ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគតិជាប្រភពនៃការបែកបាក់សាមគ្គីភាពផ្ទៃក្នុង

6 ឆ្នាំ មុន

លើ​លោក​នេះ​ទំនងជា​គ្មាន​បុគ្គល​ណា​ម្នាក់​អាច​លះ​ដាច់​ស្រឡះ​នូវ​អគតិ​នោះ​ទេ ប្រហែលជា​គ្មាន​ដាច់ខាត​។ អគតិ​ទាំង​បួន​នេះ​បើ​ណាមួយ​ស្ថិត​នៅ​ក្នុង​ចិត្ត​បុគ្គល​ពិសេស​អ្នកដឹកនាំ​អង្គភាព ឬ​ស្ថាប័ន​ប្រាកដ​ហើយ បុគ្គលិក​ក្រោម​ឱវាទ​ច្បាស់​ជា

លើ​លោក​នេះ​ទំនងជា​គ្មាន​បុគ្គល​ណា​ម្នាក់​អាច​លះ​ដាច់​ស្រឡះ​នូវ​អគតិ​នោះ​ទេ ប្រហែលជា​គ្មាន​ដាច់ខាត​។ អគតិ​ទាំង​បួន​នេះ​បើ​ណាមួយ​ស្ថិត​នៅ​ក្នុង​ចិត្ត​បុគ្គល​ពិសេស​អ្នកដឹកនាំ​អង្គភាព ឬ​ស្ថាប័ន​ប្រាកដ​ហើយ បុគ្គលិក​ក្រោម​ឱវាទ​ច្បាស់​ជា​ខូច​សាមគ្គីភាព ។ លើស​ពី​នេះ​ទៀត​បើ​អគតិ​នេះ​កើត​មាននៅ​ក្នុង​ស្ថាប័ន​តុលាការ​វិញ វា​កាន់តែ​ធ្ងន់ធ្ងរ​បំផុត​នឹង​ធ្វើ​ឱ្យ​ជញ្ជីង​អង្គការ​មួយ​នេះ​គ្មាន​យុត្តិធម៌​ជា​ដាច់ខាត ។

តើ​អគតិ​នោះ​មាន​សេចក្តី​យ៉ាង​ណា? ហេតុ​អ្វី​បានជា​មាន​ឥទ្ធិពល​ដល់​ម្ល៉ឹង? ខាងក្រោម​នេះ​ជា​ការ​បង្ហាញ​ពី​លក្ខណៈ​របស់​អគតិ​៤​យ៉ាង ៖

១-​ឆន្ទាគតិ លម្អៀង​ព្រោះ​ស្រលាញ់ ដោយសារ​តែ​ការ​ស្រលាញ់​បើ​ទោះជា​ទ​ង្វើ​ខុសឆ្គង​យ៉ាង​ណា ការងារ​ធ្វើ​មិន​ត្រូវ​យ៉ាង​ណា​…​មិន​លុះ​ក្នុង​ការ​អប់​រំយ៉ាង​ណា​ក៏​នៅ​តែ​ល្អ នៅ​តែ​ស្រលាញ់​ពេញចិត្ត​រហូត​។

២-​ទោសាគតិ លម្អៀង​ព្រោះ​ស្អប់ បើ​ទោះជា​បុគ្គល​នោះ​ប្រឹងប្រែង​ធ្វើការ​យ៉ា​ង​ណា ព្យាយាម​ស៊ូទ្រាំ​នឹង​សម្ពាធ​ផ្សេង​ៗ​កម្រិត​ណា​ក៏​គ្មាន​ន័យ​អ្វី​ដែរ ព្រោះ​ចិត្ត​ដែល​ត្រាំ​ដោយ​ការ​សម្អប់​នៅ​តែ​ស្អប់​ដដែល​។

៣-​មោហាគតិ​ លម្អៀង​ព្រោះ​ល្ងង់ ដោយសារ​តែ​មិនសូវ​យល់​ការ ក៏​ចេះ​តែ​យល់ព្រម ចេះ​តែ​បញ្ជូន​ដោយ​មិន​ខ្វល់​ពី​កើត​មាន​វិបត្តិ​នៅ​ពេល​ក្រោយ​ទេ​។

៤-​ភយាគតិ លម្អៀង​ព្រោះ​ខ្លាច គឺ​ខ្លាច​ចំពោះ​រឿង​ដែល​មិន​គួរ​ខ្លាច​ដូច​ជា​ខ្លាច​បុគ្គល​នោះ​ជា​កូនចៅ​អ្នកធំ បុគ្គល​នោះ​ជា​អ្នកមាន​ទ្រព្យ បើ​ទោះជា​ធ្វើ​ក្តី មិន​ធ្វើ​ក្តី ច្រឡើសបើស​ក្តី​ពុំ​ហ៊ាន​ស្តីបន្ទោស​ឱ្យ​ទេ​ចេះ​តែ​ទ្រាំ​ទៅ ។
អគតិ​ទាំង​៤​យ៉ាងនេះ​មិន​គួរ​ប្រព្រឹត្ត​ឡើយ ។

អគតិ​តាម​ស័ព្ទ​ប្រែជា ការ​ពុំគួរ​ប្រព្រឹត្ត​,​សេចក្តី​លម្អៀង គឺ​ប្រព្រឹត្ត​មិន​ទៀងត្រង់​ចំពោះ​សេចក្តី​ពិត មាន​ន័យ​ថា នឹង​ធ្វើ​អ្វី​ចំពោះ​បុគ្គល​ណា​ក៏​មិន​សម​ហេតុ​សម​ផល​សម​ដើម​សម​ចុង​ឡើយ ប្រព្រឹត្ត​ទៅ​ដោយ​សេចក្តី​ស្រឡាញ់​ខ្លះ ស្អប់​ខ្លះ ល្ងង់​ខ្លះ ខ្លាច​ចំពោះ​ហេតុ​ដែល​មិន​គួរ​ខ្លាច​ខ្លះ ។

បើ​បុគ្គល​អ្នក​ប្រព្រឹត្ត​យក​ការ​ស្រឡាញ់​, ស្អប់​, ល្ងង់​, ខ្លាច មក​ជា​ត្រីមុខ​យ៉ាងនេះ​ហើយ រមែង​ខូច​យុត្តិធម៌ ជា​ការ​មិនល្អ​ទាំងអស់ ។ ហេតុនេះ​គួរ​លះបង់​ចោល​មិន​គួរ​ប្រព្រឹត្ត​ទេ៕