ខេត្តបាត់ដំបង ៖ ក្នុងរយៈពេល០៤ឆ្នាំកន្លងទៅនេះ មានអ្នកជំងឺទូទៅយ៉ាងតិច៥.០០០នាក់ ដែលភាគច្រើនជាអ្នកជំងឺដែលអស់លទ្ធភាពព្យាបាលនៅមន្ទីរពេទ្យ ត្រូវបានជួយសង្គ្រោះឲ្យជាសះស្បើយតាមរយៈការប្រើប្រាស់ថ្នាំឱសថបុរាណខ្មែរ ។ នេះបើតាមការអះអាងរបស់គ្រូឱសថបុរាណខ្មែរដ៏ល្បីឈ្មោះម្នាក់ កំពុងរស់លាក់ខ្លួនពូនអាត្មាផ្សំថ្នាំខ្មែរក្បែរជើងភ្នំមួយកន្លែងនៅស្រុករុក្ខគិរី ។

លោក ភឿន គឹមសេង អាយុ៤៣ឆ្នាំ រស់នៅឃុំស្ដុកប្រវឹក ស្រុករុក្ខគិរី ត្រូវបានគេស្គាល់ថា គាត់ជាគ្រូឱសថបុរាណខ្មែរដ៏ល្បីឈ្មោះ ដែលរស់លាក់ខ្លួនពួនអាត្មាជាមួយបងប្អូនសាច់ញាតិប៉ុន្មានគ្រួសារទៀត នៅក្បែរជើងភ្នំស្វាខ្មៅ ដើម្បីសំងំផ្សំថ្នាំខ្មែរលក់ព្យាបាលអ្នកជំងឺ ។ ដោយសារតែមានការជឿជាក់ អ្នកជំងឺស្ទើរគ្រប់ខេត្ត-រាជធានី បានទូរស័ទ្ទទំនាក់ទំនងទិញថ្នាំខ្មែរពីលោកគ្រូ គឹមសេង ជាបន្តបន្ទាប់ស្ទើរគ្មានពេលទំនេរ រហូតពេលខ្លះអស់ថ្នាំពីក្នុងស្ដុបទៀតផង ព្រោះតម្រូវការច្រើនពេក ។

មិនត្រឹមតែល្បីល្បាញជួយព្យាបាលអ្នកជំងឺបានជាសះស្បើយរាប់ពាន់នាក់ប៉ុណ្ណោះទេ តាមរយៈមុខរបរផ្សំថ្នាំខ្មែរលក់របស់លោកគ្រូឱសថបុរាណរូបនេះ បានជួយដល់អ្នកភូមិមួយចំនួនធំឲ្យមានមុខរបរ និងមានជីវភាពល្អប្រសើរទៀតផង តាមរយៈការដើររុករកគាស់ថ្នាំខ្មែរលក់ឲ្យលោកគ្រូគឹមសេង ។ ជួបជាមួយកោះសន្តិភាព កាលពីសប្ដាហ៍មុននេះ លោក ភឿន គឹមសេង បាននិយាយថា រយៈពេល០៤ឆ្នាំកន្លងមកហើយ ដែលលោកចេះព្យាបាលអ្នកជំងឺដោយប្រើប្រាស់ឱសថបុរាណ ។

លោកបានអះអាងដូច្នេះថា «អ្នកជំងឺទូទៅយ៉ាងតិច៥,០០០នាក់ ដែលលោកធ្លាប់បានព្យាបាលក្នុងរយៈពេល០៤ឆ្នាំកន្លងទៅនេះ ហើយភាគច្រើនជាអ្នកជំងឺដែលអស់លទ្ធភាពព្យាបាលនៅមន្ទីរពេទ្យ»។ តើអ្នកជំងឺទាំង៥,០០០នាក់នោះ ដែលធ្លាប់ព្យាបាល០៤ឆ្នាំកន្លងទៅនេះ សុទ្ធតែបានជាសះស្បើយទាំងអស់ឬបែបណា ? «បើតាមខ្ញុំតាមដានស្ទើរគ្រប់អ្នកជំងឺ ក្រោយខ្ញុំបានព្យាបាល ដូចជាពុំមានអ្នកជំងឺណាម្នាក់ដែលថា មិនជានោះទេ។ ជាទូទៅអ្នកជំងឺតែងតែទូរស័ព្ទប្រាប់ខ្ញុំ អំពីអាការៈរោគរបស់ពួកគាត់បានធូរស្រាល និងជាសះស្បើយ ក្រោយប្រើថ្នាំឱសថបុរាណរបស់ខ្ញុំបានគ្រប់កំណត់»។ នេះជាចម្លើយដោយការជឿជាក់របស់លោក ភឿន គឹមសេង គ្រូឱសថបុរាណ
ខ្មែរ ។

