ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ លោកបណ្ឌិតកសិកម្ម យ៉ង សាំងកុមារ និងរដ្ឋមន្រ្តីក្រសួងកសិកម្ម បានជួបជាមួយសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ពិភាក្សាអស់រយ:ពេលប្រមាណ ២ម៉ោង។ ជាកិច្ចប្រជុំក្នុងកន្លែងធ្វើការរបស់សម្តេចតេជោ ហ៊ុន សែន ដែលលោកបណ្ឌិត យ៉ង សាំងកុមារ លើកឡើងថា បានធ្វើឡើង ក្នុងបរិយាកាសល្អអំពីស្ថានភាពកសិកម្ម ទុក្ខលំបាករបស់កសិករ ទស្សនវិស័យ និងវិធានការកែលម្អ ជាពិសេសផ្តោតលើវិស័យស្រូវអង្ករ និងវិស័យពាក់ព័ន្ធផ្សេងទៀត។
ក្រោយកិច្ចប្រជុំនេះ លោកបណ្ឌិត យ៉ង សាំងកុមារ បានប្រកាសតាមហ្វេសប៊ុកថា «ជាទូទៅយើងមានទស្សនវិស័យដូចគ្នា ទាក់ទងនឹងបញ្ហាប្រឈម និងដំណោះស្រាយក្នុងវិស័យកសិកម្មនៅកម្ពុជា ហើយយើងអាចធ្វើការជាមួយគ្នាបាន»។
នៅមុនផ្សព្វផ្សាយនូវដំណឹងខាងលើនេះ លោកបណ្ឌិត យ៉ង សាំងកុមារ ក៏បានបង្ហោះផ្សាយតាមហ្វេសប៊ុកផ្លូវការរបស់លោក នៅថ្ងៃទី២៨ ខែវិច្ឆិកានេះថា «គ្រួសារកសិករខ្មែរ ដែលភាគច្រើនបំផុត ជាកសិករ អ្នកធ្វើស្រែ កំពុងជួបការលំបាកជាច្រើន ដែលបញ្ហានេះ នាំមកនូវផលប៉ះពាល់អវិជ្ជមានដល់សង្គមជាតិយើងទាំងមូល។ យើងត្រូវការសហការគ្នា ដើម្បីចូលរួមដោះស្រាយបញ្ហាកសិករតាមគោលការណ៍ទុក្ខវេទនារបស់កសិករជាទុក្ខវេទនារបស់ជាតិទាំងមូល»។
លោកបណ្ឌិត យ៉ង សាំងកុមារ បានលើកឡើងនូវសំណើរបស់លោក ចំនួន ១២ចំណុច ដែលត្រូវពិភាក្សា និងទទួលឯកភាពជាផ្លូវការពីរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាផលិតកម្ម និងទីផ្សារស្រូវអង្ករ ដើម្បីលោក ចូលរួមជាមួយរដ្ឋាភិបាលធ្វើកិច្ចការនេះ។ ការអនុវត្តសំណើទាំង ១២ចំណុច ខាងក្រោមនេះ បានជោគជ័យ យើងអាចជួយដោះស្រាយបញ្ហាជូនគ្រួសារកសិករខ្មែរជាង ១លានគ្រួសារ បានល្អប្រសើរ។
លោកបណ្ឌិត យ៉ង សាំងកុមារ បន្ថែមថា សំណើរ សម្រាប់ការពិភាក្សា លើការរៀបចំឲ្យមានគម្រោង «សង្វាក់ផលិតកម្ម និងទីផ្សារស្រូវអង្ករកម្ពុជា» មានគោលបំណង ២សំខាន់៖ ១). កសិករមានសមត្ថភាពផលិតស្រូវ ដែលមានគុណភាពល្អ សម្រាប់ផ្គត់ផ្គង់ទីផ្សារ ជាមួយថ្លៃដើមទាប និងទទួលបានតម្លៃសមរម្យ និង២). រោងម៉ាស៊ីនកិនស្រូវ ទទួលបានស្រូវល្អ ក្នុងតម្លៃសមរម្យ សម្រាប់កែច្នៃលក់មកកាន់ទីផ្សារក្នុងស្រុក និងក្រៅប្រទេស។
