ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​ជា​រឿង​អ្វី​ឱ្យ​ប្រាកដ? ករណី​ស្រី​២​នាក់​ប្រុស​ម្នាក់​ធ្វើ​ឱ្យ​ផ្អើល​ស្ថានីយ​ប្រេង រឿង​ប្រាក់​ជាង​១០០០​ដុល្លារ

2 ឆ្នាំ មុន
  • ភ្នំពេញ

ស្ត្រី​ម្នាក់​ចេញពី​ធ្វើការ ដោយ​ជិះ​ម៉ូតូ​ជា​មួយ​អ្នក​ស្គាល់គ្នា​ត្រឡប់​ទៅ​ផ្ទះ​វិញ ប៉ុន្តែ​ទើបតែ​ធ្វើ​ដំណើរ​បាន​ពាក់កណ្ដាល​ផ្លូវ ក៏​ស្រាប់តែ​ត្រូវ​ម្ចាស់​ម៉ូតូ​ដែល​ជា​មនុស្ស​ស្គាល់គ្នា​នោះ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ស្ត្រី​ម្នាក់​ចេញពី​ធ្វើការ ដោយ​ជិះ​ម៉ូតូ​ជា​មួយ​អ្នក​ស្គាល់គ្នា​ត្រឡប់​ទៅ​ផ្ទះ​វិញ ប៉ុន្តែ​ទើបតែ​ធ្វើ​ដំណើរ​បាន​ពាក់កណ្ដាល​ផ្លូវ ក៏​ស្រាប់តែ​ត្រូវ​ម្ចាស់​ម៉ូតូ​ដែល​ជា​មនុស្ស​ស្គាល់គ្នា​នោះ​ឆក់​យក​កាបូបស្ពាយ រួច​ជិះ​រត់គេច​ខ្លួន​បាត់​ស្រមោល បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​និង​៤០​នាទី​យប់ ថ្ងៃ​ទី​៤ ខែធ្នូ ឆ្នាំ​២០២២ នៅ​ត្រង់​ចំណុច​ស្ថានីយប្រេងឥន្ធនៈ​សូ​គី​ម៉ិច ខាងក្រោម​ស្ពាន​អាកាស​៧​មក​រា ស្ថិត​ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។

តាម​ប្រភព​ពី​ស្ត្រី​រង​គ្រោះ​សូម​មិន​បញ្ចេញ​ឈ្មោះ​បាន​រៀបរាប់​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ រូប​គាត់ (​ជន​រង​គ្រោះ​) បាន​ចេញពី​ធ្វើការ​នៅ​ក្នុង​ហាង​ផឹកស៊ី​មួយ​កន្លែង ម្តុំ​សួន​សុបិន​ចំការ​ព្រីង ហើយ​ពេល​នោះ​រូប​គាត់ (​ជន​រង​គ្រោះ​) មាន​សភាព​ស្រវឹង​ស្រឿង​ផង និង​មាន​បំណង​ចង់​ត្រឡប់​ទៅ​ផ្ទះ​វិញ​នៅ​សំរោង​អណ្ដែត​។

ស្ត្រី​រង​គ្រោះ​បាន​បន្ត​ថា ខណៈ​ពេល​នោះ ក៏​មាន​ស្ត្រី​ម្នាក់​ដែល​ជា​អ្នកធ្វើការ​ជាមួយ​គ្នា និង​ប្អូនប្រុស​របស់​ស្ត្រី​នោះ បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង ម៉ាក MSX មិន​ចាំ​ស្លាក​លេខ ហើយ​ស្ត្រី​នោះ​ក៏​បាន​ហៅ​រូប​គាត់ (​ជន​រង​គ្រោះ​) ឲ្យ​ជិះ​ម៉ូតូ​ជាមួយ ដើម្បី​ជូន​ត្រឡប់​ទៅ​ផ្ទះ​វិញ បន្ទាប់​មក​រូប​គាត់ (​ជន​រង​គ្រោះ​) ក៏​បាន​ជិះ​ម៉ូតូ​ជាមួយ​ពួក​គេ​ចេញ​ទៅ​។

