ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជីវករ​លក់ដូរ​ក្នុង​ផ្សារ​ស្ទើរតែ​ដាច់​បាយ ព្រោះ​គ្មាន​អ្នក​ចូល​ទិញ ក្រោយ​មាន​អ្នក​វាស់​ម៉ែត្រ​លក់​ដូរ​​ជុំវិញ​ផ្សារ

1 ឆ្នាំ មុន
  • កំពង់ឆ្នាំង

អាជីវករ​លក់ដូរ​ក្នុង​ផ្សា​រលើ ក្រុង​កំពង់ឆ្នាំង បាន​នាំ​គ្នា​ត្អូញត្អែរ​ជា​ខ្លាំង ដោយសារ​តែ​ការ​លក់ដូរ​មិន​ដាច់ គ្មាន​មនុស្ស​ចូល​ក្នុង​ផ្សារ គឺ​បណ្តាល​មក​ពី​មាន

ខេត្តកំពង់ឆ្នាំង ៖ អាជីវករ​លក់ដូរ​ក្នុង​ផ្សា​រលើ ក្រុង​កំពង់ឆ្នាំង បាន​នាំ​គ្នា​ត្អូញត្អែរ​ជា​ខ្លាំង ដោយសារ​តែ​ការ​លក់ដូរ​មិន​ដាច់ គ្មាន​មនុស្ស​ចូល​ក្នុង​ផ្សារ គឺ​បណ្តាល​មក​ពី​មាន​អ្នក​យក​ផ្លូវ​ដែល​ក្រាល​ការ៉ូឡា​ជុំវិញ​ផ្សារ កសាង​ដោយ​ក្រុមហ៊ុន​ជប៉ុន​សម្រាប់​ការ​ធ្វើ​ដំណើរ និង​រថយន្ត​ចេញ​-​ចូល ហើយ​នាំ​គ្នា​វាស់​ម៉ែត្រ​លក់ ឱ្យ​មានការ​សង់​តូប​ថ្មី លក់ដូរ​ជុំវិញ​ពី​ខាងក្រៅ​ផ្សារ ម្ល៉ោះហើយ​ទើប​មិន​មាន​អ្នក​ចូល​ទិញ​ខាងក្នុង​ឡើយ​។

ក្រុម​អាជីវករ​លក់ដូរ​ក្នុង​ផ្សា​រលើ នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២២ នេះ​បាន​រៀបរាប់​ថា ចាប់តាំងពី​មានការ​វាស់​ម៉ែត្រ​លក់​លើ​ផ្លូវ​ជុំវិញ​ផ្សារ​រួច​មក អ្នក​លក់ដូរ​ខាងក្នុង​គឺ​លក់​មិន​ដាច់​សោះឡើយ ព្រោះតែ​អ្នកទិញ​មិន​ចូល​ក្នុង គឺ​ដើរ​ទិញ​នៅ​តែ​ខាងក្រៅ​ផ្សារ​ដែល​ងា​.​យ​ស្រួល​ជិះ​ម៉ូតូ កង់ ចូល​ទិញ​ដល់​តូប​តែ​ម្ដង​។ ចំណែក​អ្នក​លក់ដូរ​នៅ​ខាងក្នុង​ផ្សារ​វិញ ត្រូវ​បាន​គេ​ដាក់​ច្រវាក់​ចាក់សោ​មិន​ឲ្យ​កង់​ម៉ូតូ​ចូល​ឡើយ ដោយ​សំអាង​លើ​ការ​រៀបចំ​សណ្ដាប់ធ្នាប់​។

ពួក​គាត់​ជា​ច្រើន​នាក់ បាន​សំណូមពរ​ដល់​ឯកឧត្តម​អភិបាលខេត្ត លោក​អភិបាលក្រុង មេត្តា​ជួយ​ចាត់វិធានការ​រៀបចំ​សណ្ដាប់ធ្នាប់​ផ្សារ​ឲ្យ​ដូច​ដើម​វិញ​ផង ព្រោះ​បច្ចុប្បន្ន​នេះ អ្នក​នៅ​ក្នុង​ផ្សារ​ស្ងាត់​ឈឹង ហើយ​ម្នាក់​ៗ​ស្ទើរតែ​ដាច់​បាយ​ទៅ​ហើយ​។