លោក គឺមសេង បានប្រាប់ថា អ្នកជំងឺទូទៅសុទ្ធតែបានទិញឱសថបុរាណរបស់លោកយកទៅព្យាបាលទាំងអស់។ ប៉ុន្តែបើតាមការកត់សម្គាល់តាមរយៈការសួរនាំអ្នកជំងឺភាគច្រើន គឺជាជំងឺដែលអស់លទ្ធភាពព្យាបាលនៅមន្ទីរពេទ្យ ។ តើអ្នកជំងឺអ្វីដែលធ្ងន់ធ្ងរជាងគេ អស់លទ្ធភាពព្យាបាលនៅពេទ្យ ហើយរត់មករកថ្នាំខ្មែររបស់លោកគ្រូព្យាបាលវិញ ? លោកគ្រូថ្នាំខ្មែររូបនេះបានផ្ដល់ចម្លើយថា «គឺជំងឺមហារីក មហារីកថ្លើម ទាចទឹក ដំបៅក្រពះ រលាកតម្រងនោមធ្ងន់ធ្ងរ ឬ ណែនក្រពះ ជាពិសេសផ្នែករោគស្ត្រី»។ល។និង។ល។

លោក ភឿន គឹមសេង មានប្រពន្ធនិងកូន រស់នៅក្នុងព្រៃក្បែរជើងភ្នំដាច់ស្រយាល ជាមួយនឹងបងប្អូនប៉ុន្មានគ្រួសារទៀត ហ៊ុមព័ទ្ធទៅដោយជួរភ្នំស្វាខ្មៅ ដែលជាអំណោយផលដ៏ល្អដល់លោក ក្នុងការរុករកថ្នាំឱសថបុរាណខ្មែរ។ បងប្អូនក្រុមគ្រួសាររបស់លោក រួមទាំងអ្នកភូមិមួយចំនួនទៀតផង សុទ្ធតែមានចំណូលប្រចាំថ្ងៃ ដែលបានមកពីការដើរស្វែងរកគាស់ដើមថ្នាំយកទៅលក់ឲ្យលោកគ្រូសេង ។

ដើមថ្នាំរាប់ពាន់មុខដែលលោកគ្រូគឹមសេង ផ្សំជាឱសថបុរាណព្យាបាលជំងឺគ្រប់ប្រភេទ ។ ដោយសារតែតម្រូវការខ្ពស់ ទើបលោកគ្រូឱសថបុរាណរូបនេះ ចាំបាច់ត្រូវតែជួលអ្នកភូមិឲ្យ ជួយស្វែងរកថ្នាំតាមការចង្អុលបង្ហាញរបស់លោក ។ ក្នុងមួយថ្ងៃៗ អ្នកស្វែងរកថ្នាំខ្មែរទាំងនោះ អាចរកប្រាក់ចំណូលបានយ៉ាងតិចចន្លោះពី១០ម៉ឺនរៀល រហូតដល់ជិត១លានរៀលក៏មាន ទៅតាមប្រភេទដើមថ្នាំសំខាន់ឬមិនសំខាន់ តាមតម្រូវការចាំបាច់របស់លោកគ្រូ គឹមសេង បញ្ជាឲ្យស្វែងរក ។ ដើមថ្នាំដែលលោកគ្រូ គឹមសេង កុម្ម៉ង់ទិញមានតំលៃចាប់ពី៣,០០០រៀល រហូតដល់២០,០០០រៀល ក្នុង០១គីឡូក្រាម ដោយយោងទៅតាមប្រភេទថ្នាំ។ ជួរភ្នំស្វាខ្មៅ គឺជាប្រភព នៃថ្នាំខ្មែរ។

