រាជធានីភ្នំពេញ ៖ ដើម្បីបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា ដើម្បីស្រវាយកជំនាញដែលខ្លួនពេញចិត្ត និងស្រឡាញ់ សិស្សានុសិស្សត្រូវខិតខំរៀនសន្សំចំណេះដឹងតាំងពីតូចរហូតប្រឡងយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (ថ្នាក់ទី១២)។
ប្រាកដណាស់ បើប្រឡងថ្នាក់ទី១២ មិនជាប់ តើអាចបន្តការសិក្សានៅថ្នាក់មហាវិទ្យាល័យបានឬអត់? ហើយហេតុអ្វីបានជាខំរៀនយកនិទ្ទេសល្អ?

តាមពិតទៅ ក្រោយបញ្ចប់បាក់ឌុប ទោះបីជាសិស្សប្រឡងមិនយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប មិនជាប់ក្តី ក៏គាត់អាចបន្តការសិក្សាបានដែរ នោះគឺជម្រើសមួយ គឺការសិក្សាយកបរិញ្ញាបត្ររង។ គ្រាន់តែការសិក្សា ថ្នាក់បរិញ្ញាបត្ររង មិនមានតម្លៃស្មើសញ្ញាបត្រថ្នាក់បរិញ្ញាបត្រទេ ព្រោះការសិក្សាថ្នាក់បរិញ្ញាបត្ររងរៀនរយៈពេល២ឆ្នាំប៉ុណ្ណោះ និងមានមហាវិទ្យាល័យមួយចំនួនក៏មានបើកថ្នាក់បង្រៀន ឬបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្ររងរយៈពេល២ឆ្នាំ លើជំនាញជាច្រើនផងដែរ។

បើទោះបីជាមានជម្រើសដល់ប្អូនៗដែលធ្លាក់ការប្រឡងបាក់ឌុបក៏ពិតមែន តែយ៉ាងណាមិញ យើងសូមលើកទឹកចិត្តដល់សិស្សានុសិស្ស គួរខិតខំរៀនសូត្រយកចំណេះពិតប្រាកដ ដើម្បីប្រឡងយកសញ្ញាបត្រទុតិយភូមិឱ្យបានទើបប្រពៃ ដើម្បីទទួលបានឱកាសជាច្រើនសម្រាប់ធ្វើជាទុននៃការចាប់យកក្តីស្រមៃរបស់ខ្លួននៅថ្ងៃអនាគត។
សម្រាប់ការឆ្នាំ២០២២ នេះ តាមការគ្រោងទុកនៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ នេះ មណ្ឌលប្រឡងសញ្ញាបត្រទុតិយភូមិ (បាក់ឌុប) ចំនួន២២១នៅទូទាំងរាជធានី-ខេត្ត នឹងត្រូវបើកដំណើរប្រឡង។ ការបើកដំណើរប្រឡងរយៈពេល២ថ្ងៃ (គឺថ្ងៃទី៥ និងថ្ងៃទី៦ ខែធ្នូ) ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងកាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២នេះថា វិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ត្រូវបានដឹកជញ្ជូនទៅកាន់បណ្ដារាជធានី-ខេត្ត សម្រាប់ត្រៀមប្រឡង ចាប់ពីថ្ងៃទី០៥ដល់ថ្ងៃទី៦ ខែធ្នូ ខាងមុខនេះរួចហើយ។ ការប្រឡងជាប់បធ្យមសិក្សាទុតិយភូមិ គឺជាមោទនភាពមួយ នៃការខិតខំសិក្សារបស់សិស្សានុសិស្សដែលខំរៀនមករយៈពេល១២ឆ្នាំ។ តែអ្វីដេលកាន់តែពិសេស ប្រសិនជាប្អូនៗប្រឡងបាក់ឌុបបាននិន្ទេសល្អនោះ រឹតតែជាការប្រសើរថែមទៀត។

