះ បាន​ប្រកាស​ធ្វើ​ឡើង ដោយ​កំបាំង​មុខ​ជនជាប់ចោទ តែ​ចាត់ទុកជា​ចំពោះ​មុខ​ដោយ​តុលាការ​បាន​ជូនដំណឹង​ទៅ​គ្រប់​ភាគី​ដើមបណ្តឹង និង​ចុងចោទ រួម​ទាំង​មេធាវី​ការពារ​ក្តី​ផង​ដែរ​។ តែ​ទោះជា​យ៉ាងណា​ក្តី សាលដីកា​សាលាឧទ្ធរណ៍ បាន​ផ្តល់​សិទ្ធិ​ឲ្យ​ប្តឹង​សារ​ទុក​ទៅ​តុលាការ​កំពូល​តាម​ច្បាប់​កំណត់ បើសិន​ភាគី​ណាមួយ​កើតទុក្ខ​មិន​សុខចិត្ត​ចំពោះ​ការ​កាត់ក្តី​នេះ​។

សូម​រម្លឹក​ថា កាលពី​រសៀល​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២២ បាន​បើក​សវនាការ​ជំនុំជម្រះ​លើ​បណ្តឹងឧទ្ធរណ៍​របស់​ជនជាប់ចោទ​អតីត​ផ្កាយ​២​យោធា ឈ្មោះ សូ​យ ចាន់​សឿ​ន ដែល​បាន​កើតទុក្ខ​មិន​សុខចិត្ត​ចំពោះ​ការ​កាត់ក្តី​របស់​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ ក្នុង​សំណុំរឿង​.​បរិហារ​បង្កាច់​កេរ្តិ៍ ។ សវនាការ​បាន​ធ្វើ​ឡើងជា​សាធារណៈ​ដោយ​មាន​លោក យន់ ណា​រ៉ុ​ង ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ និង​ចំពោះ​មុខ​ដើមបណ្តឹង និង​ចុងចោទ រួម​ទាំង​មេធាវី​ការពារ​ក្តី​ឲ្យ​ភាគី​ទាំង​សងខាង​។

ជនជាប់ចោទ​ដែល​ជាដើម​បណ្តឹងឧទ្ធរណ៍​ឈ្មោះ សូ​យ ចាន់​សឿ​ន ត្រូវ​បាន​អនុរក្ស​ពន្ធនាគារ​ខេត្តកំពង់ស្ពឺ ដឹក​តាម​រថយន្ត​នាំ​មក​ចូលរួម​សវនាការ​នោះ​ដែរ ហើយ​នៅ​ក្នុង​រង្វង់​ក្រចកសេះ​ឆ្លើយ​ទៅ​កាន់​អង្គ​សវនាការ​ថា ខ្លួន​ទទួលយក​សាលក្រម​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ត្រង់​ចំណុច​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​៨​ខែ ដោយសារ​តែ​ខ្លួន​បាន​ប្រព្រឹត្ត​បទល្មើស​ព្រហ្មទណ្ឌ ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ភាគី​ដើមបណ្តឹង តែ​មិន​អាច​ទទួលយក​បាន​ចំពោះ​សាលក្រម​តម្រូវ​ឲ្យ​ខ្លួន​បង់ប្រាក់​ចំនួន​២០​លាន​រៀល​ជា​សំណង​រដ្ឋប្បវេណី​ទៅ​ដើមបណ្តឹង​នោះ​ឡើយ​។

ចំណែក​ភាគី​ដើមបណ្តឹង​នៅ​តែ​ប្រកាន់​ជំហរ និង​ទទូច​ស្នើ​សុំ​ឲ្យ​តុលាការ​ថ្នាក់​កណ្តាល « សាលាឧទ្ធរណ៍» រក្សា​សាលក្រម​របស់​តុលាការ​ថ្នាក់​ក្រោម «​សាលាដំបូង​រាជធានី​ភ្នំពេញ​» ទុកជា​បានការ​ដដែល​។ សវនាការ​នេះ ត្រូវ​បាន​បញ្ចប់​ទៅ​វិញ​នា​រសៀល​ថ្ងៃ​នោះ​ដែរ ទើប​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ បាន​លើក​ពេល​ប្រកាស​សាលដីកា​ទៅ​ថ្ងៃ​ទី​០៧ ខែធ្នូ ឆ្នាំ​២០២២ ខាង​មុខ​នេះ ។

សូម​រម្លឹក​ថា លោក ធា​ម ច័ន្ទ​ពិសិដ្ឋ ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២២ បាន​ប្រកាស​សាលក្រម​ផ្ដន្ទាទោស​អតីត​ផ្កាយ​២ សូ​យ ចាន់​សឿ​ន និង​គូកន​ឈ្មោះ សូ បិ​ន​ឡា ដាក់​ពន្ធនាគារ​ម្នាក់​កំណត់​៨​ខែ និង​បង្គាប់​ឲ្យ​សងជំងឺចិត្ត​ទៅ​ដើមបណ្ដឹង​រដ្ឋប្ប​វេណី​លើ​ទឹកប្រាក់​២០​លាន​រៀល ក្រោម​ការ​ចោទប្រកាន់​ពី​បទ «​បរិហារ​បង្កាច់​កេរ្តិ៍​»​។

