រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ក្រសួងមហាផ្ទៃ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ជាវ វិបុល អនុប្រធាននាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងនគរបាលចំនួន៣ខណ្ឌទៀត រួមមាននគរបាលខណ្ឌមានជ័យ ខណ្ឌដង្កោ និងខណ្ឌពោធិ៍សែនជ័យ បានធ្វើការបង្ក្រាបក្រុមចោរប្លន់ និងលួចម៉ូតូប្រដាប់អាវុធ១ក្រុម ដែលតែងតែបើករថយន្តចេញធ្វើសកម្មភាពលួចប្លន់យ៉ាងសកម្មនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ហើយក៏ចាប់ខ្លួនបាន៣នាក់ជាបន្តបន្ទាប់។
![Picture]()
សមត្ថកិច្ចបានបង្ហើបប្រាប់ឲ្យដឹងថា ក្រុមចោរខាងលើនេះ ប្រដាប់ដោយអាវុធដែលបង្កគ្រោះថ្នាក់ដល់ជនរងគ្រោះ ហើយពេលកន្លងមក ក្រុមនេះបានបើករថយន្តដឹកគ្នាចេញលួច និងប្លន់តែម្ដង។ ពួកនេះធ្វើសកម្មភាពនៅក្នុងរាជធានីភ្នំពេញ ហើយក្នុងពេលថ្មីៗនេះ ក៏បានធ្វើសកម្មភាពលួចម៉ូតូម៉ាកហុងដា PCX និងម៉ូតូម៉ាកហុងដាស្កូបពី នៅសង្កាត់ទួលទំពូងទី១ ខណ្ឌបឹងកេងកងផងដែរ។
![Picture]()
ប្រភពដដែលបានប្រាប់ទៀតថា កម្លាំងសមត្ថកិច្ចខាងលើ បានបើកប្រតិបត្តិការបង្ក្រាបក្រុមចោរប្រដាប់អាវុធនេះ ចាប់តាំងពីវេលាម៉ោងជាង១០ព្រឹក ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ រហូតដល់វេលាល្ងាចថ្ងៃដដែលទើបបញ្ចប់។ ដោយខណៈនោះ ជនសង្ស័យបានជិះម៉ូតូ និងរថយន្ត ហើយកម្លាំងសមត្ថកិច្ចក៏បានដេញតាមពីកន្លែងមួយទៅកន្លែងមួយ រហូតចាប់ខ្លួនបាន៣នាក់ និងដកហូតបានរថយន្ត២គ្រឿង ម៉ូតូ១គ្រឿង ព្រមទាំងស្លាកលេខរថយន្ត ស្លាកលេខម៉ូតូ និងឧបករណ៍កាច់សោ.កម៉ូតូ និងសោសម្រាប់ដោះគ្រឿងផងដែរ។
![Picture]()
ប្រភពខាងលើបានប្រាប់ឲ្យដឹងទៀតថា ជនសង្ស័យទី១ ត្រូវបានឃាត់ខ្លួននៅក្នុងភូមិសាស្ត្រសង្កាត់ស្ទឹងមានជ័យទី១ ដោយដកហូតបានម៉ូតូហុងដា PCX ១គ្រឿង។ ជនសង្ស័យទី២ ឃាត់ខ្លួនបាននៅក្នុងភូមិសាស្ត្រសង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ ។ ចំណែកជនសង្ស័យទី៣ ឃាត់បាននៅក្នុងភូមិសាស្ត្រសង្កាត់រលួស ខណ្ឌដង្កោ និងឆែកឆេរផ្ទះជនសង្ស័យរកឃើញរថយន្ត ព្រមទាំងវត្ថុតាងជាច្រើនទៀតផងដែរ។
![Picture]()
ក្រោយពេលឃាត់ខ្លួន កម្លាំងសមត្ថកិច្ចបាននាំជនសង្ស័យរួមនឹងវត្ថុតាងទៅកាន់នាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដើម្បីសាកសួរ និងចាត់ការតាមច្បាប់៕
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