ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រា​ទំពាំងបាយជូរ​ព្រៃ​កំពុង​ពេញ​និយម​ក្នុងស្រុក និង​នាំ​ចេញ

6 ឆ្នាំ មុន

ខេត្តពោធិ៍សាត់ ៖ ជា​ទូទៅ មហាជន​តែងតែ​ទទួលទាន​ស្រា​ទំពាំងបាយជូរ ឬ​ស្រាក្រហម​ដែល​នាំ​ចូល​ពី​បរទេស និង​មាន​តម្លៃ​ថ្លៃ ប៉ុន្តែ​បច្ចុប្បន្ន​នេះ នៅ​កម្ពុជា​ក៏​អាច​ផលិត​ស្រា​ទំពាំងបាយជូរ​បាន​ដែរ គឺ​ចម្រាញ់​ចេញពី​ផ្លែ​

ខេត្តពោធិ៍សាត់ ៖ ជា​ទូទៅ មហាជន​តែងតែ​ទទួលទាន​ស្រា​ទំពាំងបាយជូរ ឬ​ស្រាក្រហម​ដែល​នាំ​ចូល​ពី​បរទេស និង​មាន​តម្លៃ​ថ្លៃ ប៉ុន្តែ​បច្ចុប្បន្ន​នេះ នៅ​កម្ពុជា​ក៏​អាច​ផលិត​ស្រា​ទំពាំងបាយជូរ​បាន​ដែរ គឺ​ចម្រាញ់​ចេញពី​ផ្លែ​ទំពាំងបាយជូរ​ព្រៃ ដែល​អ្នកស្រុក​ហៅ​ថា «​ផ្លែ​អ​ង្ក្រោ​ក​» ហើយ​បាន​និង​កំពុង​ចរាចរ​នៅ​លើ​ទីផ្សារ​តាម​បណ្ដា​ខេត្ត​-​ក្រុង​មួយ​ចំនួន ព្រមទាំង​នាំ​ចេញ​ទៅ​ក្រៅប្រទេស​ផង​ដែរ ។

ស្រា​ទំពាំងបាយជូរ​ព្រៃ​ពោធិ៍សាត់ ជា​ផលិតផល​មួយ​នៅ​ភូមិ​ត្បែង​ជ្រុំ ឃុំ​ត្នោត​ជុំ ស្រុក​ក្រគរ ដែល​បាន​សហការ​បច្ចេកទេស​ផលិត​ជាមួយ​មហាវិទ្យាល័យ​ក​សិ​-​ឧស្សាហកម្ម​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម​ចំការ​ដូង និង​វិភាគ​សារធាតុ​ដោយ​មជ្ឈមណ្ឌល​មន្ទីរពិសោធន៍​ឧស្សាហកម្ម​កម្ពុជា ព្រមទាំង​បាន​រាប់​បញ្ចូល​ជា​ផលិតផល​ប្រចាំ​តំបន់​ក្នុង​ខេត្តពោធិ៍សាត់ ដោយ​គណៈកម្មាធិការ​ជាតិ​ជំរុញ​ចលនាភូមិ​មួយ ផលិតផល​មួយទៀត​ផង ។

ប្រធាន​សមាគម និង​ជា​ស្ថាបនិក​ផលិត​ស្រា​នេះ​បាន​រៀបរាប់​ថា មុន​នឹង​អាជីវកម្ម​មួយ​នេះ​ដំណើរការ លោក​បាន​សិក្សា​ស្រាវជ្រាវ​រយៈពេល​៤​ឆ្នាំ ចាប់ពី​ឆ្នាំ​២០០៤​ដល់​ឆ្នាំ​២០០៨ ។ ក្រោយ​ពី​មានចំណេះ​ដឹង និង​បទ​ពិសោធន៍​គ្រប់គ្រាន់​អាច​ផលិត​បាន លោក​ក៏​ចាប់ផ្ដើម​សាកល្បង ប៉ុន្តែ​គ្រានោះ​មិន​ទាន់​លក់​ចេញ​ទេ គ្រាន់តែ​ឱ្យ​អ្នកស្រុក​ភ្លក្ស​រសជាតិ​ប៉ុណ្ណោះ លុះដល់​ឆ្នាំ​២០០៩ មាន​អ្នកគាំទ្រ​ច្រើន ទើប​ចាប់ផ្ដើម​រក​ទីផ្សារ ហើយ​ក៏​មានការ​ពេញ​និយម​រហូត​ដល់​សព្វថ្ងៃ ។

