រាជធានីភ្នំពេញ ៖ ខ្លារខិនដែលជាប្រភេទសត្វកម្រ បន្ទាប់ពីខ្លាធំ បង្ហាញវត្តមាននៅក្នុងតំបន់ការពារធម្មជាតិនៅកម្ពុជា។ខ្លារខិនត្រូវបានគេដឹងថា ជាសត្វជើង៤ រត់លើដីលឿនជាងគេក្នុងលោក។
វាពិតជាមោទកភាពបំផុតសម្រាប់កម្ពុជាដែលក្រោយពីការតាមដានសត្វព្រៃនៅក្នុងតំបន់ព្រៃទេសភាពខ្ពង់រាបភាគខាងកើត កាលពីខែមេសា ឆ្នាំ២០២២ ក្រុមការងារអភិរក្សក្រសួងបរិស្ថាន និងអង្គការ WWF បានរកឃើញវត្តមានរបស់សត្វខ្លារខិនញី១ក្បាល តាមរយៈរូបថតដ៏កម្រថតដោយម៉ាស៊ីនថតស្វ័យប្រវត្តិ ខណៈសត្វប្រភេទនេះស្ទើរតែផុតពូជទៅហើយនៅលើពិភពលោក។
មន្ត្រីអ្នកនាំពាក្យក្រសួងបរិស្ថានបានលើកឡើងថា សត្វខ្លារខិនត្រូវបានចាត់ថ្នាក់ក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទសត្វរងគ្រោះថ្នាក់ជិតផុតពូជបំផុតហើយចំនួនវាត្រូវបានបាត់បង់ពីទីជម្រកដែលវាធ្លាប់រស់នៅនៃប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍។ប្រទេសកម្ពុជា គឺជាទីជម្រកចុងក្រោយសម្រាប់ប្រភេទសត្វខ្លារខិននេះ ដែលអ្នកវិទ្យាសាស្ត្រជឿថា នៅសេសសល់ចំនួនតិចតួចបំផុតនៅលើពិភពលោក។
ក្រសួងបរិស្ថានបានដឹកនាំយុទ្ធនាការអន្ទាក់សូន្យក្នុងគោលបំណងកាត់បន្ថយលុបបំបាត់កត្តាគំរា.មកំហែ.ងនានាចំពោះសត្វព្រៃ ដើម្បីផ្តល់ទីជម្រកសុវត្ថិភាពដល់ជីវៈចម្រុះទាំងអស់កុំឱ្យមានការគំរា.មកំហែ.ងពីអន្ទាក់ និងការបរបា.ញ់។
មន្ត្រីដដែលបានលើកឡើងថា យោងតាមសិក្សាមួយចុះផ្សាយដោយទស្សនាវដ្តីវិទ្យាសាស្ត្រអាមេរិកាំងឈ្មោះ Proceeding of the National Academy of Sciences បានឲ្យដឹងថា នៅទូទាំងពិភពលោកនៅមានវត្តមានសត្វខ្លារខិនស្ថិតក្នុងសេរីភាពពេញលេញមិនដល់៧១០០ក្បាលផង និងដែលមាន ៩៩% កំពុងរស់នៅលើទឹកដីអាហ្វ្រិក។
ទន្ទឹមគ្នានេះ ទីធ្លាដែលសត្វជើង៤មួយនេះកំពុងរស់នៅក៏មានទំហំកាន់តែតូចទៅៗដែរពោលនៅសល់តែជាង៩%ប៉ុណ្ណោះ។ តួលេខនៃវត្តមានសត្វខ្លារខិនត្រូវបានគេដឹងថា បានធ្លាក់ចុះច្រើនបើធៀបនឹងតួលេខចុះផ្សាយដោយក្រុមហ៊ុនសត្តវិទ្យាក្នុងប្រទេសអង់គ្លេស កាលពីពេលថ្មីៗកន្លងទៅដែលថា ចំនួនខ្លារខិនមានប្រមាណជា១០០ ០០០ក្បាលនៅទូទាំងពិភពលោកនាដើមសតវត្សរ៍ទី២០។