អ្នករុករកដើមថ្នាំទាំងអស់ត្រូវឡើងភ្នំនេះ យ៉ាងលំបាកលំបិនបំផុត។ ព្រោះដើមថ្នាំខ្លះដុះតាមចន្លោះផ្ទាំងថ្ម ខ្លះដុះនៅដីទំនាប ខ្លះទៀតដុះតាមជម្រាលភ្នំ ។ អ្នករុករកថ្នាំខ្មែរដ៏មមារញឹកម្នាក់ លោក ភឿន គឹមស៊ន អាយុ៤២ឆ្នាំ បាននិយាយថា «អ្នកភូមិនៅទីនេះមួយចំនួន មានមុខរបរធ្វើស្រែចំការតិចតួច តែប៉ុន្មានឆ្នាំចុងក្រោយនេះ មានមុខរបរបន្ថែម គឺដើររកថ្នាំខ្មែរលក់ឲ្យលោកគ្រូ សេង» ។ លោក គឹមស៊ន បានលើកសរសើដល់លោកគ្រូសេង ដែលចេះផ្សំថ្នាំខ្មែរ ធ្វើឲ្យអ្នកភូមិមានមុខរបរជាប្រចាំ គឺ «ដើរគាស់ថ្នាំលក់» ។ លោកគឹមស៊ន បាននិយាយបែបនេះ នៅពេលគាត់និងភរិយា ទើបត្រឡប់មកពីរកថ្នាំវិញ ។

គាត់បានលើកថ្នាំខ្មែរចំនួន០២ការ៉ុងថ្លឹងនៅលើគោយន្ត ដែលជាមធ្យោបាយដឹកជញ្ជូនដ៏ខាន់របស់គាត់ ។ គាត់និយាយថា «ថ្ងៃនេះ ខ្ញុំរកថ្នាំបានចំនួន២៩គីឡីក្រាម ព្រោះចេញពីផ្ទះទៅថ្ងៃខ្ពស់ដែរហើយ»។ តើថ្នាំចំនួន២៩គីឡូ បានលុយប៉ុន្មានដែរ ? «ថ្នាំនេះ ០១គីឡូថ្លែ៥,០០០រៀល ចឹងបានជិត១៥ម៉ឺនរៀលដែរ»។ នេះជាចម្លើយលោក ភឿន គឹមស៊ន អ្នកឡើងភ្នំរុករកថ្នាំបុរាណលក់ឲ្យគ្រូ
គឹមសេង។ គាត់បានបញ្ជាក់ថា រាល់ដើមថ្នាំដែលគាត់ និងអ្នកភូមិដទៃទៀតឡើងភ្នំរុករក គឺសុទ្ធតែមានការកុម្ម៉ង់ពីលោកគ្រូគឹមសេង ប្រាប់ឈ្មោះដើមថ្នាំដែលត្រូវរក ។

ថ្ងៃខ្លះគាត់អាចរកចំណូលបានលើសពី៣០ម៉ឺនរៀលក្នុងមួយថ្ងៃ រីឯអ្នកភូមិដទៃទៀតក៏រកបានដូចគ្នាដែរ ហើយដើមថ្នាំខ្លះមានតំលៃដល់ទៅ២០,០០០រៀលក្នុងមួយគីឡូ ។ ត្រង់ចំណុចនេះ គ្រូឱសថបុរាណខ្មែរ លោក ភឿន គឹមសេង ក៏បានបង្ហាញនូវមោទនៈផងដែរ ចំពោះមុខរបរផ្សំឱសថបុរាណរបស់លោក ដែលអាចផ្ដល់ឲ្យអ្នកភូមិមានចំណូលប្រចាំថ្ងៃ ធ្វើឲ្យពួកគេមានជីវភាពធូរធាមួយកំរិត ។