ផ្លែ​ទំពាំងបាយជូរ​ព្រៃ ដែល​អ្នកស្រុក​ហៅ​ថា «​ផ្លែ​អ​ង្ក្រោ​ក​» នេះ ដើម​ជាវ​ល្លិ៍ ផ្លែ​មួយ​ចង្កោម​រហូត​ដល់​ទៅ​៧​គីឡូក្រាម​ក៏​មាន​ដែរ ។ វា​មាន​លក្ខណៈ​ស្រ​ដៀង​នឹង​ផ្លែ​ទំពាំងបាយជូរ​ស្រុក​ដែរ ប៉ុន្តែ​មាន​រសជាតិ​ផ្អែម និង​ហូប​ទៅរ​មាស់ក​បន្តិច​។ ពេល​នៅ​ខ្ចី វា​មាន​ពណ៌​បៃតង និង​ពេល​វា​ទុំ មាន​ពណ៌​ក្រហម​ខ្មៅ ។

លោក​បន្ដ​ថា ប្រជាពលរដ្ឋ​រស់នៅ​តំបន់​នេះ​តែង​បេះ​ពី​ព្រៃ​ភ្នំ ឬ​ទីទួល​ក្នុង​ព្រៃ​យក​មក​លក់ ដោយ​ក្នុង​១​គីឡូក្រាម តម្លៃ​៥០០​រៀល ហើយ​លោក​ប្រមូល​ទិញ​បាន​ពី​២០០​ទៅ​៣០០​គីឡូក្រាម ទើប​ចាប់ផ្ដើម​ផលិត​ម្ដង ។ លោក​ថា ៖ «​ពី​មុន​ទំពាំងបាយជូរ​ព្រៃ​នេះ ទិញ​តែ​នៅ​ខេត្តពោធិ៍សាត់​និង​កំពង់ឆ្នាំង​ទេ ប៉ុន្តែ​ឥឡូវនេះ ដោយសារ​ក្រុមហ៊ុន​វិនិយោគ​ឈូស​ឆាយ​ព្រៃ​អស់​ទៅ លំបាក​រក​ណាស់ ក៏​ទៅ​រក​ទិញ​នៅ​ឯ​ខេត្តព្រះវិហារ និង​ខេត្តក្រចេះ​វិញ » ។

លោក នូវ វី​រៈ ក៏​បាន​ប្រាប់​ពី​របៀប​នៃ​ការ​ផលិត​ស្រា​នេះ​ដែរ ដោយ​យក​ផ្លែ​អ​ង្ក្រោ​ក​លាង​ឱ្យ​ស្អាត រួច​កិន​ដោយ​ម៉ូ​ទ័​រ​ឱ្យ​ហ្មត់ បន្ទាប់​មក​ចាក់​ចូល​ក្នុង​ធុង ហើយ​យក​មេស្រា​ទំពាំងបាយជូរ​ដែល​ទិញ​ពី​ប្រទេស​ថៃ មក​បង្កាត់​ទុក​រយៈពេល​២​ម៉ោង ទើប​ចាក់​ចូល​ក្នុង​ធុង​ទំពាំងបាយជូរ​ដែល​កិន​រួច លាយ​ជាមួយ​ស្ករត្នោត​ប្រមាណ​១៥% ហើយ​កូរ​ឱ្យ​សព្វ បិទ​គម្រប​ទុក​ចោល​រយៈពេល​៣​ខែ ទើប​កៀប​យក​ទឹក (​ទុក​កាន់តែ​យូរ កាន់តែ​ល្អ​) ។ បន្ទាប់​មក​កូរ​ជាមួយ​ពងមាន់​យក​ផ្នែក​ស​ៗ ដើម្បី​ឱ្យ​វា​រង​ថ្លា ដោយសារ​តែ​យើង​ខ្វះ​សម្ភារ​ចម្រោះ រួច​ហើយ​ទុក​រយៈពេល​១០​ថ្ងៃ ទើប​ច្រក​ដប​បាន ។
លោក​បន្ដ​ថា ស្រា​ទំពាំងបាយជូរ​ព្រៃ​ពោធិ៍សាត់​នេះ ១​ឆ្នាំ​ផលិត​បាន​តែ​មួយ​រដូវ​ទេ គឺ​រដូវវស្សា​ពី​ខែសីហា ដល់​ខែធ្នូ ព្រោះ​រដូវ​នោះ​មាន​ផ្លែ​អ​ង្ក្រោ​ក​ច្រើន ។