សាលក្រម​នេះ បាន​ប្រកាស​កំបាំង​មុខ​ជនជាប់ចោទ​ទាំង​២​នាក់ ប៉ុន្តែ​ចាត់​ទុក​ចំពោះ​មុខ ព្រោះ​ជនជាប់ចោទ​បាន​ទទួល​ការ​ជូនដំណឹង​ជា​ផ្លូវការ​របស់​តុលាការ​ផង​ដែរ​។ សាលក្រម​ក៏​បាន​ទុក​ពេល​ឲ្យ​ដើមចោទ និង​ចុងចោទ​ប្តឹង​ឧទ្ធរណ៍​តាម​កំណត់​ច្បាប់ បើសិន​ភាគី​ណាមួយ​កើតទុក្ខ​មិន​សុខចិត្ត​ចំពោះ​ការ​កាត់ក្តី​នេះ​។ ដូច្នោះ​បានជា​ជនជាប់ចោទ​ឈ្មោះ សូ​យ ចាន់​សឿ​ន សម្រេច​ប្តឹង​ឧទ្ធរណ៍​ចំពោះ​សាលក្រម​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​រឿង​នេះ​បាន​ប្តឹងផ្តល់​គ្នា​ទៅ​វិញ​ទៅ​មក ទីបំផុត​តុលាការ​ទាំង​២​ថ្នាក់​នៅ​តែ​រក្សា​បទ​ចោទ​.​បរិហារ​បង្កាច់​កេរ្តិ៍ លើ​ជនជាប់ចោទ សូ​យ ចាន់​សឿ​ន ទុកជា​បានការ​ដដែល​។

សូម​ជំ​រាម​ថា ជនជាប់ចោទ​ឈ្មោះ សូ​យ ចាន់​សឿ​ន ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ អតីត​ផ្កាយ​២​យោធា មាន​ទីលំនៅ​ផ្ទះ​លេខ​៣១០ អឺ​០ មហាវិថី​ព្រះ​មុនី​វង្ស សង្កាត់​ចតុមុខ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ខេត្តកំពង់ស្ពឺ​។ ចំណែក​ជនជាប់ចោទ​ឈ្មោះ សូ បិ​ន​ឡា ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ស្នាក់​នៅផ្ទះ​គ្មាន​លេខ ផ្លូវ​បេតុង ស្ថិត​ក្នុងភូមិ​ត្នោត​ជ្រុំ​៣ សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ (​ស្ថិត​នៅ​ក្រៅ​ឃុំ​)​។ ជន​ត្រូវ​ចោទ​ទាំង​២​នាក់​នេះ បាន​រង​នូវ​ពាក្យបណ្តឹង​របស់​លោក កើត ខេ​ង ភេទ​ប្រុស អាយុ​៥០​ឆ្នាំ មុខរបរ​ជា​អាជីវករ រស់នៅ​រាជធានី​ភ្នំពេញ ។

តាម​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ​បាន​ចោទប្រកាន់​ជនជាប់ចោទ​ទាំង​២​នាក់ ពី​បទ​បរិហារ​បង្កាច់​កេរ្តិ៍ ដែល​ប្រព្រឹត្ត​នៅ​ចំណុច​រាជធានី​ភ្នំពេញ កាលពី​អំឡុង​ឆ្នាំ​២០២០ ដែល​បទល្មើស​នេះ មាន​បញ្ញត្តិ​ឲ្យ​ផ្តន្ទាទោស​តាម​មាត្រា ៣១១ និង​មាត្រា ៣១២ នៃ​ក្រមព្រហ្មទណ្ឌ​។

ហើយ​ដើមចម​នៃ​ពាក្យបណ្តឹង​នៅ​ក្នុង​អំឡុង​ឆ្នាំ​២០២០ ដោយ​ឈ្មោះ សូ​យ ចាន់​សឿ​ន និង ឈ្មោះ សូ បិ​ន​ឡា បាន​ប្តឹង​លោក កើត ខេ​ង ក្លែង​លិខិត​សាធារណៈ ដែល​ពាក្យបណ្តឹង​នោះ​ត្រូវ​បាន​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បើក​ការ​ស៊ើបអង្កេត​តាម​នីតិវិធី ដោយ​រក​មិនឃើញ​ថា លោក កើត ខេ​ង ពាក់ព័ន្ធ​បទល្មើស​ដូច​ការ​ចោទប្រកាន់​របស់​ឈ្មោះ សូ​យ ចាន់​សឿ​ន និង​ឈ្មោះ សូ បិ​ន​ឡា នោះ​ឡើយ​។ បន្ទាប់​ពី​ការ​ស៊ើបអង្កេត​រក​មិនឃើញ​មាន​បទល្មើស​នោះ​ហើយ តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​តម្កល់​ទុក​ពាក្យបណ្តឹង​នោះ​មិន​ចាត់ការ​។

ដោយ​យោង​ទៅ​លើ​ទ​ង្វើ​របស់​ឈ្មោះ សូ​យ ចាន់​សឿ​ន និង​សូ បិ​ន​ឡា បាន​ឃុបឃិត​គ្នា​ប្តឹង​លោក កើត ខេ​ង គ្មាន​មូលដ្ឋាន​ច្បាស់លាស់ និង​គ្មាន​ឯកសារ​គ្រប់គ្រាន់ ទើប​លោក កើត ខេ​ង សម្រេចចិត្ត​ពឹង​ពាក់​មេធាវី​ការពារ​ផ្លូវច្បាប់​ប្ដឹង​បក​ជនជាប់ចោទ​ទាំង​២​នាក់​នោះ​វិញ ពី​បទ​.​បរិហារ​បង្កាច់​កេរ្តិ៍ ដូច្នេះ​បានជា​តុលាការ​មាន​ចំណាត់ការ​ជា​បន្តបន្ទាប់ នឹង​ឈាន​ដល់​ការ​កាត់ក្តី​លើ​ពាក្យបណ្តឹង​នេះ រហូត​មាន​សាលក្រម​ផ្ដន្ទាទោស​ជនជាប់ចោទ​ទាំង​២​នាក់​នោះ​វិញ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