ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពូល​អ្នក​ប្រដាល់​​ម្នាក់ ផ្ញើ​សារ​ព្រមាន Messi ជុំវិញ​រឿង​ជាន់​អាវ​ជម្រើសជាតិ​ប្រទេស​ខ្លួន​(វីដេអូ)

1 ឆ្នាំ មុន

កា​តា ៖ កាលពី​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២២ កន្លង​ទៅ រឿង​ដ៏​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង បង្ក​ជា​

កា​តា ៖ កាលពី​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២២ កន្លង​ទៅ រឿង​ដ៏​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង បង្ក​ជា​ការ​ខឹងសម្បារ រិះគន់ និង​ការ​វែកញែក​រក​ត្រូវ និង​ខុស​យ៉ាង​កក្រើក​ពិភពលោក​។ បន្ទាប់​ពី​វី​ដេ​អូ​មួយ​ត្រូវ​បាន​បង្ហោះ និង​ចេញផ្សាយ​លើ​បណ្តាញ​សង្គម ព្រមទាំង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ធំ​ៗ​នៅ​ជុំវិញ​ពិភពលោក ដែល​បង្ហាញ​អំពី​សកម្មភាព​ខ្សែប្រយុទ្ធ Lionel Messi បាន​ទាត់ និង​លោត​ស្ទើរ​ជាន់​លើ​អាវ​ក្រុម​ជម្រើសជាតិ​ម៉ិ​ក​ស៊ិ​ក អំឡុង​អបអរ​ជ័យជម្នះ ២-០ របស់​ពួក​គេ​លើ​ម៉ិ​ក​ស៊ិ​ក ក្នុង​បន្ទប់​ផ្លាស់​សម្លៀក​បំពាក់​។

អា​ហ្ស​ង់​ទី​ន​បាន​យកឈ្នះ​ម៉ិ​ក​ស៊ិ​ក​លទ្ធផល ២-០ កាលពី​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ក្នុង​ការ​ប្រកួត​ដ៏​តានតឹង​ក្នុង​ពូ​ល C នៃ​ព្រឹត្តិការណ៍ FIFA World Cup 2022 នៅ​កា​តា​។ ប្រធាន​ក្រុម Lionel Messi រួមចំណែក​យ៉ាង​ធំធេង​ក្នុង​ជ័យជម្នះ​នេះ តាម​រយៈ​ការ​ស៊ុត​បញ្ចូល​ទី​១​គ្រាប់ និង​បោះ​បាល់ (Assist) ឱ្យ​មិត្ត​រួម​ក្រុម​គឺ​ខ្សែការពារ Enzo Fernández សម្រេច​១​គ្រាប់​ថែម​ទៀត​។

នៅ​ក្នុង​វី​ដេ​អូ ដែល​ថត​ដោយ​ខ្សែការពារ​អា​ហ្ស​ង់​ទី​ន Nicolas Otamendi បាន​បង្ហាញ​ទិដ្ឋភាព​ក្រុម​មេឃ​ខៀវ​អា​ហ្ស​ង់​ទី​ន អបអរ​ជ័យជម្នះ​ក្នុង​បន្ទប់​ផ្លាស់​សំលៀក​បំពាក់​របស់​ពួក​គេ​។ ប៉ុន្តែ​មនុស្ស​មួយ​ចំនួន ក្នុង​នោះ​រួម​ទាំង​កំពូល​អ្នក​ប្រដាល់​ម៉ិ​ក​ស៊ិ​ក Canelo Alvarez បាន​កត់សម្គាល់​ឃើញ​ថា Messi បាន​ទាត់ និង​លោត​ស្ទើរតែ​ជាន់​លើ​អាវ​ក្រុម​ជម្រើសជាតិ​ម៉ិ​ក​ស៊ិ​ក ដែល​នៅ​ផ្ទាល់​នឹង​ឥដ្ឋ​។