ប្រធាន​សមាគម​រូប​នេះ​បញ្ជាក់​ថា ក្នុង​ឆ្នាំ​២០១២ លោក​ផលិត​បាន​១,៥​ម៉ឺន​លី​ត្រ ខណៈ​ឆ្នាំ​២០១១ ផលិត​បាន​តែ​៥​ពាន់​លី​ត្រ​ប៉ុណ្ណោះ​ពោល​គឺ​កើនឡើង​លើស​១០០% ។ ចំណែក​តម្លៃ​លើ​ទីផ្សារ លោក​លក់​ចេញ​១​កេស ចំនួន​១២​ដប ក្នុង​តម្លៃ​៦០​ដុល្លារ តែបើ​លក់រាយ​វិញ ១​ដប​តម្លៃ​៦​ឬ​៧​ដុល្លារ ហើយ​សព្វថ្ងៃ ផលិតផល​របស់​លោក​បាន​ចរាចរ​លើ​ទីផ្សារ​នៅ​រាជធានី​ភ្នំពេញ ដែល​មាន​លក់​នៅ​ផ្សារ​ទំនើប​សិន​ត្រល (CENTRAL SUPERSTORE ) មាន​ទីតាំង​ស្ថិត​នៅ​តាម​វិ​ថី​២៧១ ជាប់​អគារ ANINA ទល់មុខ​អតីត​ភូមិ​គ្រឹះ​ល​ន់នល់ សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ​, ខេត្ត​ព្រះ​សីហ​នុ កំពង់ស្ពឺ តាកែវ បាត់ដំបង បន្ទាយ​មាន​ជ័យ សៀមរាប ព្រៃវែង ក្រចេះ និង​ខេត្តពោធិ៍សាត់ ។ ចំណែក​ទីផ្សារ​ក្រៅប្រទេស ក៏​បាន​នាំ​ចេញ​ទៅ​ថៃ វៀតណាម កូរ៉េ និង​ប្រទេស​ចិន​ផង​ដែរ ។

លោក នូវ វី​រៈ ស្ថាបនិក​ស្រា​ទំពាំង បាយ​ជូរ​នេះ​បន្ដ​ថា រហូត​មក​ដល់​ពេល​នេះ មិនសូវ​មាន​អ្នក​ចាប់អារម្មណ៍​ច្រើន​ទេ ដោយសារ​យើង​មិន​ដែល​បាន​ផ្សព្វផ្សាយ​តាម​បណ្ដាញ​ផ្សព្វផ្សាយ​នានា​ឱ្យ​បាន​ទូលំទូលាយ ពោល​គឺ​ដឹង​តាម​មិត្តភក្ដិ​ត​ៗ​គ្នា និង​ការ​ចូលរួម​តាំងពិព័រណ៍​ប៉ុណ្ណោះ ។

លោក​ថា ៖ « សមាគម​នេះ​បង្កើត​ឡើង​ក្នុង​គោលបំណង​ថែរក្សា និង​អភិរក្ស​ធនធានធម្មជាតិ​ព្រៃឈើ បរិស្ថាន និង​ទាញ​យក​អនុ​ផល​ព្រៃឈើ​ជា​ប្រយោជន៍​សម្រាប់​សហគមន៍ និង​ពលរដ្ឋ​នៅ​តាម​ជនបទ​ដាច់​ស្រយាល » ។ លោក​ថា ការ​ផលិត​ស្រា​នេះ​បាន ដោយសារ​លោក​ប្រមូល​ទិញ​ពី​ខេត្តក្រចេះ និង​ខេត្តព្រះវិហារ ហើយ​បាន​ពន្យល់​និង​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​ចេះ​ថែរក្សា និង​ដាំ​ដុះ​បន្ថែម ដើម្បី​ទទួលផល​កម្រៃ​ពី​វា និង​កុំ​ឲ្យ​ដាច់​ពូជ ៕