ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​សម្រេច​ហើយ ជន​បំពុលសង្គម​៣​នាក់ ក្រោយ​បង្ក​ឱ្យ​ប្រជាពលរដ្ឋ​មានការ​ភិតភ័យ

1 ឆ្នាំ មុន
  • ស្ទឹងត្រែង

កាលពី​ល្ងាច​ថ្ងៃ​ទី​២ ខែធ្នូ ឆ្នាំ​២០២២ តុលាការ​បាន​សម្រេច​ឃុំខ្លួន​ជន​បំពុលសង្គម​ចំនួន​៣​នាក់​នៅ​ពន្ធនាគារ​កាំ​ង​មេម៉ាយ ខណៈ​យុវជន​ស្ទាវ​ចំនួន​១៨​នាក់​ផ្សេង​ទៀត​ប្រើ​នីតិវិធី​

ខេត្តស្ទឹងត្រែង ៖ កាលពី​ល្ងាច​ថ្ងៃ​ទី​២ ខែធ្នូ ឆ្នាំ​២០២២ តុលាការ​បាន​សម្រេច​ឃុំខ្លួន​ជន​បំពុលសង្គម​ចំនួន​៣​នាក់​នៅ​ពន្ធនាគារ​កាំ​ង​មេម៉ាយ ខណៈ​យុវជន​ស្ទាវ​ចំនួន​១៨​នាក់​ផ្សេង​ទៀត​ប្រើ​នីតិវិធី​ធ្វើការ​អប់រំ​ណែនាំ រួច​អនុញ្ញាត​ឲ្យ​អាណាព្យាបាល​មក​ធានា​នាំ​ត្រឡប់​ទៅ​ផ្ទះ​វិញ នេះ​បើ​យោង​តាម​ការ​ឲ្យ​ដឹង​ពី​កម្លាំង​អាវុធហត្ថ​ខេត្តស្ទឹងត្រែង​។

រយៈពេល​ជិត​មួយ​ខែ​កន្លង​មកនេះ ទាំង​មូលដ្ឋាន​ក្រុង ស្រុក និង​ខេត្ត កើត​មាន​សកម្មភាព​លួច ឆក់ ប្លន់ និង​បង្ក​ហិ​.​ង្សា​ជា​ច្រើន ព្រមទាំង​ការ​ប្រើប្រាស់​អាវុធ​គ្មាន​ការ​អនុញ្ញាត ដែល​បង្ក​អោយ​ប្រជាពលរដ្ឋ​មានការ​ភិតភ័យ​។ ហើយ​ដើម្បី​បង្ក​លក្ខណៈ​មាន​ស្ថេ​រ​ភាព និង​សន្តិសុខ​ជូន​ប្រជាជន កាលពី​ចុងខែ​វិច្ឆិកា​កន្លង​ទៅ​ថ្មី​ៗ​នេះ កម្លាំង​អាវុធហត្ថ​ខេត្តស្ទឹងត្រែង ក្រោម​បទបញ្ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត លោក អៀង វ៉ា​ន់​ឌី កម្លាំង​អាវុធហត្ថ​បាន​ចុះ​បើក​ប្រតិបត្តិការ​ល្បាត​តាម​ដងផ្លូវ​ទាំង​យប់​ព្រលប់ ដើម្បី​ត្រួតពិនិត្យ​លើ​ក្រុម​បំពុលសង្គម ក្រុម​ក្មេង​ទំនើង ក្រុម​ចោរលួច ក្រុម​ចោរប្លន់ និង​ក្រុម​ចោរឆក់​ជាដើម​។

ជាក់ស្តែង​ក្នុង​ប្រតិបត្តិការ​ខាងលើ កម្លាំង​កងរាជអាវុធហត្ថ​បាន​ឃាត់ខ្លួន​មនុស្ស​បាន​ចំនួន​២១​នាក់ និង​ម៉ូតូ​បំពាក់​បំពង់​ស៊ី​មាំ​ង​ឮ​ខ្លាំង​ចំនួន​១០​គ្រឿង​។ ក្រោយ​ធ្វើការ​សួរ​ចម្លើយ​ក្នុង​ចំណោម មនុស្ស​ទាំង​២១​នាក់ មាន​៣​នាក់​ជាប់​ពាក់ព័ន្ធ​ករណី​ប្រើ​អំពើ​ហិ​.​ង្សា​ដោយ​ចេតនា និង​ប្រើប្រាស់​អាវុធ​គ្មាន​ការ​អនុញ្ញាត​។ ដោយឡែក ១៨​នាក់​ផ្សេង​ទៀត​គ្រាន់តែ​ធ្វើការ​អប់រំ​ណែនាំ រួច​ប្រគល់​អោយ​អាណាព្យាបាល​មក​នាំ​ត្រឡប់​ទៅ​ផ្ទះ​វិញ​។

ហើយ​ចំពោះ​ជនសង្ស័យ​៣​នាក់ ដែល​ត្រូវ​ចៅក្រម​ស៊ើបសួរ លី គឹ​ម​ឆាយ សម្រេច​ឃុំខ្លួន​ខាងលើ​នោះ គឺ​ពាក់ព័ន្ធ​ទៅ​នឹង​ករណី​ប្រើ​ហិ​.​ង្សា​ដោយ​ចេតនា និង​ពី​បទ​ប្រើប្រាស់​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត​។

ពាក់ព័ន្ធ​ម៉ូតូ​ដែល​ឃាត់​ជាមួយ​មនុស្ស​ទាំង​២១​នាក់​ខាងលើ សរុប​មាន​ចំនួន​១០​គ្រឿង ក្នុង​នោះ​មាន​៩​គ្រឿង​ពុំ​មាន​លិខិត​ស្នាម​ត្រឹមត្រូវ ត្រូវ​រក្សា​ទុកជា​បណ្តោះអាសន្ន​រង់ចាំ​ការ​បំពេញ​ឯកសារ​គ្រប់គ្រាន់ និង​ប្រគល់​ជន​ម្ចាស់​វិញ ចំណែកឯ​ម៉ូតូ​១​គ្រឿង​ក៏​បាន​ប្រគល់​ជូន​ម្ចាស់​វិញ ដោយសារ​មាន​លិខិត​ស្នាម​ត្រឹមត្រូវ​។

ទាក់ទិន​ករណី​ខាងលើ ក្រោយ​ផ្ទុះ​សកម្មភាព​បទល្មើស​ជា​ច្រើន អាជ្ញាធរ​ស្រុក​សេ​សាន បាន​ដឹកនាំ​ដោយ​លោក សុវណ្ណ ពិ​សេដ្ឋ អភិបាលស្រុក រួម​កម្លាំង​នគរបាល អាវុធហត្ថ ប្រជា​ការពារ ចុះ​ល្បាត​ទាំង​យប់​ព្រលប់ រក្សា​សន្តិសុខ​ជូន​ប្រជាជន និង​ដាក់​កម្លាំង​វេ​ណ​យាម​ប្រចាំការ​គ្រប់​ម៉ោង ដើម្បី​ទទួល​បណ្តឹង​ប្រជាពលរដ្ឋ​ផង​ដែរ​។

សូម​បញ្ជាក់​បន្ថែម​ទៀត​ថា រហូត​មក​ដល់​ថ្ងៃនេះ កម្លាំង​អាវុធហត្ថ​ខេត្តស្ទឹងត្រែង នៅ​តែ​បន្ត​ចុះ​ល្បាត​ដដែល ដោយ​មិន​កំណត់​ពេលវេលា​ដើម្បី​សុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