កំពូល​អ្នក​ប្រដាល់​ម៉ិ​ក​ស៊ិ​ក Canelo Alvarez ដែល​ជា​ម្ចាស់​ខ្សែក្រវាត់​ពិភពលោក​៤​ប្រភេទ​ទម្ងន់​ផ្សេង​គ្នា ចាប់ពី​ទម្ងន់​មធ្យម រហូត​ដល់​ទម្ងន់​ធ្ងន់ បាន​សរសេរ​លើ​គណនី Twitter របស់​ខ្លួន​ថា «​តើ​អ្នក​បានឃើញ Messi បាន​ជូន​សំអាត​ឥដ្ឋ​ជាមួយនឹង​អាវ​ជម្រើសជាតិ និង​ទង់ជាតិ​របស់​យើង​ទេ? (​ឡូ​ហ្គូ​ទង់ជាតិ​ជាប់​អាវ​) គេ​គួរតែ​អធិស្ឋាន​ទៅ​ព្រះ​ជា​ម្ចាស់ ដែល​ខ្ញុំ​មិន​បាន​ចេញ​ស្វែងរក​គេ​! ដូចដែល​ខ្ញុំ​គោរព​អា​ហ្ស​ង់​ទី​ន គេ​ក៏​ត្រូវ​តែ​គោរព​ម៉ិ​ក​ស៊ិ​ក​ផង​ដែរ​! ខ្ញុំ​និយាយ​មិន​សំដៅលើ​ប្រទេស​ទាំងមូល​នោះ​ទេ គ្រាន់តែ​និយាយ​អំពី​ទ​ង្វើ​ខ្វះ​ការ​គោរព​របស់ Messi»​។

ក្រោយ​ការ​បង្ហោះ​របស់ Alvarez ភា្ល​ម​ៗ​នោះ លោក Sergio Agüero ដែល​ទើបតែ​ចូល​និវត្តន៍​ពី​បាល់ទាត់​កាលពី​ឆ្នាំ​២០២១ និង​ខ្សែបម្រើ Cesc Fàbregas បច្ចុប្បន្ន​ប្រកប​អាជីព​ជាមួយ​ក្លិប Como នៅ​លី​គ​លំដាប់​ទី​២​អ៊ី​តា​លី (Serie B) ដែល​អ្នក​ទាំង​២ សុទ្ធសឹងតែ​ជា​អតីត​មិត្ត​រួម​ក្រុម​របស់ Messi បាន​ឆ្លើយ​តប​ទៅ Alvarez ស្រ​ដៀង​គ្នា​ថា អ្នក​ប្រដាល់​ម៉ិ​ក​ស៊ិ​ក​រូប​នេះ មិនដឹង​អ្វី​ទាល់តែ​សោះ​ពី​បាល់ទាត់ នៅ​ក្នុង​បន្ទប់​ផ្លាស់​សំលៀក​បំពាក់​។ ដោយ​អាវ​ក្រុម​តែងតែ​ត្រូវ​បាន​ដាក់​ផ្ទាល់​លើ​ឥដ្ឋ ក្រោយ​ចប់​ការ​ប្រកួត ព្រោះ​វា​ពោរពេញ​ដោយ​ញើស ហើយ​មានរឿង​ជា​ច្រើន​ទៀត ដែល​កើតឡើង នៅ​ពេល​អ្នក​អបអរ​ជ័យជម្នះ​ដ៏​សំខាន់​មួយ​។

ជាមួយ​គ្នា​នោះ Agüero បាន​បន្ថែម​ទៀត​ថា ប្រសិនបើ​អ្នក​មើល​ឱ្យ​ច្បាស់ Messi បាន​ដោះ​ស្បែកជើង ហើយ​ប៉ះ​ចំ​អាវ​ដោយ​ចៃដន្យ​តែ​ប៉ុណ្ណោះ​។

រហូត​មក​ទល់​នេះ វី​ដេ​អូ​ដែល​បង្ហាញ​អំពី​សកម្មភាព​របស់ Messi នៅ​តែ​ត្រូវ​បាន​វែកញែក​រក​ត្រូវ និង​ខុស​យ៉ាង​កក្រើក នៅ​លើ​បណ្តាញ​សង្គម​ជុំវិញ​ពិភពលោក​។ ខណៈ​ដែល​នៅ​មិន​ទាន់​មានការ​ឆ្លើយ​តប ឬ​បកស្រាយ​ណាមួយ​ជុំវិញ​ការ​ចោទប្រកាន់​នេះ ពី​សំណាក់​ខ្សែប្រយុទ្ធ​ឆ្នើម Lionel Messi នៅឡើយ​ទេ​៕ (​ដកស្រង់​ចេញពី CNN និង ESPN)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