លោក គឹមសេង បានថ្លែងថា កន្លងមក មានគ្រួសារខ្លះជំពាក់បំណុលគេដោះមិនរួច តែក្រោយពីលោកផ្ដល់មុខរបរស្វែងរកថ្នាំខ្មែរលក់មក ពួកគេហាក់មានជីវភាពធូរស្រាលបន្តិច រហូតអ្នកខ្លះបានសងបំណុលគេរួចទៀតផង។ លោកបានបញ្ជាក់ថា សព្វថ្ងៃមានអ្នកភូមិជាច្រើនបានដើរស្វែងរកថ្នាំខ្មែរយកមកលក់ឲ្យលោក តែពួកគេត្រូវស្វែងរកដើមថ្នាំណាដែលលោកត្រូវការ ។ ក្នុងមួយខែ លោកត្រូវចំណាយប្រាក់យ៉ាងតិចជាង១០លានរៀលដែរ ដើម្បីទិញថ្នាំពីអ្នកភូមិ ដែលលោកកុម្ម៉ង់ឲ្យរក។ ដោយឡែក អ្នកជំងឺវិញ បើតាមលោកគ្រូថ្នាំខ្មែររូបនេះ បានប្រាប់ថា ក្នុងមួយខែយ៉ាងតិច២០០នាក់បានទូរស័ព្ទរ៉ាយរ៉ាប់ប្រាប់ពីជំងឺ និងបញ្ជាទិញថ្នាំយកទៅព្យាបាល ។

លោកគ្រូ គឹមសេង បានបញ្ជាក់យ៉ាងដូច្នេះថា «រាល់អ្នកជំងឺ ភាគច្រើនខ្ញុំមិនដែលបានជួបសួរនាំ ឬពិនិត្យអាការៈរោគផ្ទាល់ទេ គឺអ្នកជំងឺតេមកសួរខ្ញុំតាមទូរស័ព្ទ។ ក្រោយពីសួរនាំដឹងពីអាការៈរោគ ខ្ញុំផ្សំថ្នាំផ្ញើទៅឲ្យតាមរថយន្តតែម្ដង ព្រោះអ្នកជំងឺនៅខេត្តឆ្ងាយៗណាស់ ។ ហើយក្រោយពីបានប្រើថ្នាំមួយរយៈអ្នកជំងឺតែងទូរស័ព្ទប្រាប់ពីអាការៈរោគបានធូរស្រាល ឬអ្នកខ្លះជាសះស្បើយតែម្ដង ក្រោយពីបានប្រើថ្នាំគ្រប់កំណត់» ។

ប៉ុន្តែយ៉ាងណា លោកគ្រូឱសថបុរាណខ្មែរដ៏ល្បីរូបនេះក៏បានបង្ហាញនូវក្ដីបារម្ភផងដែរ ចំពោះដើមថ្នាំមួយចំនួន ដែលកំពុងប្រឈមនឹងការដាច់ពូជ ។ លោក ភឿន គឹមសេង បានលើកឡើងថា ដោយសារតែមួយថ្ងៃៗ លោកមានតម្រូវការច្រើននូវដើមថ្នាំខ្មែរបុរាណរាប់ពាន់មុខ ធ្វើឲ្យដើមថ្នាំខ្លះពិបាករក ហើយដើមថ្នាំខ្លះក៏ស្ទើរតែដាច់ពូជដែរ។ ដូច្នេះ នេះជាការបារម្ភបំផុត ក្រែងថ្ងៃក្រោយលោកជួបការលំបាកក្នុងការស្វែងរកថ្នាំព្យាបាលអ្នកជំងឺ។

តើលោករៀនចេះចាំផ្សំថ្នាំខ្មែរបុរាណព្យាបាលជំងឺនេះពីណាមកដែរ ? លោក គឹមសេង បានប្រាប់យ៉ាងខ្លីថា «ខ្ញុំចេះបន្តពីជីតាខ្ញុំខ្លះ និងចេះពីការមើលសៀវភៅឱសថបុរាណខ្មែរខ្លះផង។ ដំបូងខ្ញុំដើរផ្សំថ្នាំព្យាបាលគេមិនយកប្រាក់ទេ តែដោយសារព្យាបាលត្រូវ អ្នកជំងឺស្ទើរ១០០% បានជាសះស្បើយ ក្រោយប្រើថ្នាំខ្ញុំ។ ពេលនោះអ្នកភូមិចេះតែល្បីតៗគ្នាមករកខ្ញុំផ្សំថ្នាំឲ្យ ធ្វើឲ្យខ្ញុំហត់នឿយខ្លាំង គ្មានពេលទំនេរ ទើបខ្ញុំសម្រេចរកថ្នាំខ្មែរលក់យកប្រាក់រហូតដល់សព្វថ្ងៃនេះ» ។




ចែករំលែកព័តមាននេះ