ស្ត្រី​រង​គ្រោះ​បន្ត​ទៀត​ថា បន្ទាប់​មក​ពេល​ដែល​ជិះ​ម៉ូតូ​តាម​ផ្លូវ ស្ត្រី​ម្នាក់​នោះ​ក៏​បាន​សុំ​ខ្ចី​លុយ​ពី​រូប​គាត់ (​ជន​រង​គ្រោះ​) ចំនួន​៥០០០០​រៀល តែ​គាត់​បាន​ប្រាប់​ថា គាត់​គ្មាន​លុយ​អោយ​ខ្ចី​ទេ​។ ហើយ​ស្ត្រី និង​បុរស​ដែល​ត្រូវជា​ប្អូន​ស្ត្រី​នោះ ក៏​ចេះ​តែ​ដឹក​រូប​គាត់ (​ជន​រង​គ្រោះ​) ឆ្ងាយ​ទៅ​ៗ ពេល​នោះ​រូប​គាត់ (​ជន​រង​គ្រោះ​) ក៏​បាន​គិត​ក្នុង​ចិត្ត​ថា ពួក​គេ​ប្រហែលជា​ចង់​ធ្វើ​ស៊ី​គាត់​ហើយ​។ លុះ​ពេល​មក​ដល់​ចំណុច​កើត​ហេតុ រូប​គាត់ (​ជន​រង​គ្រោះ​) ក៏​ធ្វើ​ជា​ចង់​ចូល​បន្ទប់ទឹក ដើម្បី​បាន​ចុះ​ពីលើ​ម៉ូតូ ខណៈ​ពេល​ដែល​ចេញពី​បន្ទប់​វិញ ស្ត្រី​ម្នាក់​នោះ រួម​ជាមួយ​ប្អូនប្រុស​របស់​គេ ក៏​ព្យាយាម​ខ្ចី​លុយ​ពី​គាត់ តែ​គាត់​មិន​ឲ្យ ហើយ​ប្អូនប្រុស​របស់​ស្ត្រី​នោះ​ក៏​បាន​ធ្វើ​សកម្មភាព​ឆក់​កាបូបស្ពាយ​ពី​គាត់ (​ជន​រង​គ្រោះ​) បាន​សម្រេច រួច​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​បាត់​ស្រមោល​ភ្លាម​ៗ​តែ​ម្ដង​។

ស្ត្រី​រង​គ្រោះ​បាន​បញ្ជាក់​ថា នៅ​ក្នុង​កាបូប​របស់​គាត់​នោះ (​ជន​រង​គ្រោះ​) គឺ​មាន​លុយ​ចំនួន​២០០​ដុល្លារ​, ទូរស័ព្ទ​ដៃ​មួយ​គ្រឿង​, ចិញ្ចៀន​មួយ​, ខ្សែ​.​កមួយ​ខ្សែ និង​ខ្សែដៃ​មួយ​ខ្សែ ដែល​សរុប​ជា​ទឹកប្រាក់​ជាង​១០០០​ដុល្លារ​។

បើ​តាម​ប្រភព​ពី​បុរស​ម្នាក់​ដែល​ជា​បុគ្គលិក​ផ្នែក​ចាក់​សាំង​នៅ​កន្លែង​កើតហេតុ បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គាត់​បានឃើញ​ជន​រង​គ្រោះ និង​ស្ត្រី​ម្នាក់ រួម​ជាមួយ​ប្រុស​ម្នាក់​ទៀត បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​មក​ឈប់ ហើយ​ជន​រង​គ្រោះ​ក៏​បាន​ដើរ​ចូល​បន្ទប់ទឹក​។ លុះ​បន្តិច​ក្រោយមក ជន​រង​គ្រោះ​ក៏​បាន​ចេញ​មក​វិញ ស្រាប់តែ​ជន​រង​គ្រោះ​បាន​ឈ្លោះប្រកែក​គ្នា​ជាមួយ​បុរស​ដែល​ជា​អ្នក​បើក​ម៉ូតូ​រឿង​លុយ ហើយ​ស្ត្រី​ម្នាក់​ដែល​រួម​ដំណើរ​ជាមួយ​ជន​រង​គ្រោះ​នោះ ក៏​បាន​ប្រាប់​គាត់​ថា «​ពីរ​នាក់​នោះ​ជា​ប្តី​ប្រពន្ធ​នឹង​គ្នា​ទេ​»​។

បុរស​ដែល​ជា​បុគ្គលិក​ចាក់​សាំង បាន​បន្ត​ថា បន្ទាប់​មក បុរស​ម្នាក់​នោះ​ក៏​បាន​ទាញ​កាបូបស្ពាយ​របស់​ជន​រង​គ្រោះ​ដាច់​ខ្សែ ហើយ​ជន​រង​គ្រោះ​ក៏​បាន​ស្រែក​ឆោឡោ ក្រោយមក​បុរស​រូប​នោះ​ក៏​បាន​បោះ​កាបូបស្ពាយ​របស់​ជន​រង​គ្រោះ​ទៅ​លើ​ដី​ឲ្យ​ជន​រង​គ្រោះ​វិញ ប៉ុន្តែ​ជន​រង​គ្រោះ​មិន​ព្រម​មក​រើស​យក​ទេ ហាក់ដូចជា​និយាយ​ឌឺដង​ដាក់​បុរស​នោះ​វិញ ហើយ​បុរស​នោះ​ក៏​បាន​រើស​យក​កាបូបស្ពាយ​របស់​ជន​រង​គ្រោះ​ម្តងទៀត រួច​ក៏​ដឹក​ស្ត្រី​ម្នាក់​ដែល​រួម​ដំណើរ​ជាមួយ​នោះ ដឹក​គ្នា​ជិះ​ចេញ​ចោល​ជន​រង​គ្រោះ​បាត់​តែ​ម្ដង​ទៅ​។

ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​ទៅ​ធ្វើការ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទឹកថ្លា ដើម្បី​ឲ្យ​សមត្ថកិច្ច​ជួយ​ធ្វើការ​ស្រាវជ្រាវ​តាម​ចាប់​ជនសង្ស័យ​យក​មក​ផ្តន្ទាទោស​ទៅ​តាម​ផ្លូវច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