សំណួរដែលចោទសួរនោះគឺថា ហេតុអ្វីត្រូវខំរៀនប្រឡងយកនិទ្ទេសសល្អ?
ការប្រឡងជាប់ និងទទួលបាននិន្ទេសល្អ គឺផ្តល់ផលជាច្រើនដល់សិស្សានុសិស្ស ដូចជា ទទួលបានរង្វាន់ពីថ្នាក់ដឹកនាំប្រទេស ការទទួលបានអាហារូបករណ៍ពីសាកលវិទ្យាល័យល្អៗ លើកកិត្តិយសគ្រួសារ ទទួលបានការកោតសរសើរពីមនុស្សនៅជុំវិញខ្លួនជាដើម។ កន្លងមក យើងក៏បានឃើញហើយអ្នកដែលប្រឡងជាប់បាននិទ្ទេសល្អ គឺថ្នាក់ដឹកនាំប្រទេស លោកបានផ្តល់ជារង្វាន់ជាច្រើនដូចជា ៖ ម៉ូតូ កុំព្យូទ័រ (Laptop) និងប្រាក់លើកទឹកចិត្តមួយចំនួនផងដែរ។ ហើយនៅតាមបណ្តាខេត្តខ្លះទៀត អភិបាលខេត្ត-រាជធានី ក៏បានលើកទឹកចិត្តដល់សិស្សក្នុងខេត្ត-រាជធានី ដែលខ្លួនគ្រប់គ្រង ដោយសន្យាថានឹងផ្តល់រង្វាន់លើកទឹកចិត្តដល់សិស្សដែលបាននិទ្ទេស A ឬរង្វាន់បានដល់អ្នកជាប់ទាំងអស់ គ្រាន់តែអ្នកបានរង្វាន់អាចទៅតាមនិទ្ទេសដែលខ្លួនទទួលបាន។

ដោយសារវិស័យអប់រំ ជាវិស័យមួយមានសារៈសំខាន់ខ្លាំងបំផុត ក្នុងការបណ្តុះធនធានមនុស្សឱ្យមានចំណេះ និងជំនាញសម្រាប់ចូលរួមអភិវឌ្ឍន៍ប្រទេស។ ព្រោះប្រទេសមួយរីកចម្រើនទៅបាន គឺអាស្រ័យទៅលើភាពរីកចម្រើន នៃធនធានមនុស្សផងដែរ ដូច្នេះហើយទើបទាមទារអោយមានការយកចិត្តទុក និងផ្តោតសំខាន់ទៅលើវិស័យអប់រំនេះមែនទែន ពីថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធ។

ជាការកត់សម្គាល់ចាប់ពីឆ្នាំ២០១៤ ដែលជាឆ្នាំ នៃការរឹតបន្តឹងយ៉ាងខ្លាំងលើការប្រឡងបាក់ឌុបមក យើងឃើញថា សិស្សានុសិស្សត្រូវបានយកចិត្តទុកដាក់ និងលើកទឹកចិត្តជាច្រើនពីថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទ។ តួយ៉ាងនៅឆ្នាំ២០១៤ ឆ្នាំ២០១៥ អ្នកដែលប្រឡងបាននិទ្ទេស A ដល់និន្ទេស C ត្រូវបានក្រសួងអោយប្រឡងជាប់ជាគ្រូបង្រៀនដោយស្វ័យប្រវត្តិ។ ចំណែកអ្នកដែលមិនចង់ធ្វើជាគ្រូបង្រៀនវិញ ក៏ទទួលបានអាហារូបករណ៍ពីសកលវិទ្យាល័យមួយចំនួនផងដែរ។

សូមបញ្ជាក់ផងដែរថា នៅថ្ងៃស្អែក ថ្ងៃច័ន្ទ ទី០៥ ខែធ្នូ ឆ្នាំ២០២២ គឺជាថ្ងៃទី១ នៃការប្រឡងមធ្យមសិក្សាទុតិយភូមិ នាសម័យប្រឡងឆ្នាំ២០២២។ ជាមួយគ្នានោះដែរ ក្រសួងអប់រំ យុវជន និងកីឡា សូមអំពាវនាវដល់បេក្ខជនទាំងអស់ត្រូវគោរពបទប្បញ្ញត្តិនៃការប្រឡងឱ្យបានល្អប្រសើរ ជាពិសេសមិនត្រូវលាក់ទុកជាប់នឹងខ្លួននូវឧបករណ៍អេឡិចត្រូនិចគ្រប់ប្រភេទចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងជាដាច់ខាត។ ក្នុងករណីរកឃើញថា បានប្រព្រឹត្តសកម្មភាពផ្ទុយនឹងបទប្បញ្ញត្តិ និងកម្រិតវិន័យបេក្ខជននឹងត្រូវបានកំណត់ឱ្យធ្លាក់ជាស្វ័យប្រវត្តិ៕


ចែករំលែកព័តមាននេះ