អន្តរាគមន៍សំខាន់ៗ ទាំង ១២ចំណុច ដើម្បីជួយស្រោចស្រង់វិស័យស្រូវអង្ករ នៅកម្ពុជា ត្រូវបានលោកបណ្ឌិត យ៉ង សាំងកុមារ លើកឡើង ដូចខាងក្រោម៖ ១). ពង្រឹង និងពង្រីកការស្រាវជ្រាវផលិត និងផ្គត់ផ្គង់គ្រាប់ពូជស្រូវសុទ្ធល្អ ដល់កសិករ (ពូជដែលមានតម្រូវការខ្ពស់លើទីផ្សារ) ២). បណ្ដុះបណ្ដាល ណែនាំ និងផ្ដល់យោបល់ដល់កសិករ ជាពិសេសលើការប្រើប្រាស់ពូជ ធាតុចូល និងការគ្រប់គ្រងក្រោយពេលប្រមូលផល ៣). រៀបចំឲ្យមានប្រព័ន្ធគ្រប់គ្រងទិន្នន័យកសិករអ្នកផលិតស្រូវ ដោយធ្វើបច្ចុប្បន្នភាពរាល់រដូវ ៤). រៀបចំឲ្យមាន និងពង្រឹងសហគមន៍កសិករអ្នកផលិតនៅតាមភូមិ ឃុំ ដោយមានកន្លែងប្រមូលផ្ដុំ កន្លែងសម្ងួត និងឃ្លាំងស្តុកស្រូវ ៥). រៀបចំឲ្យមានប្រព័ន្ធទិន្នន័យរោងម៉ាស៊ីនស្រូវ ដោយសហការណ៍ជាមួយ CRF ៦). សម្របសម្រួលឲ្យមានការសហការណ៍ និងកិច្ចសន្យារវាងសហគមន៍កសិករ និងរោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុនជំនួញស្រូវអង្ករ ៧). កំណត់ស្តង់ដារ និងយន្តការត្រួតពិនិត្យ និងបញ្ជាក់គុណភាពស្រូវ និងការកំណត់តម្លៃអប្បបរមាស្រូវតាមប្រភេទពូជ (ពូជក្រអូបប្រណីត ពូជក្រអូបធម្មតា និងពូជស្រូវប្រាំងធម្មតា) ៨). ធ្វើការជាមួយធនាគារកសិកម្ម និងអភិវឌ្ឍន៍ជនបទ និងស្ថាប័នហិរញ្ញវត្ថុនានា ដើម្បីបង្កើនទុនដល់រោងម៉ាស៊ីន ក្រុមហ៊ុនជំនួញស្រូវអង្ករ និងសហគមន៍កសិករ ៩). រៀបចំឲ្យមានគណៈកម្មាធិការដឹកនាំគម្រោង (Project Steering Committee) នៅក្រោមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការចូលរួមពីតំណាងស្ថាប័នពាក់ព័ន្ធ ១០). នាយកដ្ឋានដំណាំស្រូវ នៃអគ្គនាយកដ្ឋានកសិកម្ម និងមន្ទីរកសិកម្មខេត្ត ទទួលខុសត្រូវលើការអនុវត្តគម្រោង ដោយមានមន្រ្តីកសិកម្ម ធ្វើការផ្ទាល់ជាមួយកសិករ និងអាជ្ញាធរមូលដ្ឋាន ១១). រៀបចំឲ្យមានប្រព័ន្ធត្រួតពិនិត្យ និងវាយតម្លៃគម្រោងដោយមានការចូលរួមពីភាគីពាក់ព័ន្ធ និង១២). ប្រើប្រាស់ថវិកាជាតិ និងថវិកាមកពីដៃគូអភិវឌ្ឍន៍នានា ដើម្បីអនុវត្តគម្រោងនេះ។
លោកបណ្ឌិត យ៉ង សាំងកុមារ បន្ថែមថា ក្រៅពីចំណុចទាំង ១២នេះ ក៏មានចំណុចពាក់ព័ន្ធសំខាន់ៗផ្សេងទៀត ដូចជា ធារាសាស្រ្ត គ្រឿងយន្តកសិកម្ម ជាដើម។
លោកបណ្ឌិត យ៉ង សាំងកុមារ បានបញ្ជាក់ថា យើងត្រូវការពេលយ៉ាងតិចបំផុត ៥ឆ្នាំ ដើម្បីអនុវត្តន៍ផែនការនេះបានទូទាំងប្រទេស។
