ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស​.​ស​.​ស​.​ក ប្រតិកម្ម ក្រោយពី​វិទ្យុ​បរទេសមួយប្រមា.ថព្រះមហាក្សត្រ

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សហភាព​សហព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា ហៅកាត់ថា (​ស​.​ស​.​ស​.​ក​) នៅ​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២២​នេះ បាន​ចេញ​សេចក្តី​អំពាវនាវ​ដល់​វិទ្យុ​បរទេស​ជា​ខេមរៈភាសា និង​សារព័ត៌មាន​នានា…

រាជធានី​ភ្នំពេញ ៖ សហភាព​សហព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា ហៅកាត់ថា (​ស​.​ស​.​ស​.​ក​) នៅ​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២២​នេះ បាន​ចេញ​សេចក្តី​អំពាវនាវ​ដល់​វិទ្យុ​បរទេស​ជា​ខេមរៈភាសា និង​សារព័ត៌មាន​នានា «​សូម​ចូលរួម​ពង្រឹង​ក្រមសីលធម៌​វិជ្ជាជីវៈ​សារព័ត៌មាន និង​ការ​ផ្សព្វផ្សាយ​» ។

ស​.​ស​.​ស​.​ក បានឃើញ​អង្គភាព​វិទ្យុ​បរទេស​ជា​ខេមរៈភាសា ផ្សាយ​អត្ថបទ​មួយ​ក្រោម​ចំណងជើង​ថា «​ព្រះមហាក្សត្រ នរោត្តម សីហ​មុនី ៖ ពី​អតីត​អ្នក​រាំ​របាំ​បា​ឡេ ទៅ​ជា​ស្តេច​ក្បត់ជាតិ ?​» ចុះ​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២២ ជា​អត្ថបទ​ទម្រង់ បទ​វិចារណកថា ដែល​បាន​ចោទប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន និង​ឆ្លុះ​បញ្ចាំង​ទាំងស្រុង​ពី​សារជាតិ​របស់​វិទ្យុ ដែល​បាន​ប្រមាថ​យ៉ាងធ្ងន់ធ្ងរ​ចំពោះ អង្គ​ព្រះមហាក្សត្រ ជាទី​គោរព​សក្ការៈ ដ៏​ខ្ពង់ខ្ពស់​របស់​ប្រជាជន​កម្ពុជា ។

ស​.​ស​.​ស​.​ក យល់​ឃើញ​ថា ការ​ផ្សាយ​បទ​វិចារណកថា​របស់​វិទ្យុ បាន​បំពាន​ទាំងស្រុង​លើ​រដ្ឋធម្មនុញ្ញ ដែល​ចែង​ពី «​ព្រះមហាក្សត្រ មិន​អាច​នរណា​បំពាន​បាន​» ព្រមទាំង​បាន​ប្រាសចាក​ឆ្ងាយ​ពី​ច្បាប់ ស្តី​ពី របប​សារព័ត៌មាន និង​បាន​ប្រាសចាក​ទាំងស្រុង​ចេញ​គោលការណ៍​វិជ្ជាជីវៈ​សារព័ត៌មាន ។ អ្នកគ្រប់គ្រង​វិទ្យុ ព្រមទាំង​អ្នក​ផ្សាយ​ផង មិន​គួរ​ធ្វើខ្លួន​ដូច​ជន​ក្បត់ជាតិ​បី​ជំនាន់ ដែល​បាត់បង់​ភាព​ជា​មនុស្ស គ្មាន​សីលធម៌ និង​មិនដឹង​ពី​គុណ​តម្លៃ ហើយ​រំលោភ​បំពាន​ក្រមសីលធម៌​វិជ្ជាជីវៈ ខ្លួនឯង​គួរ​ឲ្យ​អៀនខ្មាស​ពន់ពេក ។

ស​.​ស​.​ស​.​ក សូម​ទាញ​ការ​ចាប់អារម្មណ៍​ថា អង្គ​ព្រះមហាក្សត្រ គឺជា​និមិត្តរូប នៃ​ការ​ឯកភាព​ជាតិ ដែល​មាន​តម្លៃ​ដ៏​ខ្ពង់ខ្ពស់​បំផុត​សម្រាប់​ជាតិ និង​ប្រជាជន ហើយ​ព្រះ​អង្គ​ក៏​មិន​លូកលាន់​ក្នុង​កិច្ចការ​នយោបាយ​ទេ ដែល​មិន​គួរ​ចាប់​យក​ជា​កម្មវត្ថុ នៃ​ការ​ប្រមាថ និង​វាយប្រហារ​ចំពោះ​ព្រះ​អង្គ​ឡើយ ។ សីលធម៌​របស់​អ្នក​មិន​គួរ​ធ្លាក់​ចុះ​ទាប​បែប​នេះ តាម​របៀប​ពួក ប៉ុ​ល ពត ទមិឡ​ឥត​សាសនា ដែល​បាន​ធ្វើ​រួច​មក​ហើយ​ចំពោះ ព្រះមហាក្សត្រ ញាតិវង្សានុវង្ស និង​ចំពោះ​ប្រជាជាតិ​ខ្លួនឯង ។

