ខេត្តកោះកុង ៖ បន្ទាប់ពីការចុះផ្សាយករណីឧកញ៉ាដ៏ក្លាហានក្លាហែកម្នាក់លួចបូមខ្សាច់ចាក់លុបព្រៃកោងកាងរំលោភយកដីចំណីព្រែកអស់ជាច្រើនហិកតា ស្ថិតក្នុងភូមិសាស្ត្រ ភូមិដងពែង ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង កាលពីម្សិលមិញនោះ បានធ្វើឱ្យមហាជន និង មន្ត្រីរាជការក្នុងខេត្ត មានការភ្ញាក់ផ្អើលនិងស្ងើចសរសើរយ៉ាងខ្លាំង ចំពោះរូបលោកឧកញ៉ាដ៏មានឥទ្ធិពលម្នាក់ ដែលហ៊ានប្រព្រឹត្តិបទល្មើស ស្ទើរតែប៉ុនមេឃ ហើយគ្មានសមត្ថកិច្ចណាហ៊ានរារាំងឡើយ នៅតែបន្តបូមចាក់លុបពង្រីកយកដីដដែល ។

បទល្មើសមួយនេះមានការពាក់ព័ន្ធ និងមានក្រសួង៣ ជាអ្នកគ្រប់គ្រង គឺក្រសួងរ៉ែ និងថាមពល ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ក្រសួងធនធានទឹកនិងឧតុនិយម បន្ថែមពីលើការគ្រប់គ្រងរបស់អាជ្ញាធរខេត្តទៀតផង ។ ប៉ុន្តែដោយពាក់ព័ន្ធនឹងការបាត់បង់ចំណូលសួយសារជូនរដ្ឋ មន្ទីររ៉ែនិងថាមពលខេត្ត បានចុះមកធ្វើការណែនាំព្រមានម្តងរួចមកហើយកាលពីពេលថ្មីៗកន្លងទៅនេះ ដើម្បីឱ្យលោកឧកញ៉ា អ៊ឹង ឃាង ម្ចាស់ទីតាំងបូមខ្សាច់ល្មើសច្បាប់ខាងលើ ចូលខ្លួនបង់ថ្លៃសួយសារ អំពីបទល្មើសលួចបូមធនធានរ៉ែក្រោមដី(ខ្សាច់) មកបម្រើផលប្រយោជន៍និងធ្វើជាកម្មសិទ្ធិរបស់ខ្លួនទាំងនោះ ។ ចំណែកកោះសន្តិភាពសោកស្តាយ ព្រោះតែមិនអាចស្វែងរកការបំភ្លឺពីឧកញ៉ា អ៊ឹង ឃាង បានឡើយ ។ ចំណែកឧកញ៉ា អ៊ឹង ឃាង ក៏ស្ងាត់ឈឹងដែរ គឺសម្ងំស្ងៀម ។

នៅរសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ លោកប្រធានមន្ទីររ៉ែនិងថាមពល ខេត្តកោះកុងបានប្រាប់កោះសន្តិភាព តាមទូរស័ព្ទថា បន្ទាប់ពីចុះធ្វើការណែនាំនិងព្រមានលើកទី១ ក្រសួងបានរកឃើញបរិមាណធនធានរ៉ែ(ខ្សាច់) ដែលជនល្មើសបានលួចធ្វើសក្មភាពបូម មានចំនួនច្រើនជាង ៣ម៉ឺនម៉ែត្រត្រីគុណឯនោះ នេះមិនទាន់គឹតដល់ការលួចបូមរហូតដល់សព្វថ្ងៃផង ។

លោកប្រធានមន្ទីរបានបញ្ជាក់ថា នៅដើមខែធ្នូនេះ មន្ត្រីជំនាញក្រសួងរបស់លោកនឹងចុះមកជាលើកទី២ ដើម្បីពិនិត្យវាយតម្លៃបរិមាណខ្សាច់សរុប ដើម្បីឱ្យជនប្រព្រឹត្តិបទល្មើសចូលខ្លួនបង់សេវាសួយសារជាកំហិត ក្នុងករណីរឹងរូសមិនព្រមបង់ ក្រសួងនឹងមានចំណាត់ការក្តៅបន្តទៀត អាចឈានចូលដល់ការផាកពិន័យ ។

ប្រជាពលរដ្ឋជាច្រើនបានលើកឡើងថា លោកឧកញ៉ា អ៊ឹង ឃាង ទំនងជាចង់រកស៊ីធ្វើនំអត់ម្សៅហើយមើលទៅ បានជាដុនដាបខ្វះមុខខ្វះក្រោយបែបនេះ សូម្បីតែថ្លៃទិញដី និងថ្លៃឡានចាក់ដីក៏នៅជំពាក់ប្រជាពលរដ្ឋមិនតិចគ្រួសារដែរ ។

តាមប្រភពមន្ត្រីរាជការជាច្រើននាក់ បានរិះគន់ថានៅមានមន្ទីរពាក់ព័ន្ធ២ទៀត ដែលកំពុងសម្ងំធ្វើជាទន្សោងគោព្រៃស៊ីតាមដងអូរ គឺមន្ទីរធនធានទឹកនិងឧតុនិយមខេត្តកោះកុង ជាអ្នកទទួលបន្ទុកការរំលោភយកដីចំណីព្រែក និងមន្ទីរកសិកម្មខេត្ត ជាអ្នកគ្រប់គ្រងផ្នែកជលផល និងព្រៃលិចទឹក ។ ប្រភពដដែលបានរិះគន់ទៀតថា ដំរីងាប់មិនអាចយកចង្អេរបាំងជិតឡើយ ។ ប៉ុន្តែកន្លងមកបទល្មើសទាំងនេះសុទ្ធតែត្រូវបានគេឃុបឃិតគ្នាជាប្រព័ន្ឋ ទាំងស្ថាប័នសមត្ថកិច្ចជំនាញ និងអាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ ។ ជាពិសេសបទល្មើសបែបនេះកន្លងមកនៅខេត្តកោះកុង ជនប្រព្រឹត្តិបទល្មើស បានឃុបឃិតជាមួយមន្ត្រីអាជ្ញាធរ ប្តឹងចាប់ខ្លួនអ្នកសសេរអត្ថបទចុះផ្សាយជាច្រើនករណីមកហើយ គឺកាន់ពងកាន់ជើងឱ្យជនល្មើស ។

គេថា អ្នករំលោភយកដីចំណីព្រែក ចំណីសមុទ្រនៅខេត្តកោះកុងច្រើនតែជាមនុស្សមានប្រាក់ មានអំណាច អោបពងរហូត អត់មានមន្ត្រីណាហ៊ានក្អកដាក់ទេ ។ មានអ្នកកាសែតច្រើននាក់ហើយរងគ្រោះ ទទួលការគំរាមកំហែងយ៉ាងព្រៃផ្សៃ ។ល។
គួររំលឹកថា ៖ រឿងកន្ទេសធំបន្លំដេក… ឧកញ៉ាម្នាក់ទិញដីបានតិចតួច បូមខ្សាច់វាទទីយកអស់ដីចំណីព្រែក(វីដេអូ) ៕





ចែករំលែកព័តមាននេះ