ជុំវិញ​បញ្ហា​ខាងលើ​នេះ លោក ហ៊ីង ភ័ព្វ​មីនា អភិបាលក្រុង​កំពង់ឆ្នាំង បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា លោក​យល់​ពី​បញ្ហា​នេះ​ហើយ ហើយ​ក៏​បាន​ឯកភាព​ជាមួយ​ថ្នាក់ដឹកនាំ​ខេត្ត ដើម្បី​សម្រួល​ក្នុង​ការ​បើកផ្លូវ​សងខាង​ឡើង​វិញ​ជា​ជំហាន​ទី​១ ព្រោះ​បើ​មិន​បើកផ្លូវ​ឲ្យ​បាន​ចេញចូល​ទេ ប្រសិនបើ​មាន​គ្រោះថ្នាក់​​ជាយថាហេតុ ដូច​ជា​អគ្គិភ័យ​កើតឡើង គឺ​ឡានទឹក​មិន​អាច​ចេញចូល​បាន​ឡើយ​។ ចំណែក​ជំហាន​ទី​២ នឹង​ត្រូវ​ឲ្យ​ពួក​គាត់​ដែល​លក់ដូរ​នៅ​តាម​ផ្លូវ​ជុំវិញ​ផ្សារ ត្រូវ​ចេញ​ជា​បណ្ដោះអាសន្ន​ទៅ​លក់​នៅ​ទីតាំង​ថ្មី បន្ទាប់​មក​ត្រូវ​ស្ដារ​ប្រព័ន្ធ​លូ​រំដោះ​ទឹក​ឡើង​វិញ ដោយ​ក្រុមហ៊ុន​ដែល​រៀបចំ​ចម្រោះ​ទឹក​ស្អាត​។ នៅ​ពេល​រៀបចំ​រួច​ហើយ ទើប​ឱ្យ​ពួក​គាត់​ចូល​លក់ដូរ​វិញ ដោយ​រៀបចំ​សណ្ដាប់ធ្នាប់​ជា​ថ្មី​ឡើង​វិញ​ឲ្យ​បាន​ត្រឹមត្រូវ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ភាព​អនាធិបតេយ្យ​របស់​អ្នក​យក​ភាស៊ី​ផ្សា​រលើ បង្ក​ឲ្យ​មាន​ភាព​រញ៉េរញ៉ៃ​ជា​យូរ​ខែ​ឆ្នាំ​ណាស់​មក​ហើយ ដោយសារ​តែ​បញ្ហា​នេះ គឺ​កើតឡើង​ក្រោយ​ពី​ក្រុមហ៊ុន​ជប៉ុន​ធ្វើ​ផ្លូវ​ក្រាល​ការ៉ូឡា​ហើយ ស្រាប់តែ​បើកដៃ​ឲ្យ​អាជីវករ​ចូល​លក់ដូរ​យ៉ាង​អនាធិបតេយ្យ ហើយ​អ្នក​បាន​ដី បាន​បន្ត​លក់​កន្លែង​បន្ត​ពី​ម្នាក់​ទៅ​ម្នាក់ រហូត​ផ្លូវ​ក្លាយទៅជា​តូប​លក់ដូរ បាត់បង់​ផ្លូវ បាត់បង​សណ្ដាប់ធ្នាប់​អស់​ទៅ​ហើយ​។ ចំណែកឯ​អ្នក​លក់ដូរ​ខាងក្នុង​ផ្សារ​វិញ មាន​ភាព​ស្ងាត់ជ្រងំ រហូត​ម្នាក់​យំ​លែង​ចេញ ចំណែក​​អ្នកមាន​សមត្ថភាព​រត់​មក​ទិញ​ដី​ក្រៅ​ផ្សារ​លក់ដូរ​ដែរ ទើប​បង្ក​ជា​បញ្ហា​បែប​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