ទាក់ទងនឹងពូជខ្លារខិនអាស៊ីគេឃើញមាននៅសល់ចំនួន៤៣ក្បាលនៅក្នុងប្រទេសអ៊ីរ៉ង់។ នៅក្នុងប្រទេសអាហ្វ្រិកស៊ីមបាវ៉េ ចំនួនខ្លារខិនបានធ្លាក់ចុះពី១២០០ក្បាលមកនៅត្រឹម១៧០ក្បាលប៉ុណ្ណោះក្នុងរយៈពេល១៦ឆ្នាំ ពោលធ្លាក់ចុះ៨៥%។
ខ្លារខិនជាអំបូរឆ្មាដែលមានមាឌធំលំដាប់ទី២បន្ទាប់ពីខ្លាធំ។សត្វឈ្មោលអាចមានទម្ងន់៥៥គ.ក និងញីទម្ងន់៣៥គ.ក។ខ្លារខិនមានភិនភាគងាយចំណាំណាស់ គឺមានពណ៌លឿង ក្រហម ត្នោត និងមានអុចៗពណ៌ខ្មៅជាកញ្ចុំនៅពាសពេញខ្លួនពេលខ្លះហៅថា «Black Panther» ដែលមានរូបរាងពណ៌ខ្មៅ។
ខ្លារខិនរស់នៅក្នុងព្រៃស្ទើរគ្រប់ប្រភេទ ចាប់ពីព្រៃស្រោងរហូតដល់ព្រៃគម្ពោតដែលមានផ្ទាំងថ្ម។ វាជាសត្វរហ័សរហួន និងចូលចិត្តឡើងដើមឈើដែលជាជំនាញពិសេសរបស់វា។ វាពុំសូវចា.ញ់កម្តៅថ្ងៃដូចខ្លាធំទេ ហើយអាចរស់នៅឆ្ងាយពីទឹកបានទៀតផង។ បើទោះជាវាអាចហែលទឹកបានក៏ដោយក៏វានៅតែព្យាយាមគេចចេញពីតំបន់ទឹកដែរ។ ចំណីរបស់វាមានពពួកប្រើស ឈ្លូស ជ្រូកព្រៃ ស្វា សត្វស្លាប សត្វកកេរ និងសត្វល្អិត ហើយជារឿយៗវាចាប់ចំណីដោយលោតកន្ត្របពីលើដើមឈើ រួចទាញសត្វនោះឡើងដើម្បីស៊ី។ វាចូលចិត្តរកចំណីតែឯង និងជាសត្វរាត្រីចរ។ វាដើរជាគូតែក្នុងរដូវបន្តពូជ។
ខ្លារខិនអាចបង្កើតកូនបានពី១-៤ក្បាល បន្ទាប់ពីពពោះអស់រយៈពេល ៩០-៩៥ថ្ងៃ កូនរស់នៅជាមួយមេរហូតដល់អាយុ១-២ឆ្នាំ។ វាមានតិចតួចតាមតំបន់នានាដូចជា ភូមិភាគឦសាន និរតី និងភាគខាងជើងនៃប្រទេសកម្ពុជា។ រប៉ាយមានច្រើននៅអាហ្វ្រិក អាស៊ីភាគខាងត្បូង រួមទាំងអាស៊ីអាគ្នេយ៍ និងកោះចាវា។
ស្ថានភាពអភិរក្ស ៖ ខ្លារខិន ស្ថិតក្នុងក្រុមប្រភេទមានដោយកម្រ និងស្ថិតក្នុងបញ្ជីឧបសម្ព័ន្ធទី១នៃអនុសញ្ញាសាយតេស។ ប្រភេទនេះកំពុងរងគ្រោះថ្នាក់ដោយសារការបរបា.ញ់ ទាក់ចាប់ ដើម្បីយកស្បែកឆ្អឹង សំណាករបស់វាធ្វើពាណិជ្ជកម្ម និងការបាត់បង់ទីជម្រកដែលវាធ្លាប់រកចំណី និងរស់នៅ។
ខ្លារខិនត្រូវបានអង្គការ IUCN ចាត់ចូលក្នុងបញ្ជីក្រហមថា ជាប្រភេទរងគ្រោះថ្នាក់តិចតួច ប៉ុន្តែនៅក្នុងប្រទេសកម្ពុជាគេកម្រជួបប្រភេទខ្លានេះណាស់៕
ចែករំលែកព័តមាននេះ