ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

World Cup 2022 ៖ រក​ឃើញ​៤​ក្រុម​ដំបូង​បំផុត ដែល​ត្រូវ​ប៉ះ​គ្នា​នៅ​វគ្គ​១៦​ក្រុម

1 ឆ្នាំ មុន

កា​តា ៖ ការ​ប្រកួត​ជុំ​ទី​៣ ដែល​ជា​ការ​ប្រកួត​ចុង​ក្រោយ​សម្រាប់​វគ្គ​ជម្រុះ​ក្នុង​ពូ​ល​នៃ​ព្រឹត្តិការណ៍ World

កា​តា ៖ ការ​ប្រកួត​ជុំ​ទី​៣ ដែល​ជា​ការ​ប្រកួត​ចុង​ក្រោយ​សម្រាប់​វគ្គ​ជម្រុះ​ក្នុង​ពូ​ល​នៃ​ព្រឹត្តិការណ៍ World Cup 2022 កាលពី​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា កន្លង​ទៅ មាន​ចំនួន​៤​គូ ចេញពី​ពូ​ល​ចំនួន​២​គឺ A និង B បាន​បញ្ចប់​សព្វគ្រប់​រួច​ហើយ ដោយ​បាន​រក​ឃើញ​ក្រុម​ចំនួន​៤​បន្ថែម​ទៀត បន្ត​ឡើង​ទៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ បន្ទាប់​ពី​បារាំង ប្រេ​ស៊ី​ល និង​ព័រ​ទុ​យ​ហ្គា​ល់ ដែល​បាន​ឡើង​ដោយ​ស្វ័យប្រវត្តិ នៅ​ត្រឹម​ការ​ប្រកួត​ជុំ​ទី​២​។

នៅ​ក្នុង​ពូ​ល A មច្ចុរាជ​ទឹកក្រូច ហូ​ឡង់ និង​សិង្ហ​តេ​រ៉ាំ​ង​ហ្គា សេ​ណេ​ហ្គា​ល់ បាន​ដឹក​ដៃ​គ្នា​បន្ត​ឡើង​ទៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​។ ហូ​ឡង់ បាន​យកឈ្នះ​ម្ចាស់ផ្ទះ​កា​តា ដោយ​លទ្ធផល ២-០ នៅ​ឯ​កីឡដ្ឋាន Al Bayt ដែល​បាន​ធ្វើ​ឱ្យ​កា​តា ជាប់​កំណត់​ត្រា​មិនល្អ ក្លាយជា​ក្រុម​ម្ចាស់ផ្ទះ​ដំបូង​គេ​បំផុត ដែល​ចាញ់​ការ​ប្រកួត​ជម្រុះ​ក្នុង​ពូ​ល​ទាំងអស់ (៣​ប្រកួត​) នៅ​ក្នុង​ប្រវត្តិសាស្ត្រ World Cup រយៈពេល​៩២​ឆ្នាំ​។ ស្រប​ពេល​ដែល សេ​ណេ​ហ្គា​ល់ បាន​យកឈ្នះ​លើ​អេ​ក្វា​ឌ័​រទាំង​លំបាក ដោយ​លទ្ធផល ២-១ នៅ​កីឡដ្ឋាន Khalifa International ។

ដោយឡែក ការ​ប្រកួត​នៅ​ក្នុង​ពូ​ល B វិញ អង់គ្លេស និង​សហរដ្ឋអាមេរិក ក៏​បាន​បន្ត​ឡើង​ទៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ផង​ដែរ​។ អង់គ្លេស បាន​យកឈ្នះ​វែ​លស៍ ដោយ​លទ្ធផល ២-០ នៅ​កីឡដ្ឋាន Ahmad bin Ali ចំ​ពេល​ដែល​សហរដ្ឋអាមេរិក បាន​យកឈ្នះ​លើ​អ៊ី​រ៉​ង់ នៅ​ក្នុង​ការ​ប្រកួត​ដ៏​តានតឹង​ជាទី​បំផុត ដោយ​លទ្ធផល ១-០ នៅ​ឯ​កីឡដ្ឋាន Al Thumama ។

គួរ​បញ្ជាក់​ថា សម្រាប់​ហូ​ឡង់ នេះ​គឺជា​លើក​ទី​១១​ហើយ ដែល​ពួក​គេ​បាន​ឈាន​ដល់​វគ្គ​១៦​ក្រុម​ចុង​ក្រោយ ខណៈ​សេ​ណេ​ហ្គា​ល់ គឺជា​លើក​ទី​២​។ ចំណែកឯ​អង់គ្លេស គឺជា​លើក​ទី​១២ រីឯ​សហរដ្ឋអាមេរិក គឺជា​លើក​ទី​៥​។

ដោយ​គិត​ត្រឹម​បញ្ចប់​ការ​ប្រកួត​កាលពី​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា World Cup 2022 បាន​រក​ឃើញ​ក្រុម​ចំនួន​៤​ដំបូង​គេ ដែល​ត្រូវ​ប៉ះ​គ្នា​នៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ រួម​មាន ៖
-​នៅ​ថ្ងៃ​ទី​០៣ ខែធ្នូ ៖ ហូ​ឡង់ ក្រុម​កំពូល​តារាង​ពូ​ល A ត្រូវ​ប៉ះ សហរដ្ឋអាមេរិក ក្រុម​ចំណាត់ថ្នាក់​លេខ​២ ពូ​ល B វេលា​ម៉ោង ១០:០០​នាទី​យប់ (​ម៉ោង​នៅ​កម្ពុជា​)
-​នៅ​ថ្ងៃ​ទី​០៤ ខែធ្នូ ៖ អង់គ្លេស ក្រុម​កំពូល​តារាង​ពូ​ល B ត្រូវ​ប៉ះ សេ​ណេ​ហ្គា​ល់ ក្រុម​ចំណាត់ថ្នាក់​ទី​២ ពូ​ល A វេលា​ម៉ោង ០២:០០​នាទី​រំលង​អា​ធ្រា​ត្រ ឈាន​ចូល​ថ្ងៃ​ទី​០៥ ខែធ្នូ​។

ខាងក្រោម​នេះ គឺជា​ការ​ប្រកួត​នៅ​ក្នុង​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២២ ដែល​ជា​ការ​ប្រកួត​ជុំ​ទី​៣
ពូ​ល D នៅ​វេលា​ម៉ោង ១០:០០​នាទី​យប់ ៖
-​ប៉ូ​ឡូញ ត្រូវ​ប៉ះ អា​ហ្ស​ង់​ទី​ន
-​អា​រ៉ា​ប៊ី​សា​អូឌីត ត្រូវ​ប៉ះ ម៉ិ​ក​ស៊ិ​ក
ពូ​ល C នៅ​វេលា​ម៉ោង ០២០០​នាទី​រំលង​អា​ធ្រា​ត្រ ឈាន​ចូល​ថ្ងៃ​ទី​០១ ខែធ្នូ ៖
-​ទុ​យ​នេ​ស៊ី ត្រូវ​ប៉ះ បារាំង
-​អូស្ត្រាលី ត្រូវ​ប៉ះ ដា​ណឺ​ម៉ាក ៕ (​ដកស្រង់​ចេញពី FIFA)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