តែយ៉ាងណាក៏ដោយ ក្នុងផែនការជួយដល់វិស័យស្រូវអង្ករខាងលើនេះ លោកបណ្ឌិត យ៉ង សាំងកុមារ មិនបានប្រកាសឱ្យដឹងពីគម្រោងចំណាយលើផែនការ ១២ចំណុចរបស់លោក នៅក្នុងរយៈពេល ៥ឆ្នាំនេះទេ។
ជាមួយគ្នានោះ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រោយជួបលោកបណ្ឌិត យ៉ង សាំងកុមារ កាលពីព្រឹកថ្ងៃទី២៨ ខែវិច្ឆិកានេះ សម្តេចសរសេរបង្ហោះសារ និងរូបថតប៉ុន្មានសន្លឹកថា «ទើបជួបពិភាក្សាជាមួយរដ្ឋមន្ត្រីកសិកម្ម ឌិត ទីណា និងបណ្ឌិតយ៉ង សាំងកុមារ ព្រមទាំងលោក ឡឹក សុធា លើការងារកសិកម្ម ដែលលោកទាំងពីរនាក់ ទើបមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា»។
យ៉ាងណាក៏ដោយ សម្តេចតេជោ ហ៊ុន សែន មិនទាន់ប្រកាសតែងតាំងលោកបណ្ឌិត យ៉ង សាំងកុមារ និងលោក ឡឹក សុធា ឱ្យកាន់ការងារអ្វីនៅឡើយដែរ។
លោកបណ្ឌិត យ៉ង សាំងកុមារ ប្រធានគណៈកម្មាធិការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន(គបម) និងលោក ឡឹក សុធា អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានសរសេរលិខិតដាច់ដោយឡែកពីគ្នា កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ ស្នើសុំសម្តេចតេជោ ចូលរួមរស់ក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីចូលរួមដោះស្រាយបញ្ហាស្រូវអង្ករនៅកម្ពុជា។
លោកបណ្ឌិត យ៉ង សាំងកុមារ មានអាយុ ៥៦ឆ្នាំ នៅឆ្នាំនេះ។ លោកបានបញ្ចប់ការសិក្សាផ្នែកបណ្ឌិតកសិកម្ម ពីប្រទេសអាល្លឺម៉ង់ កាលពីឆ្នាំ១៩៩៥។ លោកបានបង្រៀននៅសាលាកសិកម្ម ចំការដូង អស់ពេល ៨ឆ្នាំ ចាប់ពីឆ្នាំ១៩៩៥ មុនលោកបង្កើត និងដឹកនាំអង្គការកសិកម្ម សេដាក អស់រយៈពេល ១៨ឆ្នាំ គិតត្រឹមឆ្នាំ២០១៥។
លោកបណ្ឌិត យ៉ង សាំងកុមារ ជាមិត្តភក្តិជិតស្និទ្ធជាមួយលោកបណ្ឌិត កែម ឡី ដែលត្រូវឃាតក បាញ់សម្លាប់ នៅម៉ាត ក្នុងការ៉ាស់សាំងកាល់តិច ស្តុបបូកគោ ក្នុងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។ លោកបណ្ឌិត យ៉ង សាំងកុមារ បានធ្វើនយោបាយ នៅក្នុងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដែលមានលោក យ៉េង វីរៈ ជាប្រធាន អស់ពេល ៧ឆ្នាំ រហូតដល់ពេលលោក សរសេរលិខិតស្នើសុំចូលរួមជីវភាពនយោបាយ ក្នុងគណបក្សប្រជាជនកម្ពុជា ចាប់ពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះតទៅ៕



ចែករំលែកព័តមាននេះ