ស​.​ស​.​ស​.​ក សូម​ទាញ​ការ​ចាប់អារម្មណ៍​ថា វិទ្យុ​បរទេស​ផ្សាយ​ជា​ខេមរៈភាសា ក៏​ដូច​ជា​សារព័ត៌មាន​នានា មិន​គួរ​ណា​បន្ត​ប្រើប្រាស់​សេរីភាព ដែល​បម្រើ​មនោគមន៍វិជ្ជា​អន់​ទាប ផ្សាយ​ប្រមាថ ញុះញង់ អុជអាល និង​បំបែកបំបាក់​សង្គម​ខ្លួនឯង​យ៉ាង​ដូច្នេះ​ទេ ដែល​ជា​ទ​ង្វើ​ខុសឆ្គង និង​គួរតែ​មាន​ភាព​ខ្មាស​អៀន ។ គេ​ក៏​មិន​គួរ​បន្ត​ប្រើប្រាស់​សេរីភាព​បែប​ឆ្កួត​លេលា ព្យាយាម​ញែក​ខ្មែរ​ឱ្យ​ស្អប់ខ្ពើម​គ្នា​គ្មាន​ទីបំផុត​នោះ​ឡើយ ហើយ​គួរតែ​មានការ​រលឹក​ដឹង​ជា​ប្រចាំ​ថា «​ភាសា​ប្រមាថ គឺជា​ចរិត​នៃ​ជន​បាត​សង្គម​» ។

ស​.​ស​.​ស​.​ក សូម​អំពាវនាវ​ដល់​សារព័ត៌មាន​ទាំងអស់ បន្ត​ប្រកាន់ខ្ជាប់​នូវ​ក្រមសីលធម៌​វិជ្ជាជីវៈ​សារព័ត៌មាន​ឱ្យ​បាន​ខ្ពស់ ដោយ​តម្កល់​នូវ​គោលការណ៍​គ្រឹះ​នៃ​ការ​ផ្សាយ ៤​យ៉ាង ដែល​ជា​គុណ​តម្លៃ​ដ៏​ពិសិដ្ឋ​របស់​សារព័ត៌មាន​គឺ​៖ «​ការ​ពិត សុចរិត​ភាព តុល្យភាព និង​ភាព​អាច​ផ្ទៀងផ្ទាត់​បាន​»​។

ស​.​ស​.​ស​.​ក ក៏​សូម​អំពាវនាវ​ដល់​សារព័ត៌មាន និង​អ្នក​និយម​ប្រើប្រាស់​បណ្តាញ​សង្គម សូម​ជៀសវាង​ឱ្យ​បាន​នូវ​ការ​ផ្សាយ​បែប​ប្រមាថ ញុះញង់ អុជអាល និង​បំបែកបំបាក់​សង្គម​ជាតិ ដែល​ជា​ការ​ខាតបង់​ធំធេង និង​សូម​លើកទឹកចិត្ត​ដល់​ទាំងអស់​គ្នា បន្ត​បំពេញ​តួនាទី​រួមចំណែក​ផ្សព្វផ្សាយ​ឱ្យ​សង្គម​បាន​យល់​ដឹង​ប្រកបដោយ​ការ​ពិចារណា​មាន​ហេតុ​និង​ផល​សម្រាប់​ជា​មូលដ្ឋាន​សម្រេចចិត្ត​ត្រឹមត្រូវ និង​ប្រកបដោយ​សេចក្តី​ថ្លៃថ្នូរ ។ សូម​សារព័ត៌មាន និង​អ្នក​និយម​ប្រើប្រាស់​បណ្តាញ​សង្គម បន្ត​ចូលរួម​បង្ក​បរិយាកាស​ឱ្យ​សង្គម​កម្ពុជា មានការ​ឯកភាព​គ្នា​ខាង​ទស្សនៈ និង​សាមគ្គី​ជាតិ​រឹង​មាំ ដើម្បី​កម្ពុជា​រួម​គ្នា​ចាប់​យក​ឱកាស​ថ្មី​ៗ បង្កើន​សក្តានុពល​កសាង​ប្រទេស​ជាតិ​យើង​ឱ្យ​កាន់តែ​រីក​ចម្រើន​បន្ថែម​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